សមាគមបាល់ទាត់អង់គ្លេស (FA) បានសម្រេចពិន័យលោក Jurgen Klopp គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool ពីបទប្រើសម្តីមិនសមរម្យទៅលើអាជ្ញាកណ្តាល លោក Kevin Friend ក្នុងអំឡុងពេលប្រកួតជាមួយក្លឹប West Ham កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រោយការប្រកួតគ្រូបង្វឹកក្លឹប Liverpool បានឲ្យដឹងថា បាននិយាយថា ក្នុងនាមជាមនុស្ស ប្រសិនបើខ្ញុំដឹងថា ខ្ញុំមានកំហុសនៅពាក់កណ្តាលតង់ទីមួយ ខ្ញុំនឹងមិនធ្វើវាបន្តទៀតទេ។
លោកបានបន្តទៀតថា អាជ្ញាកណ្តាលក៏ជាមនុស្សដែរ ហើយខ្ញុំយល់ពីបញ្ហានោះ ប៉ុន្តែក្នុងអំឡុងពេលប្រកួតខ្ញុំមិនបានមើលឃើញថា បាល់នោះ Offside នោះទេ។
សមាគមបាល់ទាត់អង់គ្លេស បានអះអាងថា លោក Klopp ត្រូវបានចោទប្រកាន់ពីបទប្រើពាក្យសំដីមិនសមរម្យ សួរសំណួរទៅលោកអាជ្ញាកណ្តាល ដែលខុសនឹងក្រមសីលធម៌របស់ FA តាមមាត្រាទី៣។
លោក Klopp នៅមានឱកាសប្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងការចោទប្រកាន់នេះ រហូតទៅដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ប្រសិនបើរកឃើញថា មានកំហុសលោកនឹងត្រូវជាប់បម្រាមមួយប្រកួត ពេលក្លឹបរបស់លោកធ្វើដំណើរទៅពហុកីឡដ្ឋាន Old Trafford នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ។
ក្លឹប Liverpool បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងមាន៦៥ពិន្ទុ ស្មើក្រុមលេខ១ Man City តែនៅសល់មួយប្រកួតក្នុងដៃ៕