Wednesday, May 8, 2024
Homeបរិយាយអ្នកដាំ​ខ្ទឹម មិន​ធុំ​ក្លិន​ខ្ទឹម

អ្នកដាំ​ខ្ទឹម មិន​ធុំ​ក្លិន​ខ្ទឹម

សុភាសិតបារាំង ១ឃ្លា ចែងថា “អ្នកដាំខ្ទឹម មិនធុំក្លិនខ្ទឹម” (Qui cultive les oignons n’en sent pas l’odeur) មានអត្ថន័យប្រៀបធៀបធម្មជាតិទៅនឹងសកម្មភាពរបស់មនុស្សសាហាវយង់ឃ្នង ដែលបានសាងឧក្រិដ្ឋកម្ម ប៉ុន្តែ រកមុខ ជនទុច្ចរិតនោះមិនឃើញ សំដៅដល់ “និទ្ទណ្ឌភាព” នេះឯង។ ករណីឃាតកម្មលោកបណ្ឌិតកែម ឡី ក៏មានលក្ខណៈបែបនេះ ដែរ ច្បាស់ជាមានការចោទប្រកាន់លាបពណ៌គ្នាមិនខានឡើយ ក្រោយពេលចប់ពិធីបុណ្យបញ្ចុះសព ដែល “នគរធំ” សូម លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ខ្ទឹម” ជាប្រទាលមួយប្រភេទ មើលពីចម្ងាយស្រដៀងស្មៅ ប្រើជាគ្រឿងអាហារ ឬផ្សំជាថ្នាំកែរោគបាន ដូចជាខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមខ្យល់ ខ្ទឹមបារាំង ជាដើម។ រាល់ខ្ទឹមគ្រប់ប្រភេទ សុទ្ធតែមានជាតិហាងប្រហាតឆួលច្រមុះ បើចំហាយរបស់ វាទៅប៉ះភ្នែក នឹងក្រហាយចេញទឹកភ្នែកមិនខាន។ កសិករតែងដាំខ្ទឹម ទុកជាគ្រឿងផ្សំអាហារស្ទើរតែគ្រប់ផ្ទះ ខ្លះទៀត ក៏ ដាំជាទ្រង់ទ្រាយធំ សម្រាប់ផ្គត់ផ្គង់ទីផ្សារតែម្តង។ ធម្មតាអ្នកដាំខ្ទឹម មិនធុំក្លិនខ្ទឹមអ្វីទេ ព្រោះកាលណាដាំរួច គេទៅងូតទឹក ដុសសាប៊ូស្អាត ផ្ទុយទៅវិញ អ្នកបរិភោគខ្ទឹម ឬអ្នកដឹកខ្ទឹមទៅលក់ ច្បាស់ជាមានក្លិនខ្ទឹមជាប់ដៃមិនខានឡើយ។

យ៉ាងណាមិញ ទោះបីជាសមត្ថកិច្ចរាជរដ្ឋាភិបាល ចាប់បានខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោកបណ្ឌិតកែម ឡី បញ្ជូន ទៅតុលាការ និងយកទៅឃុំឃាំងនៅពន្ធនាគារព្រៃស រួចទៅហើយក្តី ក៏អង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចជាអ្នកគាំទ្រ បក្សប្រឆាំង ព្រមទាំងអន្តរជាតិខ្លះបានស្នើយ៉ាងទទូច “ឱ្យចាប់ឃាតករពិតប្រាកដ និងអ្នកនៅពីក្រោយមកផ្ទន្ទាទោសតាម ច្បាប់”។ បានន័យថា អង្គការសង្គមស៊ីវិល អ្នកគាំទ្របក្សប្រឆាំង និងអន្តរជាតិខ្លះនោះ មិនជឿសមត្ថកិច្ច ដោយចាត់ទុកជន សង្ស័យម្នាក់នោះ ជាឃាតករសិប្បនិម្មិត និងទាមទារឱ្យវែកមុខអ្នកនៅពីក្រោយឃាតកម្មនោះ។

“នគរធំ” ពុំមែនជាអ្នកស៊ើបអង្កេតនោះទេ ប៉ុន្តែ ក៏មានទស្សនៈថា លុះត្រាតែសមត្ថកិច្ចបង្ហាញភ័ស្តុតាងច្បាស់លាស់ ទើបសាធារណជនជឿជាក់ អស់មន្ទិលសង្ស័យ ពុំមែនគ្រាន់តែចាប់បានជនសង្ស័យវាយឈាមក្បាល ហើយស្តាប់តាមចម្លើយ ជនសង្ស័យ ចាត់ទុកថា បានការនោះទេ។ គួរកុំភ្លេចថា ជួនកាល ករណី “មនុស្សសរសៃប្រសាទ” ចេះតែឆ្លើយយករួចខ្លួន ក៏មាន ហើយជួនកាលទៀត ក៏មានករណី “ស៊ីឈ្នួលសម្លាប់” ផងដែរ ដែលយើងសូមលើកឧទាហរណ៍ ដូចខាងក្រោម ៖

នៅក្នុងប្រជុំរឿងព្រេងខ្មែរ រឿង “ចោរចិត្តជា” បានតំណាលពីមន្ត្រីតូចម្នាក់ មានគំនុំជាមួយឧកញ៉ាយមរាជ ក៏គិត សម្លាប់សេនាបតីក្រសួងយុត្តិធម៌ នោះឱ្យបាន។ មន្ត្រីតូចនោះ មានស្រីបម្រើជំនិតម្នាក់ ជាទីទុកចិត្ត ក៏ហៅមកប្រាប់ឱ្យនាង នោះ ប្លមខ្លួនចូលទៅបម្រើយមរាជ ដើម្បីរកស្នៀតធ្វើឃាតមន្ត្រីធំនោះឱ្យបាន ដោយប្រាប់ល្បិចថា កាលណាយមរាជដេក- លក់ ឱ្យនាងនោះដុតភ្លើងរំលាយសំណឱ្យពុះក្តៅ ហើយយកទៅចាក់ក្នុងមាត់យមរាជកំពុងដេកនោះ គង់តែស្លាប់មិនខាន។ យប់នោះ ចោរចិត្តជា បានចូលទៅលួចទ្រព្យសម្បត្តិក្រោមផ្ទះមន្ត្រីតូចនោះ បានស្តាប់ឮការសន្ទនានេះគ្មានសល់ លុះរំលង មិនបានប៉ុន្មានថ្ងៃ ក៏ល្បីថា លោកយមរាជស្លាប់ដោយគ្មានជំងឺអ្វីសោះ គ្រាន់តែរលាកមាត់ប៉ុណ្ណោះ។ ព្រះមហាក្សត្រ ក៏ត្រាស់ បង្គាប់ថា បើអ្នកឯណារកឃាតករសម្លាប់យមរាជឃើញ ព្រះអង្គនឹងតែងតាំងជាយមរាជ។ ថ្លែងពីចៅហ្វាយស្រុក ដែលជា មិត្តរបស់ចោរចិត្តជា ចង់ធ្វើយមរាជខ្លាំងណាស់ ក៏ទៅសួរចោរចិត្តជា ក្រែងរកមុខឃាតករនោះឃើញ ស្រាប់តែចោរនោះ ប្រាប់គ្មានសល់ពីរឿងមន្ត្រីតូច ជួលស្រីបម្រើឱ្យប្លមខ្លួនទៅនៅជាមួយួគ្រួសារយមរាជ រួចស្លសំណចាក់ចូលក្នុងមាត់ ពេលយម រាជសម្រាន្តលក់។ ចៅហ្វាយស្រុកបានដឹង ក៏យករឿងនេះទៅទូលស្តេច ទើបស្តេចត្រាស់បង្គាប់ឱ្យគាស់ផ្នូរ យកសពយមរាជ មកវះពោះ មើលក៏ឃើញដុំសំណនៅក្នុងក្រពះសពពិតមែន ក៏ចាប់មន្ត្រីទុច្ចរិត និងស្រីបម្រើនោះមកផ្តន្ទាទោស និងតែងតាំង ចៅហ្វាយស្រុក ឱ្យឡើងជាយមរាជ៘

រឿងនេះចង់បង្ហាញថា បើគ្មានភ័ស្តុតាងជាក់ស្តែង គេមិនជឿទេ ហើយបើត្រឹមតែជឿលើការឆ្លើយដាក់គ្នា ឬជនសង្ស័យ សារភាពនោះ ក៏រកភាពប្រាកដនិយមមិនឃើញដែរ។ ការឆ្លើយដាក់គ្នាជាប្រព័ន្ធ ធ្វើឱ្យការស៊ើបអង្កេតកាន់តែស្មុគស្មាញទ្វេ ឡើង ពោលគឺឃាតករពិតរួចខ្លួនទទេ ទៅចាប់បានឯមនុស្សស្លូតត្រង់ទៅវិញ។ ឧទាហរណ៍ ដូចរឿង “ពានរលួចព្រះមកុដ” ដែលតំណាលពីព្រះមហាក្សត្រមួយព្រះអង្គ បានយាងទៅប្រពាតព្រៃ ក៏ដោះព្រះមកុដ ឱ្យស្រីស្នំម្នាក់ថែរក្សា រួចព្រះអង្គ ចេញទៅបរបាញ់ជាមួយសេនារេហ៍ពល។ ពេលស្រីស្នំនោះដេកលក់ ក៏មានអាស្វាកំហូចមួយក្បាល ចុះមកលួចព្រះមកុដ យកទៅពាក់រាំបង្អួតគ្នាវាលើដើមឈើ បន្ទាប់មកវាក៏យកទៅលាក់ក្នុងព្រង់ដើមឈើ។ វេលាល្ងាចស្តេចវិលមកដល់ព្រះពន្លា ដឹងថាបាត់ព្រះមកុដ ក៏ត្រាស់បង្គាប់សេនាឱ្យដើររកពេញព្រៃ ក៏ប្រទះឃើញព្រានព្រៃម្នាក់ កាន់ស្នាដើររកបាញ់សត្វ ក៏ចាប់ ចង យកទៅឱ្យចៅក្រមជំនុំជម្រះ។ ចៅក្រមនោះក៏ប្រើកូនចៅឱ្យគាបសួរចម្លើយ ឯព្រានព្រៃនោះឈឺពេកក៏ឆ្លើយថា ពិតជាបានលួចព្រះមកុដនោះមែន ព្រោះមហាសេដ្ឋីប្រើឱ្យលួច។ ចៅក្រម ក៏ឱ្យចាប់មហាសេដ្ឋីមកគាបសួរចម្លើយទៀត ឯមហា សេដ្ឋីឈឺទ្រាំមិនបាន ក៏ឆ្លើយថា គាត់បានយកព្រះមកុដនោះទៅឱ្យបុរោហិតទៅហើយ ព្រោះបុរោហិតចង់ជ្រែករាជ្យ។ ចៅក្រម ក៏ឱ្យចាប់តាបុរោហិតមកគាបស្ទើរលៀនភ្នែក ក៏ឆ្លើយថា គាត់បានយកព្រះមកុដនោះទៅទុកក្នុងព្រៃឧទ្យានទៅ ហើយ។ ស្តេចត្រាស់បង្គាប់ឱ្យទៅរកឯព្រៃ តែរកមិនឃើញ ក៏ឱ្យគាបជនសង្ស័យស្ទើរនឹងស្លាប់ ប៉ុន្តែ អាយុមិនអស់ ដោយ មានអន្តរាគមន៍ពីព្រះពលទេពសេនាបតី។ មន្ត្រីក្រសួងកសិកម្មនោះជាអ្នកមានប្រាជ្ញា បានធានាជួយស្រាវជ្រាវចាប់ចោរពិតៗ ឱ្យទាល់តែបាន ដោយក្រាបបង្គំទូលស្តេចឱ្យធ្វើជាចេញប្រពាតព្រៃ ដោះមកុដឱ្យស្រីស្នំរក្សាដូចមុន រួចស្តេចក៏ចេញទៅបរបាញ់។ ស្រីស្នំនោះធ្វើជាដេកលក់តាមបង្គាប់សេនាបតី ស្រាប់តែលេចអាស្វាកំហូចដដែលនោះ ចុះពីលើចុងឈើ មកលួច ព្រះមកុដ ទៅពាក់រាំបង្អួតគ្នាវាដូចមុន។ ស្រីនោះក៏ស្រែកផ្អើលគេឯង នាំគ្នាដេញតាមស្វា ក៏រកឃើញព្រះមកុដទាំងចាស់ ទាំងថ្មី នៅក្នុងព្រង់ឈើ យកមកថ្វាយព្រះមហាក្សត្រវិញ ប៉ុន្តែ គ្មានអ្នកណាអាចចាប់អាស្វានោះបានទេ ព្រោះវាព្រយុងមែក ឈើរត់លឿនណាស់។

ដូច្នេះ យើងឃើញថា ការលាបពណ៌គ្នា ឆ្លើយដាក់គ្នា ឬក៏ស្តាប់តាមចម្លើយសារភាពរបស់ជនសង្ស័យ អាចនឹងដើរជាន់ រឿង “ពានរលួចព្រះមកុដ” និងរឿង “ចោរចិត្តជា” ក៏អាចថាបាន។ ព្រោះតែហេតុនេះហើយ ទើបមានសុភាសិតថា “អ្នកដាំ ខ្ទឹម មិនធុំក្លិនខ្ទឹម” នេះឯង មានន័យថា ជួនកាលឃាតករពិត រត់រួចដូចស្វាកំហូច ព្រោះវាពូកែព្រយុងមែកឈើ។ អ្នកដាំ ខ្ទឹម បើងូតទឹកដុសសាប៊ូស្អាត អត់ធុំក្លិនអ្វីទេ ប៉ុន្តែ អ្នកកាន់ខ្ទឹម ឬបរិភោគខ្ទឹមច្បាស់ជាជាប់ក្លិនខ្ទឹមមិនខាន។

សរុបទៅ “អ្នកដាំខ្ទឹម មិនធុំក្លិនខ្ទឹម” គ្រាន់តែជាការបកស្រាយសុភាសិតប៉ុណ្ណោះ ប៉ុន្តែ យើងមានជំនឿថា សមត្ថកិច្ច រាជរដ្ឋាភិបាល នឹងបង្ហាញភ័ស្តុតាងច្បាស់លាស់ពីករណីឃាតកម្មបណ្ឌិតកែម ឡី មិនខាន។ ករណីអង្គការសង្គមស៊ីវិល អ្នកគាំទ្រ បក្សប្រឆាំង ក៏ដូចជាអន្តរជាតិខ្លះ ទាមទារឱ្យរដ្ឋាភិបាល ចាប់ឃាតករពិត និងអ្នកសមគំនិតមកផ្តន្ទាទោសនោះ គឺមកពី ការសារភាពរបស់ឃាតករឈ្មោះជួប សម្លាប់ ឆ្លើយមិនសូវសម។ ហេតុនេះដើម្បីបញ្ចៀសការលាបពណ៌គ្នា យកខ្មែរដូចគ្នា ជាសត្រូវ លុះត្រាតែមានទឡ្ហីករណ៍ ឬភ័ស្តុតាងច្បាស់លាស់បំផុត ដើម្បីចៀសវាងដើរជាន់សុភាសិត “អ្នកដាំខ្ទឹម មិនធុំក្លិនខ្ទឹម” ដែលជាគុណវិបត្តិមួយឈានទៅបាត់បង់ឯកភាពជាតិ និងដើម្បីបញ្ចប់ឱ្យបាននូវ “និទ្ទណ្ឌភាព”

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES