Wednesday, April 24, 2024
Homeសេដ្ឋកិច្ចជាតិណែម​បាត់ដំ​បង​ខូច​ឈ្មោះ ក្រោយ​រក​ឃើញ​សារ​ជាតិ​គីមី

ណែម​បាត់ដំ​បង​ខូច​ឈ្មោះ ក្រោយ​រក​ឃើញ​សារ​ជាតិ​គីមី

សកម្មភាពចុះត្រួតពិនិត្យណែមបាត់ដំបងដែលបានដាក់លក់ក្នុងខេត្ត និងតាមបណ្ដោយផ្លូវជាតិលេខ៥ហើយបានរកឃើញសារជាតិគីមី ដែលអាចបង្កអោយរាគក្អួតឈឺក្បាល និងឈានដល់ស្លាប់នោះ កំពុងធ្វើអោយអ្នកនិយមទទួលទាន និងពេញនិយមណែមខេត្តបាត់ដំបងបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង។ ផលិតផលនេះក៏ទំនងនឹងប៉ះពាល់ទីផ្សារ ហើយរុញអោយប្រជាពលរដ្ឋលែងចង់ទទួលទានដែលមិនខុសពីសម្លាប់ឆ្នាំងបាយរបស់អ្នកស្រុក និងអ្នកលក់ដូរខ្លួនឯងនោះផង។

3

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីមន្ត្រីកាំកុងត្រូលស្រាប់រកឃើញថាភាគច្រើននៃណែមដែលបានផលិតចេញពីសិប្បកម្មផលិតណែមសាច់ត្រីនៅខេត្តបាត់ដំបង មានជាតិគីមីម្យ៉ាងឈ្មោះបូរ៉ាក់ ដែលមានឥទ្ធិពលខ្លាំងក្លា ក្រោយពេលទទួលទាន។ សារជាតិនេះ ក្រៅពីប្រតិកម្មជាមួយសរីរាង្គភ្លាមៗ វាក៏បណ្ដាលអោយអ្នកនិយមទទួលទានកើតជំងឺផ្សេងៗនៅថ្ងៃខាងមុខផងដែរ។ ណែម និងប្រហិតដែលផលិតពីសាច់ត្រីប្រមាណជិត២តោន ត្រូវបានរកឃើញសារជាតិនេះ ដែលរុញអោយមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង បន្តដុតដៃដុតជើងកាន់តែខ្លាំងក្នុងការចុះបង្រ្កាប និងឆែកឆេរនៅគ្រប់សិប្បកម្ម និងកន្លែងលក់ដូរនៅតាមបណ្ដោយផ្លូវជាតិលេខ៥ និងទូទាំងខេត្តទាំងមូល។ ក្នុងនោះណែមសាច់ត្រី ដែលបាននាំចេញពីខេត្តបាត់ដំបង និងធ្វើការដាក់លក់នៅកន្លែងផ្សេងទៀត ក៏នឹងត្រូវត្រួតពិនិត្យផងដែរ។ តំបន់ដែលផលិតណែមស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ និងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ និងខេត្តបាត់ដំបង គឺជាទីតាំងដែលមានត្រូវបានរកឃើញនូវបញ្ហានេះច្រើនជាងគេ។ប្រតិបត្តិការនៃការបង្ក្រាបណែម និងប្រហិតលាយផ្សំបូរ៉ាក់មន្ត្រីជំនាញបានធ្វើឡើងរយៈពេល២ថ្ងៃកាលពីថ្ងៃទី២៨និង២៩ខែកក្កដាឆ្នាំ២០១៦បន្ទាប់ពីបានសង្ស័យថាផលិតផលណែមទាំងនោះ មានសារជាតិពុល ធ្វើអោយអ្នកទទួលទានខ្លះត្រូវដឹកបញ្ជូនទៅពេទ្យក្រោយការទទួលទាន។ នេះជាការប៉ះពាល់ដ៏ធំមួយ ដែលបញ្ហានេះមិនមែនដោយសារតែមានអ្នកណាចង់បំបាក់ប្រជាប្រិយភាពរបស់ណែមនៅបាត់ដំបងនោះទេ ប៉ុន្តែមកពីអ្នកផលិតខ្លួនឯងមិនហ៊ានទិញត្រីធម្មជាតិ ឬត្រីចិញ្ចឹមក្នុងស្រុកយកមកផលិតដូចមុន បែរជាទិញត្រីដែលបាននាំចូលមកពី ប្រទេសវៀតណាម ដើម្បីអោយការផលិតមានភាពចំណេញ ដោយមិនគិតពីផលប៉ះពាល់។

1

យោងតាមការប្រកាស សារធាតុគីមីបូរ៉ាក់ដែលត្រូវបានគេដាក់នៅក្នុងសាច់ត្រីរបស់វៀតណាម មុនបញ្ជូនមកលក់នៅស្រុកខ្មែរនោះ បង្កផលប៉ះពាល់ដូចជា ថ្លើម បេះដូង ពោះវៀន ក្រពះ និងក្រលៀនជាដើម។ មិនតែប៉ុណ្ណោះបើសារធាតុនេះ ត្រូវបានដាក់ក្នុងកម្រិតធ្ងន់ ឬសរីរាង្គរបស់អ្នកទទួលទានមានប្រតិកម្មភ្លាមៗជាមួយជាតិគីមីនេះ គឺអាចបណ្ដាលអោយអ្នកទទួលទានស្លាប់ព្រោះតែពុលតែម្ដង។ មកទល់ពេលនេះ មានការបញ្ជាក់ថាមន្ត្រីជំនាញបន្តចុះទៅត្រួតពិតន្យសិប្បកម្មផលិតណែមនិងប្រហិត នៅចំណុចផ្សេងៗទៀតដូចជាភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ហើយក៏បានឃើញសារធាតុគីមីបូរ៉ាក់ដូចគ្នាផងដែរ ដោយសារតែក្រុមអ្នកផលិតភាគច្រើនគឺបានទទួលទិញសាច់ត្រីនាំ ចូលមកពី ប្រទេសវៀតណាម ដែលមានតម្លៃថោក ហើយត្រូវបានគេអះអាងថាអាចយកមកផលិតណែមមានរសជាតិឆ្ងាញ់ដូចគ្នានឹងសាច់ត្រីនៅកម្ពុជា។ ប្រហិតនិងណែមខាងលើ ត្រូវបានមន្ត្រីជំនាញដុតកំទេចចោលនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅស្រុកឯកភ្នំ ប៉ុន្តែផ្អែកតាមស្ថានភាពដែលបានប្រកាសឡើងកំពុងធ្វើអោយអ្នកនិយមទទួលទាន និងគាំទ្រណែមបាត់ដំបងស្ទើរមួយប្រទេសគ្រវីក្បាល និងលែងមានជំនឿចិត្តលើអ្នកផលិតណែមនៅក្នុងខេត្តនេះតទៅទៀត បើទោះជាណែមបាត់ដំបងត្រូវបានទទួលស្គាល់ថាឆ្ងាញ់ និងមានទីផ្សារខ្លាំង។

ប្រភពពី អ្នកធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង ត្រង់បណ្ដោយផ្លូវជាតិលេខ៥ បានអះអាងថាទិដ្ឋភាពលក់ណែមរយីងរយោងដែលធ្លាប់ឃើញមាន បានក្លាយជាសភាពស្ងប់ស្ងាត់ ហើយអ្នកដំណើរក៏ចាប់ផ្ដើមលែងទុកចិត្តនូវផលិតផលផ្អក និងផលិតផលរបស់សិប្បកម្មអ្នកស្រុកនេះដូចមុនទៀតដែរ បន្ទាប់ពីរកឃើញណែមដ៏ល្បីបែរជាមានជាតិបូរ៉ាក់ប៉ះពាល់សុខភាពដ៏ធ្ងន់ធ្ងរ។
អ្នកស្រី ស៊ុន នាងជាអាជីវករលក់ណែមនៅខេត្តបាត់ដំបង បានប្រាប់តាមទូរស័ព្ទថា ក្រោយពីរកឃើញថាសាច់ត្រីដែលបាននាំចូលប្រទេសវៀតណាមមានសារជាតិបូរ៉ាក់ មិនត្រឹមតែអ្នកភ្ញៀវ និងអ្នកក្នុងស្រុកដែលជាអ្នកនិយមទទួលទានប៉ុណ្ណោះទេ ដែលលែងហ៊ានទទួលទានណែម គឺសូម្បីតែអ្នកលក់ខ្លួនឯងក៏ចាប់ផ្ដើមភ័យដែរ។ អ្នកស្រីបន្ទោសថានេះ  មិនមែនជាកំហុសរបស់អ្នកផលិតនោះទេ ប៉ុន្តែគឺជាកំហុសដែលមន្ត្រីកាំកុងត្រូល និងស្ថាប័នពាក់ព័ន្ធដែលបណ្ដោយអោយវៀតណាមនាំចូលសាច់ត្រីមិនមានគុណភាពទាំងនោះ យកមកលក់នៅក្នុងប្រទេស ដែលនាំអោយមានបញ្ហាប៉ះពាល់ដល់ផលិតផលណែមរបស់ខេត្ត។ អ្នកស្រីនិយាយថា«រឿងប៉ះពាល់វាប៉ះពាល់ហើយ ប៉ុន្តែបើគេមិនអោយចូល(សាច់ត្រីនាំចូល) តើយើងណាទៅទិញកើត ដល់ចឹងមានអ្នកណាចង់ញាំណែមបាត់ដំបងទៀត បើឮតែចឹងនឹង ដល់ចឹងគឺប៉ះពាល់ជីវភាពអ្នកស្រុកធ្ងន់ណាស់!»។

2

មិនខុសគ្នាដែរមហាជនផ្សេងទៀតក៏បានបង្ហោះនៅលើហ្វេសប៊ុកថា បញ្ហាណែមបាត់ដំបងមានជាតិបូរ៉ាក់ មិនមែនកំហុសរបស់ពលរដ្ឋតែម្យ៉ាងនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺអាជ្ញាធរមិនមានការត្រួតពិនិត្យសង្វាក់ផលិតកម្មជាមុន និងបណ្ដាលមកពីការបណ្ដោយអោយទំនិញមិនមានគុណភាពចូលលក់ស្រេចនឹងចិត្តនៅក្នងទីផ្សារកម្ពុជានោះតែម្ដង។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការរិះគន់នេះ គេមិនទាន់ឃើញមន្ត្រីជាន់ខ្ពស់ណាមួយដាក់ចេញវិធានការអោយត្រួតពិនិត្យអោយបានម៉ត់ចត់រាល់ទំនិញដែលបានដាក់លក់នៅ លើទីផ្សារ និងទំនិញដែលបាននាំចូលមកពីប្រទេសជិតខាងទាំងនោះទេ ទើបទំនិញដែលបានដាក់លក់នៅក្នុងប្រទេសកម្ពុជាត្រូវបានរកឃើញថាមានគីមីគ្រប់ពេលចុះឆែក៕

ដោយ ៖ ប៉េង លី

RELATED ARTICLES