Friday, April 26, 2024
Homeសេដ្ឋកិច្ចជាតិ​​អ្នក​ជំនាញ​​ព្រ​មាន​​ពី​ការ​​ទិញ​ដី​​ពុះ​ឡូតិ៍

​​អ្នក​ជំនាញ​​ព្រ​មាន​​ពី​ការ​​ទិញ​ដី​​ពុះ​ឡូតិ៍

ចាប់តាំងពីក្រោយពីការបោះឆ្នោតអណ្ណត្តិទី៥ត្រូវបញ្ចប់ក្នុងឆ្នាំ២០១៣ គេកត់សម្គាល់ថាទីផ្សារអចលនទ្រព្យមាកការឈានឡើង។  ក្នុងនោះតម្លៃផ្ទះសម្បែង និងដីធ្លីផ្សេងក៏បានឡើងថ្លៃផងដែរ។ អ៊ីចឹងហើយទើបដីស្រែតូចធំត្រូវគេទិញពុះឡូតិ៍ដាក់លក់គគ្រឹកគគ្រេង ដែលបណ្ដាលអោយអ្នកជំនាញធ្វើការព្រមានពីផលប៉ះពាល់។

a1

លោក វ៉ន ចាន់ថន នាយកប្រតិបត្ដិក្រុមហ៊ុនថោន ស៊ីធី រៀលអេស្ទេត ខូអិលធីឌី បានលើកឡើងថា សកម្មភាពពុះដីឡូត៍លក់ មិនមែនជារឿងអាក្រក់នោះទេ ដោយសារតែចលនានេះគឺបានបង្ហាញថាទីផ្សារដីធ្លីមានការកំរើកឡើង។ ក្នុងនោះសូម្បីតែដីលិចទឹក និងដីឆ្ងាយក្រុងក៏ត្រូវគេចាក់ដីបំពេញសង់ផ្លូវ និងដាក់លូ ដើម្បីដាក់លក់ដែលរុញអោយស្ថានភាពដីធ្លីមានការចាប់អារម្មណ៍ពីសំណាក់អ្នកមានតម្រូវការដីធ្លី។ តំបន់មួយចំនួនដូចជាប៉ែកខាងលិចឆៀងខាងត្បូងក្នុងខណ្ឌដង្កោ និងបែកខាងលិចឆៀងខាងជើងក្នុងខណ្ឌពោធិសែនជ័យ លោកថាចលនាពុះដីដាក់លក់សន្ទុះដូចបាយពុះតែម្ដង។ លោកថាការពុះដីដាក់លក់ គឺជាស្រូបទាញអ្នកមានប្រាក់ចំណូលមធ្យម និងតិចតួចអោយមានលទ្ធភាពទិញបាន ប៉ុន្តែក៏ជាហានិភ័យខ្លាំងដែរនៅពេលស្ថានភាពដាក់លក់ដីធ្លីមានកំណើនកាន់តែច្រើន ហើយប្រវតិ្តដីនោះក៏មិនមានការបញ្ជាក់ច្បាស់លាស់។ លោកថាជំនួញដីធ្លី រមែងមានចំណុចល្អ និងចំណុចអាក្រក់ ប៉ុន្តែបើទិញដីឡូតិ៍ពុះលក់ដោយមិនបានប្រុងទុកជាមុន នោះបញ្ហាកប់ប្រាក់ចោល ឬហានិភ័យនឹងងាយកើតឡើង ជាពិសេសសម្រាប់ដីធ្លីដែលគ្រាន់តែមានការបំផុសថានឹងមានការអភិវឌ្ឍន៍ជាតំបន់នេះជាតំបន់នោះ តែចុងក្រោយគឺជាគម្រោងខ្យល់នោះ។ លោកថាអ្នកទិញដីឡូតិ៍ពុះលក់រមែងមិនសូវចាប់អារម្មណ៍រឿងទារប្លង់រឹងនោះទេ ដែលនេះជាគឺជាហានិភ័យដ៏ធំ ប្រសិនបើក្រុមអ្នកពុះដីលក់ខ្វះភាពស្មោះត្រង់។ លោកថាទារហណ៍ថា បើដីធំមួយមានប្លង់រឹងត្រឹមត្រូវ ហើយម្ចាស់ដីយកទៅពុះបំបែកជាំឡូតិ៍តូចៗដោយមិនបានផ្ទេរសិទ្ធិប្លង់រឹងអោយអ្នកទិញ នោះហានិភ័យនឹងអាចកើតឡើងដោយសារតែដីរបស់អ្នកទិញបានត្រឹមទទួលស្គាល់ត្រឹមអាជ្ញាធរថ្នាក់មូលដ្ឋាន ហើយខ្លះមិនបានដល់កម្រិតណឹងផង តែម្ចាស់ដីដែលមានប្លង់រឹងគ្របពីលើគេមានសិទ្ធិយកប្លង់របស់គេទៅប្រើការបានយ៉ាងស្របច្បាប់ ដូចជាដាក់បញ្ចំា ឬធ្វើអ្វីច្រើនទៀត។ លោកថាអ្នកទិញដីឡូតិ៍ពុះលក់ នឹងអាចគ្មានសុវត្ថិភាពបើដីដែលបានផ្ទេរសិទ្ធិទាំងនោះមិនបានចុះបញ្ជីត្រឹមត្រូវ ឬហៅពុះលក់តាមលក្ខណៈស្ដង់ដារ ដែលគ្មានប្លង់មេទទួលស្គាល់ដោយក្រសួង និងអ្នកជំនាញ។ ក្នុងនោះបើគម្រោងរបស់ម្ចាស់ដីមិនបានគិតគូរលើបរិស្ថាន ធ្វើប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធទៀត គឺរឹតតែមានហានិភ័យ ដោយសារតែអ្នកទិញពិបាករស់នៅ ហើយបើចង់លក់ចេញក៏ពិបាកនោះ។

a2

ពាក់ព័ន្ធនឹងបញ្ហានេះលោកឧកញ៉ា នួន ឫទ្ធី នាយកក្រុមហ៊ុន KFA ដែលជាម្ចាស់ដីឡូត៍ពុះលក់ធំមួយ ក៏បានទទួលស្គាល់ថាសកម្មភាពពុះដីឡូត៍ដាក់លក់ពិតជាមានបញ្ហានោះដែរ ប្រសិនបើដីដែលបានពុះលក់មិនមានការកាត់ប្លង់អោយបានត្រឹមត្រូវ និងគ្មានប្លង់មេដើម្បី អភិវឌ្ឍន៍។  លោកថាអ្នកប្រកបរបរពុះដីឡូត៍លក់ បើគ្មានក្រមសីលធម៌វិជ្ជាជីវៈដោយចេះតែពុះតាមការនឹកឃើញ ហើយគ្មានការអភិវឌ្ឍ នោះអ្នកទិញក៏មានបញ្ហាហានិភ័យរឿងកប់លុយចោលនោះដែរ ដោយមិនទាន់រាប់បញ្ចូលលើបញ្ហាចម្រូងចម្រាស់រឿងប្លង់នោះផង។  លោកថាការពុះដីឡូត៍ដែលគ្មានគម្រោង ឬគ្មាននៅក្នុងប្លង់គោលពីសាលារាជធានីភ្នំពេញ និងប្លង់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នោះមានន័យថាម្ចាស់ដីមិនទាន់មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីឡូតិ៍ដែលខ្លួនបានទិញនោះទេ ហើយប្រសិនបើម្ចាស់ដីធំទាំងមូលបានយកប្លង់រឹងទៅធ្វើអ្វីផ្ដេសផ្ដាសទៀត គឺអ្នកទិញដីឡូតិ៍រឹតតែគ្មានសិទ្ធិតវ៉ា។ កាលពីពេលថ្មីៗក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងនឹងរៀបចំដាក់ចេញនូវបទប្បញ្ញត្តិមួយស្ដីអំពីការពុះដីឡូត៍ ដើម្បីបម្រើផលប្រយោជន៍ដល់អ្នកទិញ និងអ្នកលក់ឱ្យទទួលបានផលដូចគ្នា ដែលលោកយល់ថាគម្រោងនោះបើចេញកាន់តែឆាប់គឺកាន់តែប្រសើរ ដើម្បីកុំអោយអ្នកទិញដីឡូតិ៍ពុះលក់ដែលគ្មានបទដ្ឋានប្រឈមផលប៉ះពាល់។ លោកថាបទប្បញ្ញត្តិនោះត្រូវបានប្រកាសឡើង បន្ទាប់ពីក្រុមអ្នកលក់ដីឡូតិ៍ពុះលក់បានធ្វើសកម្មភាពគគ្រឹកគគ្រេងដោយគ្មានសណ្ដាប់ធ្នាប់ ហើយមិនមានការទទួលស្គាល់ពីទម្រង់ដីឡូតិ៍ពុះលក់ដោយច្បាប់។ លោកថាច្បាប់នេះ នឹងតម្រូវអោយមានការកាត់ពន្ធចូលរដ្ឋ ប៉ុន្តែក៏មានន័យថាដីឡូតិ៍ដែលក្រុមអតិថិជនបានទិញមានភាពស្របច្បាប់ និងមិនអាចអោយម្ចាស់ដីដើមដែលមានប្លង់រឹងអាចធ្វើព្យុះភ្លៀងបង្កផលប៉ះពាល់ដល់អ្នកកាន់កាប់ដីឡូតិ៍របស់ខ្លួនបានដែរ។ លោកថាអ្នកប្រកបរបរពុះដីឡូត៍ត្រូវតែស្វាគមន៍ច្បាប់នេះ ប្រសិនបើអាជីវកម្មនោះមានភាពត្រឹមត្រូវ។ ក្នុងនោះលោកក៏ទទូចអោយក្រុមអ្នកទិញដីឡូតិ៍ត្រូវតែទាមទារអោយម្ចាស់ដីឡូតិ៍កាត់ប្លង់រឹងអោយ និងទាមទារសុំមើលប្លង់មេដែលទទួលស្គាល់ដោយរដ្ឋបាលសាលារាជធានី ឬខេត្ត មុននឹងសម្រេចចិត្តទិញដីពុះឡូតិ៍ ជៀសវាងប៉ះចំដីអភិវឌ្ឍន៍របស់រដ្ឋ ដីខុសច្បាប់ ឬដីដែលមិនទាន់ទូទាត់លុយកាក់អោយអ្នកស្រុកជាម្ចាស់ដើមរួចរាល់។ លោកស្នើអោយរាជរដ្ឋាភិបាល និងសាមីក្រសួងយកចិត្ដទុកដាក់លើបញ្ហានេះ ដើម្បីបញ្ចៀសបញ្ហាកុំអោយកើតមានចំពោះអតិថិជនដែលមានលុយកាក់តិចតួច ហើយទៅទិញដីធ្លីប៉ះចំដីជម្លោះ ឬដីមានហានិភ័យ ដែលនាំអោយជះឥទ្ធិពលដល់អាជីវកម្មអ្នកលក់ដីធ្លីស្របច្បាប់។

អ្នកជំនាញជាច្រើនទៀតបានទទួលស្គាល់ថា ដីឡូត៍ពុះលក់គឺមានតម្លៃធូរថ្លៃជាងដីធំៗ ឬជាងបុរីលំនៅដ្ឋាន ប៉ុន្តែបញ្ហាផ្ទេរសិទ្ធិដោយមិនមានការទទួលស្គាល់ថ្នាក់លើ ឬមានប្លង់រឹង គឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់អ្នកទិញ។ ប្រសិនបើម្ចាស់ដីឡូត៍មានជាប់បំណុលអ្នកដែលកាន់ប្លង់រឹងបន្តពីម្ចាស់នឹងក្លាយជាម្ចាស់ដីស្របច្បាប់ ដែលរុញអោយអ្នកទិញដីឡូតិ៍បង់ខាត។ លោកទទូចអោយអ្នកទិញដីធ្លីសុំសិទ្ធិមើលភាពស្របច្បាប់របស់ក្រុមហ៊ុនមុននឹងសម្រេចចិត្តទិញដី និងត្រូវទាមទារអោយម្ចាស់ក្រុមហ៊ុនកាត់ប្លង់រឹងអោយខ្លួនបើទោះជាត្រូវបន្ថែមលុយ ទើបមានសុវត្ថិភាពត្រឹមត្រូវ៕

ដោយ ៖ ប៉េង លី

RELATED ARTICLES