តារាល្បីៗទទួលពាន “អប្សរា Award” 2016

នេះជាឆ្នាំទី៣ហើយ ដែលស្ថានីយទូរទស្សន៏អប្សរា ប៉ុស្ដិ៍លេខ១១ បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ “អប្សរា Award” ក្រោមអធិបតីភាពឯកឧត្តមខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកជំទាវ។ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។ កម្មវិធីនេះបានរៀបចំនៅសាលសន្និសីទចតុមុខ កាលពីរាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ក្រោមសំណើចសើចក្អាកក្អាយលាយឡំតំណក់ទឹកភ្នែកពីតារាល្បីៗដែលបានកាន់ពានក្នុងក្ដីស្រមៃរបស់ពួកគេដោយជោគជ័យនោះ។


ក្រោយពីមានការហ្វឹកហាត់សម្ដែងរួមគ្នាអស់ជាច្រើនខែមក ទីបំផុត តារាដែលមហាជនបោះឆ្នោតឲ្យលើកពាន “អប្សរាAward” នោះ មានដូចជាពានរង្វាន់តារាមនោសញ្ចេតនានិងកម្សត់ បានទៅលើលោកយឹមសម្បត្តិ, ពានរង្វាន់មនោសញ្ចេតនា កំប្លែងនិងឈ្លើយ បានទៅលោកនរៈ កក្កដា, ពានរង្វាន់មនោសញ្ចេតនានិងកាចបានល្អ កញ្ញាមិច ម៉ានីកា, ពានរង្វាន់មនោសញ្ចេតនានិងកម្សត់បានល្អ កញ្ញាអាង សូនីតា, ពានរង្វាន់មនោសញ្ចេតនា កម្សត់ និងកាច បានល្អ កញ្ញាដួង ម៉ានិច, ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អ លោកប្រាក់ ប៉ាកន, ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អ លោកឌីម ឧត្តម, ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អ លោកណារ៉ា, ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អ លោកដែន សក្កដា, ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អ លោកម៉ា ដូនណា, ពានរង្វាន់មនោសញ្ចេតនា កំប្លែងនិងកាចបានល្អ លោករតនៈ ពិសិដ្ឋ។ ចំណែកពានរង្វាន់គោរពពេលវេលាល្អឥតខ្ចោះមាន១០រង្វាន់ បានទៅលើលោកកញ្ញាអ៊ឹង និមល, លោកថមមី, អ្នកនាងនិន សុធារ៉ា, លោកលាងឧត្តម, កញ្ញាឌី សូនីតា, លោកណារ៉ា, លោករតនៈ វិសិដ្ឋ, លោកដែនសក្កដា, លោកឌីម ឧត្តម និងកញ្ញាឌួង ម៉ានិច។ ដោយឡែកពានរង្វាន់Super Star បានទៅលើកញ្ញាលី ច័ន្ទសីហា, អ្នកនាងស៊ុនណារី ម៉ូនីកា, អ្នកនាងនិន សុធារ៉ា, កញ្ញាឌី សូនីតា, លោកលាង ឧត្តម, លោកថម មី។


បើតាមអ្នកតំណាងឲ្យការរៀបចំកម្មវិធី “អប្សរាAward 2016” នេះ បានឲ្យដឹងថា ”នេះជាលើកទឹកចិត្តដល់សិល្បករសិល្បការិនីដែលជាអ្នកមានចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សនិងអភិវឌ្ឈន៏ប្រទេសជាតិយើងនាពេលបច្ចុប្បន្ន តាមរយៈប៉ុស្ដិ៍អប្សរាបានបង្កើតកម្មវិធីសិល្បៈប្រកួតប្រជែងគ្រប់ទម្រង់នេះឡើងដោយមានការសហការពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងព័ត៌មានផងដែរ តាមរយៈកម្មវិធី “អប្សរាAward 2016” នេះ យើងបានបណ្ដុះគំនិតឲ្យយុវវ័យស្រលាញ់អ្វីដែលជាសិល្បៈវប្បធម៌បស់ខ្មែរ ដើម្បីធ្វើយ៉ាងណាឲ្យសិល្បៈយើងកាន់តែមានការចាប់អារម្មណ៏ខ្លាំងឡើងថែមទៀត។ កម្មវិធី “អប្សរា Award” ប្រៀបដូចជាកញ្ចក់មួយឆ្លុះបញ្ចាំងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ដែលយើងជាខ្មែរត្រូវរួមរួមថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរយើង”៕