Thursday, March 28, 2024
Homeតារាខ្មែរគង់ ច័ន្ទស្រីមុំ ស្ងាត់ក្រោយរៀបការ

គង់ ច័ន្ទស្រីមុំ ស្ងាត់ក្រោយរៀបការ

មានការកត់សម្គាល់ថា នៅមុនពេលក្រាបផ្ទឹមរៀបការជាមួយលោកគឹម សីហា អ្នកនាងគង់ ច័ន្ទស្រីមុំ ឆក់បានឱកាសការងារសិល្បៈយ៉ាងជោកជាំ ទាំងការថតភាពយន្ត សម្តែងឈុតខារ៉ាអូខេ បង្ហាញម៉ូដ ថតស្ពតពាណិជ្ជកម្មធំៗ រួមទាំងមានឱកាសចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ ដែលនាងទាញបានភាពលេចធ្លោនៅក្នុងសួនសិល្បៈ។ ទន្ទឹមនឹងនោះ ក៏ល្បីកក្រើករឿងបុរសៗសម្បូរទ្រព្យតាមប្រជែងស្នេហ៍នាងដែរ។ យ៉ាងណា បន្ទាប់ពីលាភាពក្រមុំ ចូលរោងការជាចំហជាមួយលោកគឹម សីហា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ រហូតមកទល់ពេលនេះ ស្រីមុំ បែរជាស្ងប់ស្ងាត់ អាជីពសិល្បៈប្រឈមធ្លាក់កូដ។


អ្នកនៅក្នុងចង្កោមសិល្បៈនិយាយថា ក្រោយមានប្តី ស្រីមុំ ពុំទាញបានការចាប់អារម្មណ៍ពីក្រុមផលិតករ និងក្រុមហ៊ុនធំៗដូចមុនទៀតទេ។ ហេតុនេះហើយ ទើបនាងពុំមានសកម្មភាពសិល្បៈដូចមុន។


យ៉ាងណា ប្រភពពីក្រុមផលិតករបានឱ្យដឹងថា ការទាក់ទងហៅស្រីមុំ ឱ្យថតភាពយន្តមិនបានសម្រេចទេនាពេលចុងក្រោយនេះ គឺក្រៅពីនាងលើកហេតុផលថា គ្មានពេលសម្តែង នាងក៏ទាមទារតម្លៃខ្លួនខ្ពស់ផងដែរ។ ដូច្នេះពិបាកទាក់ទងនាងឱ្យថតភាពយន្តនាពេលចុងក្រោយនេះណាស់។ ដោយឡែកប្រភពដែលស្និទ្ធជាមួយគង់ ច័ន្ទស្រីមុំ បានឱ្យដឹងថា ក្រោយរៀបការក៏មានផលិតកម្មមួយចំនួនទាក់ទងឱ្យនាងថតភាពយន្តជាហូរហែដែរ ប៉ុន្តែ ប្តីរបស់នាងមិនចង់ឱ្យនាងហត់នឿយថតភាពយន្ត ប្រឈមហាលក្តៅហាលភ្លៀង យប់ព្រលប់ដូចមុនទៀត ខណៈដែលសុខភាពរបស់នាងមិនសូវអំណោយផលផងនោះ។


តាមប្រភពថា ស្រីមុំ មិនខ្វល់រឿងធ្លាក់កូដនៅលើវិថីសិល្បៈនោះទេ ពោលគឺបច្ចុប្បន្ននេះ នាងផ្តោតតែលើការពង្រឹងមុខជំនួញក្រៅរបងសិល្បៈតែប៉ុណ្ណោះ ដូចជា លក់ផលិតផលទឹកអប់ និងលក់ផលិតផលតាមអនឡាញជាដើម ដែលនាងកំពុងកាក់កប និងកាន់តែហ៊ឺហា។ ដូច្នេះនាងអត់ខ្វល់ពីការវិលត្រឡប់ចូលសិល្បៈ រកប្រាក់ល្អិតនោះទេ។
មុននេះបន្តិច មានដំណឹងថា គង់ ច័ន្ទស្រីមុំ បានបាត់បង់កូនក្នុងផ្ទៃ ធ្វើឱ្យនាងខកចិត្តជាខ្លាំង ប៉ុន្តែប្តីរបស់នាងពូកែលួងចិត្តនាងណាស់ និងកាន់តែថ្នាក់ថ្នមប្រលោមស្នេហ៍នាងផ្អែមល្ហែមទ្វេឡើង។ ពោលគឺពួកគេនៅតែរក្សាចំណងស្នេហ៍យ៉ាងរឹងមាំ ហើយនៅតែអន្ទះសាចង់បានកូនគ្រាន់ប្រឡែងលេង។


តាមប្រភពថា ក្រោយពេលស្រីមុំ មានប្តីតាមគ្រប់ជំហាន គ្មានបុរសទ្រព្យស្តុកណាហ៊ានតាមក្រវែលសុំស្នេហ៍នាងដូចមុនទៀតទេ។ ពោលគឺអំឡុងពេលនេះ ស្រីមុំ ស្ងាត់ទាំងអាជីពសិល្បៈស្ងាត់ ទាំងប្រុសតាមស្នេហ៍ ខណៈដែលនាងកំពុងតែកាក់កប់ជាមួយ មុខជំនួញ ហើយជីវិតអាពាហ៍ពិពាហ៍របស់នាង ក៏កំពុងមាន សុភមង្គលផងនោះ។
គង់ ច័ន្ទស្រីមុំ និងស្វាមី មិនអាចទាក់ទងសុំការ បញ្ជាក់បន្ថែមបានទេ ចំពោះដំណឹងនេះ ហើយក៏មិនទាន់ ដឹងថា នាងនឹងបញ្ចប់អាជីពសិល្បៈទាំងស្រុង ក្រោយពេលរៀបការឬយ៉ាងណានោះដែរ គឺមានតែរង់ចាំការបកស្រាយពីនាងតែប៉ុណ្ណោះ…៕

RELATED ARTICLES