Friday, March 29, 2024
Homeនយោបាយសម្តេចហ៊ុន សែន ប្រកាសសម្រេចចិត្តបន្តដឹកនាំប្រទេស ២អាណត្តិទៀត

សម្តេចហ៊ុន សែន ប្រកាសសម្រេចចិត្តបន្តដឹកនាំប្រទេស ២អាណត្តិទៀត

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា សម្តេចបានសម្រេចចិត្តរួចហើយថា នឹងបន្តឈរតំណែងជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេស២អាណត្តិទៀត គឺស្មើនឹង១០ឆ្នាំទៀត។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រកាសជាសាធារណៈបែបនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករនិយោជិត សរុបជាង ១០ ៤៦១នាក់ នៅសួនឧស្សាហកម្ម កាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

ជាកិច្ចចាប់ផ្តើមនៃពិធីសំណេះសំណាលនោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញក្តីសប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញជួបជុំជាមួយបងប្អូនកូនក្មួយ កម្មករ-កម្មការិនី ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការចាំបាច់នានា ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញ គោលនយោបាយ ឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ។ ដោយពីមុន សម្តេចតែងតែមានកម្មវិធីជួបជុំ កម្មករនិយោជិត គឺក្នុងមួយឆ្នាំៗ ក្នុងនោះសម្តេច បានអញ្ជើញជួបបងប្អូនកម្មករ កាលពីថ្ងៃទី១៣ ឧសភា នៃទិវាពលកម្មអន្តរជាតិ និងបានអញ្ជើញចុះជួបផ្ទាល់ថែមទៀត នៅតាមបណ្តាលរោងចក្រផ្សេងៗទៀត។ ជាពិសេស ក្នុងឆ្នាំ២០១៧ នេះ សម្តេចបានសម្រេចអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនកូនក្មយកម្មករ និយោជិត ប្រមាណជាង១លាននាក់ ដែលបានគ្រោងធ្វើ២ដង ក្នុងមួយសប្តាហ៍។

សម្តេចហ៊ុន សែន បានរំលឹកដល់ការជួបជុំ កម្មករ-កម្មការិនី នៅសួនឧស្សាហកម្មវឌ្ឍនៈ ទី២ កាលពីពេលថ្មីៗនេះ ដែលនៅទីនោះ គឺម្ចាស់រោងចក្រ បានកំណត់ម៉ោងឱ្យកម្មការិនី ស្ត្រីមានផ្ទៃពោះ បានចេញពីកន្លែងធ្វើការ មុន ១៥នាទី។ សម្តេចបានស្នើឱ្យគ្រប់បណ្តារោងចក្រនានាទៀត កំណត់ម៉ោងឱ្យបុគ្គលិកកម្មការិនី មានផ្ទៃពោះ បានចេញពីកន្លែងធ្វើការមុន១៥នាទីដូចៗគ្នា ព្រោះកន្លែងខ្លះ ឱ្យចេញមុន ៥ នាទី ហើយកន្លែងខ្លះទៀត ឱ្យចេញមុន ១០ នាទី។ សម្តេចក៏បានរំលឹកថា នៅឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ៦៤តែប៉ុណ្ណោះ ហើយទំហំទឹកប្រាក់នាំចេញ មានត្រឹមតែ២២៧លានដុល្លារ តែនៅពេលនេះ ទំហំទឹកប្រាក់នាំ ចេញបានកើនឡើង ប្រមាណ៧,៦៦៣លាន ដុល្លារ ដែលបានបង្ហាញពីការរីកចម្រើននៃរោងចក្រ សហគ្រាស និងកំណើនសេដ្ឋកិច្ចកម្ពុជា។

ចំពោះការដំឡើងប្រាក់ខែកម្មករ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ២០១៨ ខាងមុខនេះ ប្រាក់ខែកម្មករតិចបំផុត គឺ១៦០ ដុល្លារបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺនឹងទទួលបានច្រើនជាង២០០ដុល្លារ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល គឺ កម្ពុជា បានកាត់បន្ថយភាពក្រីក្រពីអត្រា១០០% ចុះមក១៣% នៅឆ្នាំ២០១៤។ មហិច្ឆិតារបស់ រដ្ឋាភិបាល គឺនឹងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ២០៣០។

ក្នុងន័យនេះហើយ ដើម្បីការពារសន្តិភាព ការពាររោងចក្រ ការពារផលប្រយោជន៍កម្មករ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស ថា សម្តេចនឹងបន្តតំណែងជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល១០ឆ្នាំបន្ថែមទៀត គឺដោយសារ សម្តេចបានដឹងថា មានមនុស្សមួយក្រុម ដែល សហការជាមួយជនបរទេស បំផ្លាញសន្តិភាព របស់កម្ពុជា។ ដូចនេះសម្តេចត្រូវតែនៅដឹកនាំ ប្រទេស ដើម្បីការពារប្រទេសកម្ពុជា និងបន្ត វត្តមានបន្តថែទាំរោងចក្រ មិនទុកឱ្យជនណា មួយបំផ្លាញសេចក្តីសុខ បងប្អូនកម្មករនោះទេ ហើយសម្តេច ក៏បានស្នើឱ្យបរទេសទាំងឡាយ កុំច្រណែនសម្តេច ព្រោះសម្តេចបានធ្វើនាយករដ្ឋមន្ត្រីយូរជាងគេនៅលើពិភពលោក។ ប៉ុន្តែ ដំណើរឈានឡើងរបស់ជាតិកម្ពុជា មិនអាច កាត់ផ្តាច់ពីសម្តចបានទេ ដូច្នេះសម្តេចមានសិទ្ធិ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ថា “ជាមួយនឹងការអបអរសាទរ សម្រាប់ជោគជ័យ នៃសួនឧស្សាហកម្មកាណាឌីយ៉ា ក៏ដូចជាជោគជ័យនៃបណ្តារោងចក្រ និង ដំណើរជឿនលឿនទៅមុខរបស់កម្មករ-កម្ម ការិនី ហើយខ្ញុំសង្ឃឹមលើកម្មករ-កម្មការិនីរបស់ យើង ទៅលើការទុកចិត្តសម្រាប់ការបោះឆ្នោត ជាបន្ត។ ខ្ញុំសម្រេចចិត្តប្រកាសថា ខ្ញុំនឹងបន្ត កាន់តំណែងជានាយករដ្ឋមន្ត្រី សម្រាប់រយៈ ពេល២អាណត្តិបន្តទៀត។ មុននេះ ខ្ញុំមានការ ស្ទាក់ស្ទើរ តើខ្ញុំសម្រេចចាកចេញនៅពេលណា? ប៉ុន្តែបន្ទាប់ពីឃើញព្រឹត្តិការណ៍ ដ៏ឱ្យឈឺចាប់ នៃអំពើបទក្បត់ជាតិរបស់ជនជាតិខ្មែរខ្លះ ដែល ត្រូវបានចាប់ខ្លួនរួចមកហើយ និងអាចមានខ្លះ ទៀត។ ខ្ញុំសម្រេចចិត្តបន្តការងាររបស់ខ្ញុំរយៈពេលមិនតិចជាង១០ឆ្នាំទៀតទេ ហើយសង្ឃឹម ថា ក្មួយៗជាកម្មករ-កម្មការិនីផ្ទាល់ បោះឆ្នោត ឱ្យពូ ក៏ផ្តាំទៅសម្រាប់ក្រុមគ្រួសារ ដើម្បីបន្ត ការបោះឆ្នោត។ ខ្ញុំនឹងបន្តវត្តមាន ដើម្បីរួមគ្នា ថែទាំរោងចក្រ ថែទាំអ្វីៗដែលយើងបានកសាង មិនទុកឱ្យជនណាមួយ បំផ្លាញសេចក្តីសុខរបស់បងប្អូនទេ។ សុំជនបរទេសទាំងឡាយ កុំច្រណែន នឹងខ្ញុំ នៅលើពិភពលោកនេះ ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រីយូរជាងគេ។ ពីមុនក្មេងជាងគេលើពិភពលោក ឥឡូវទៅជាអ្នកដែលយូរជាងគេ មិនមែនចាស់ជាងគេទេ យូរជាងគេ។ ខ្ញុំមានលទ្ធភាព ដើម្បីនឹងធ្វើ នឹងចូលនិវត្តន៍នៅក្នុងអាណត្តិទី៨។ ខាងមុខនេះ ដូចអាណត្តិទី៦ ទី៧ ចាំទី៨ ចាំគិត ទៀត ហើយបើអ្នកឯងនៅតទៀតធ្វើទៀត។ អ៊ីចឹងទេ ខ្ញុំនឹងអមដំណើរ ហើយជាសិទ្ធិអំណាច របស់ខ្ញុំ ព្រោះវាជាកូនបង្កើតរបស់ខ្ញុំ។ និយាយ ឱ្យច្បាស់ទៅរោងចក្រសហគ្រាស ដែលមាន នៅកម្ពុជា វាដូចជាកូនបង្កើតរបស់ខ្ញុំ ព្រោះខ្ញុំ បានដឹកនាំប្រទេសនេះ តាំងពីរួមដំណើរជា រដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និង ជានាយករដ្ឋមន្ត្រី។ ក្នុងតំណែងនាយករដ្ឋមន្ត្រី ជិត៣៣ឆ្នាំហើយ បើបូកសរុបទាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសផង គឺជិត៣៩ ឆ្នាំហើយ។ ដូច្នេះដំណើរឈានឡើងរបស់ជាតិនេះ ផ្សារភ្ជាប់បេះមិនដាច់ពីតួនាទីរបស់ហ៊ុន សែន ទេ។ ដូច្នេះហ៊ុន សែន មានសិទ្ធិគ្រប់គ្រាន់ ដើម្បីទៅកាន់កន្លែងណាដែលខ្លួនចង់ទៅ”។

សម្តេចហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ជំនួយដែលសម្តេចសុំពីបរទេស មិនមែនយក មកបង្ហើយផ្ទះបាយរបស់សម្តេចទេ តែយកមកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងមូល។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “មនុស្សមួយចំនួន មកតាំង ខ្លួនជាអ្នកមកទាមទារដំឡើងប្រាក់ខែ ប៉ុន្តែ ក្នុងពេលដែលពួកគេ បានទៅស្នើសុំកុំឱ្យបរទេស មកវិនិយោគ បានទៅទាមទារឱ្យប្រទេសដទៃ កុំទិញ រហូតគេប្រកាសក្នុងហ្វេសប៊ុករបស់គេថា ជាជោគជ័យខ្លាំងណាស់ ដែលសហភាពអឺរ៉ុប នឹងពិចារណាអំពីការឈប់ទិញទំនិញពីកម្ពុជា។ អ៊ីចឹងគេចាត់ទុកជាជោគជ័យទៅវិញ ទង្វើក្បត់ ផលប្រយោជន៍ជាតិខ្លួនឯងបែបនេះ តើប្រជាជន យល់យ៉ាងម៉េច? ខ្ញុំសុំបញ្ជាក់ថា ខ្ញុំបានធ្វើជាមួយនឹងសហការីក្នុងគណបក្សប្រជាជនកម្ពុជា តាំងពីដើម រហូតដល់ចប់។ រហូតដល់គេប្រើ ពាក្យថា លោកហ៊ុន សែន ពូកែសុំ តែខ្ញុំមិន បានសុំយកទៅបង្ហើយផ្ទះបាយរបស់ខ្ញុំទេ ខ្ញុំសុំ ដើម្បីជាតិរបស់ខ្ញុំ ដើម្បីអនាគតប្រជាជនរបស់ ខ្ញុំតែប៉ុណ្ណោះ ដូចជាសុំអាហារូបករណ៍ ដើម្បី ការបណ្តុះបណ្តាលនិស្សិតរបស់យើង សុំជាផ្លូវ ថ្នល់ សុំជាប្រឡាយទឹក សុំជាសាលារៀន សុំជា មន្ទីរពេទ្យ។ ខ្ញុំធ្វើការច្រើនណាស់ ជាមួយនឹង ការដោះស្រាយ ដើម្បីឱ្យគេមកវិនិយោគនៅ ក្នុងប្រទេស។ ទៅពន្យល់គេនៅខាងក្រៅ ឯសម្រួលបរិយាកាសវិនិយោគនៅខាងក្នុង តាមរយៈការកសាងច្បាប់ ការកសាងលិខិតបទដ្ឋាន នានា ការពង្រឹងស្ថាប័ន ការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីនឹងទាក់ទាញវិនិយោគ ដែលហៅថា ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និង ខិតខំកសាងផ្លូវ កសាងកំពង់ផែ កសាងព្រលាន យន្តហោះ កសាងអគ្គិសនី និងផ្នែកដទៃទៀត  ដើម្បីទាក់ទាញឱ្យគេចូលមកវិនិយោគ។ គេ មិនអាចមកវិនិយោគនៅប្រទេសយើង នៅពេល ដែលយើងអត់មានអគ្គិសនីផ្គត់ផ្គង់ឱ្យគេ ឬ អគ្គិសនីថ្លៃខ្ពស់ពេកនោះទេ។ គេមិនអាចមក វិនិយោគនៅក្នុងប្រទេសរបស់យើង នៅពេល ដែលកំពង់ផែរបស់យើង មិនអាចដឹកទំនិញ ចេញបាន ផ្លូវរបស់យើងមិនអាចដឹកទំនិញទៅ បាននោះទេ”។

សម្តេចហ៊ុន សែន ក៏បានស្នើបរទេស ទាំងឡាយពិចារណាឱ្យបានច្បាស់អំពីសម្តីលោក កឹម សុខា ដោយសម្តេចដាក់ជាសំណួរថា បើជួបខ្លួនឯង តើទទួលបានទេ?

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “ក្មួយៗត្រូវចងចាំ ហើយក្មួយៗត្រូវរក្សានូវអ្វី ដែលមានក្នុងដៃរួចមកហើយ មិនត្រូវឱ្យពួក ប្រឆាំងជាតិខ្លួនឯង ឃុបឃិតជាមួយបរទេស បំផ្លាញនូវសេចក្តីសុខ របស់ប្រជាពលរដ្ឋទេ។ ខ្ញុំសង្ឃឹមថា មិត្តភក្តិបរទេសទាំងឡាយ មើល ឃ្លោងឃ្លាឱ្យបានច្បាស់ មួយម៉ាត់ៗៗៗ សុំកុំ ច្បោលៗ។ តើប្រទេសរបស់អ្នកអាចទទួលយក បានទេ ប្រសិនបើសម្តីបែបនេះ? បើអ្នកជាខ្ញុំ អ្នកត្រូវស្តាប់ឱ្យច្បាស់ គេបញ្ជា គេប្រាប់ខ្ញុំឱ្យ ធ្វើនេះ គេប្រាប់ខ្ញុំឱ្យធ្វើនោះ ឱ្យខ្ញុំយកម៉ូដែល យូហ្គោស្លាវី ខ្ញុំមិនមែនធ្វើតាមចិត្តនឹកឃើញទេ  ខ្ញុំមានសាស្ត្រាចារ្យមកពីអាមេរិក មកពីកាណាដា។ អាមេរិកហ្នឹង គឺវ៉ាស៊ីងតោន ឌីស៊ីទៀត ហើយកាណាដា ម៉ុងរ៉េអាល់។ ហើយលេងអ៊ីចឹងៗ ហើយតាំងខ្លួនជាអ្នកស្នេហាជាតិស្អីទៀត? ពាក្យ សម្បថ ដែលបានស្បថនៅមុខព្រះមហាស្វេតច្ឆត្រ នៅមុខព្រះភក្ត្រព្រះមហាក្សត្រ នៅមុខ ព្រះភក្ត្រសង្ឃរាជទាំង២គណៈ សុទ្ធតែបាន និយាយមិនឱ្យបរទេស មកបង្គាប់បញ្ជាគោលនយោបាយក្នុងនិងក្រៅប្រទេសរបស់ខ្លួន ប៉ុន្តែ ហេតុអីបានគេធ្វើរឿងនេះទៅកើត? គេមិន ខ្វល់អ្នកណាស្លាប់ អ្នកណារស់ទេ។ ឥឡូវបើ ចង់ដឹងថា បាត់មនុស្សម្នាក់នៅផ្លូវវេងស្រេង ឥឡូវដាក់ទៅសួរទៅ ហើយនៅសល់ប៉ុន្មាន ទៀត ដែលពាក់ព័ន្ធក្នុងរឿងនេះ ហៅសួរចម្លើយ ទាំងអស់ រកឃើញហើយ ព្រោះក្មួយៗទាំងនេះ មិនបានទៅចុះឈ្មោះ ធ្វើបាតុកម្មម៉ោង២ភ្លឺទេ។ ម៉ោង២ភ្លឺ អាណាមើលមុខគ្នាស្គាល់ រួចសុទ្ធ តែដុំថ្មស្អីៗ ហិង្សាពេញហ្នឹង។ អ៊ីចឹងវាងាប់ ទៅណា វាចង់រត់ទៅណាអីត្រង់ណា ហើយ មកសួររកៗម៉េចឃើញ។ ខ្ញុំបានប្រាប់កែវ រ៉េមី ហើយថា បើសិនជាពួកណាសួរ ឱ្យឆ្លើយទៅ បើចង់រកមនុស្សហ្នឹង វាទាល់តែចាប់អាមេបាតុកម្ម យកមកសួរចម្លើយ អាហ្នឹងបានវាចេញ បានវាស្គាល់ បាត់មនុស្សទៅណា?…”។

គួរបញ្ជាក់ដែរថានៅក្នុងពិធីសំណេះសំណាល នោះ ទាក់ទងនឹងផលប្រយោជន៍កម្មករ និង ស្ថិរភាពសង្គម សម្តេចហ៊ុន សែន ក៏បានអំពាវនាវ សុំឱ្យកម្មករ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍ ដើម្បី ឱ្យប្រទេសជាតិកាន់តែរីកចម្រើន ដោយសម្តេច បនាផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដែល នាំមកនូវការរីកចម្រើនសម្រាប់ម្ចាស់រោងចក្រ ផង និងសម្រាប់កម្មករកម្មការិនីផង រួមមាន ៖

១-ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។

២-ត្រូវរួមគ្នាថែរក្សាការងារចាស់ និង បង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការ ពង្រីកសង្វាក់ផលិតកម្ម និងបង្កើនទីផ្សារ។ រាជរដ្ឋាភិបាល នឹងបន្តកែលម្អនូវហេដ្ឋារចនា សម្ព័ន្ឋផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ប្រព័ន្ឋអគ្គិសនី និងទឹក ដើម្បីទាក់ទាញ និងសម្រួលដល់ការ វិនិយោគ។

៣-ត្រូវរួមគ្នា បង្កើនប្រាក់ចំណូលដល់ កម្មករ តាមរយៈការបណ្តុះបណ្តាលសមត្ថភាព ចំណេះដឹងបន្ថែមដល់ពួកគាត់ ឱ្យទទួលបាន ការងារល្អ និងប្រាក់ខែខ្ពស់។ រាជរដ្ឋាភិបាល នឹងបន្តដំឡើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹកវិញ គឺចាប់ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០១៧នេះតទៅ គឺកម្មករបង់តែ៧០០រៀល ប៉ុណ្ណោះ។ សម្តេចបានអំពាវនាវដល់ម្ចាស់ផ្ទះ សូមកុំដំឡើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករ មានលទ្ធភាពរកប្រាក់ចំណូលបន្ថែម ដើម្បីសម្រួលដល់ជីវភាពរស់នៅឱ្យបានល្អប្រសើរឡើង។

៤-ផ្តល់របបគាំពារសន្តិសុខសង្គម ដល់ កម្មករ ចាប់ពីខែមករា ២០១៨ ទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ-កម្មការិនី។ ពេលនោះ បងប្អូនអាចនៅសល់ប្រាក់ប្រមាណ ពី (៨ ០០០៛ ១២ ០០០៛ ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការិនីទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ តាមរយៈ មូលនិធិសមធម៌។ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យម្ចាស់ក្រុមហ៊ុនរោងចក្រ រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួន ដើម្បីជួយដល់កម្មករ។ ចំពោះស្ត្រីមានផ្ទៃពោះ សម្រាល កូន គឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងារ រយៈពេល៣ខែ ហើយនៅទទួលបាន ប្រាក់ខែ១២០%។

នៅថ្ងៃនោះដែរ សម្តេចហ៊ុន សែន បាន ប្រកាសជូនដំណឹងដល់បងប្អូនកម្មការិនី អំពីអត្ថប្រយោជន៍មួយទៀត ដែលនឹងទទួលបានពីបេឡាសង្គម គឺ ៖ ចំពោះស្ត្រីសម្រាលកូន ទោះ ក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ធ ដែលសម្រាលបានកូន (១) គឺ ទទួលថវិកា៤០ម៉ឺនរៀល។ បើសម្រាល បានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន (៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភ មួយចំនួនបន្ថែមទៀតពីសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ថវិកានេះ នឹងផ្តល់ជូនដោយបេឡា សន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល ដែលនឹង ត្រៀមថវិកា ប្រមាណ១០លានដុល្លារ ក្នុង១ ឆ្នាំៗ ដើម្បីជួយគាំពារស្ត្រីសម្រាលកូន។ ទោះបីកូននោះកើតរស់ឬស្លាប់ គឺនៅទទួលបានថវិកា គាំពារដូចគ្នា។ សម្តេចក៏បានបញ្ជាក់ប្រាប់សាជាថ្មីថា ក្មួយៗកម្មករ-កម្មការិនី ទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈមិន គិតថ្លៃ (FREE) រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩) ហើយនៅឆ្នាំ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដែលនឹងទទួលបាន ចំនួន៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួល ពេលនៅធ្វើការចុងក្រោយ។

៥-រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ ផ្តល់កិច្ចគាំពារចំពោះកម្មករ-កម្មការិនី ដែល កំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវលក្ខខណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អ សមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវ បែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា ដែល ពាក់ព័ន្ធនឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល នឹងបន្តជជែក ជាមួយប្រទេសផ្សេងៗ ដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃ ដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗ សម្រាប់បងប្អូនកូនក្មួយកម្មករ ខ្មែរ។

គួរកត់សម្គាល់ដែរថា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នោះ នៅពេលដែល សម្តេចហ៊ុន សែន កំពុងមានប្រសាសន៍ថ្លែង ទៅកាន់បងប្អូនកូនក្មួយ កម្មករ-កម្មការិនីនៅ សួនឧស្សាហកម្មកាណាឌីយ៉ា នោះ មានកម្មការិនីមានផ្ទៃពោះ២នាក់ បានឈឺពោះសម្រាលកូន ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង ជាបន្ទាន់។

បន្ទាប់ពីបានបញ្ចប់ការសួរសុខទុក្ខបងប្អូន កូនក្មួយកម្មករ-កម្មការនីនៅរោងចក្រកាត់ដេរ ក្រុមហ៊ុនញូវអូរៀន (ខេមបូឌា) ហ្គាមិន រួច ហើយនោះ សម្តេចហ៊ុន សែន បានប្រញាប់ប្រញាល់ធ្វើដំណើតាមរថយន្តទៅកាន់មន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខកម្មការិនី ដែលត្រៀមឆ្លងទន្លេ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ទាំង២នាក់ គឺ ១-ឈ្មោះអាត ណាត អាយុ២៤ឆ្នាំ មកពីខេត្ត កំពង់ចាម និង២-ឈ្មោះខ្វឿន ស្រីនាង អាយុ ៣៣ឆ្នាំ មកពីខេត្តកំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កម្លាំងចិត្ត បានឧបត្ថម្ភនូវថវិកាមួយចំនួន ជួយដល់ កម្មការិនីទាំងពីរនាក់ ទុកសម្រាលកូន។ ទន្ទឹម នឹងនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បាន ឧបត្ថម្ភថវិកាមួយចំនួនផ្សេងទៀត ជូនដល់បង ប្អូនអ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ព្រមទាំងបានជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ និងបានថតរូបអនុស្សាវរីយ៍ ដែលបង្ហាញនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏ខ្លាំងចំពោះក្រុមគ្រូពេទ្យ និងបងប្អូនកូន ក្មួយកម្មករ-កម្មការិនី និងអ្នកជំងឺនៅទីនោះ ក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាលក្រៃលែង៕

កុលបុត្រ

RELATED ARTICLES