Friday, April 19, 2024
Homeបរិយាយក្បត់ជាតិ ក្នុងអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ

ក្បត់ជាតិ ក្នុងអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ

ទោះបីជាតុលាការមិនទាន់បានកាត់ទោស ក៏លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលរងការចោទប្រកាន់ពាក់ព័ន្ធអំពើក្បត់ជាតិនោះ បានក្លាយជាបរិបទនយោបាយ សម្រាប់គ្រប់គ្នាតាមដានទាំងក្នុង និងក្រៅប្រទេស។ ដោយសារ យើងមិនមែនជាចៅក្រម សូមទុកតួនាទីនេះជូនតុលាការទៅចុះ ឬទុកឱ្យអ្នកច្បាប់ និងអ្នកច្បាប់តទល់គ្នាវិញ ជុំវិញកំហុស ឬពិរុទ្ធភាពរបស់លោកកឹម សុខា ប៉ុន្តែសូមលើកយកករណី “ក្បត់ជាតិ ក្នុងអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យ “ក្បត់ជាតិ” មានន័យថា ធ្វើការដោយឧបាយ ដោយកំបាំងសមគំនិតជាមួយបរទេស នាំគេចូលមកលុកលុយ សង្កត់សង្កិនដែនប្រទេសរបស់ខ្លួន។ អំពើក្បត់ជាតិជាឧក្រិដ្ឋកម្មធំជាងគេបំផុត បើដូចពីសម័យព្រេងនាយ ត្រូវកាត់ទោសប្រហារជីវិត ប៉ុន្តែ សព្វថ្ងៃកម្ពុជា បានលុបបំបាត់ទោសប្រហារជីវិតចោលហើយ។ មនុស្សក្បត់ជាតិ គឺបណ្តាលមកពីខ្លួនមិនបានឡើងកាន់អំណាច ឬមានការធ្វើទុក្ខបុកម្នេញពីអ្នកកាន់អំណាច ក៏មានការឈឺចាប់ រត់ទៅពឹងបរទេសឱ្យលើកទ័ពមក ជួយវាយដណ្តើមអំណាចឱ្យខ្លួន ដែលជួនកាលក៏ឈ្នះបានក្តាប់អំណាចពេញដៃ ជួនកាលក៏ដល់នូវបរាជ័យ។

តាមរយៈអក្សរសិល្ប៍រឿង “រាមកេរ្តិ៍” បានតំណាលពី “ពិភេកហោរា” ជាប្អូនរបស់ក្រុងរាពណ៍ ឈឺចិត្តនឹងព្រះរៀម (បង) ដោះស្បែកជើងវាយក្បាលខ្លួនពីមុខនាហ្មឺនសព្វមុខមន្ត្រី ព្រោះតែខ្លួនទាយថា បើទុកនាងសិតា តទៅទៀត នឹងឆេះ ក្រុងលង្កា មិនខាន និងតម្រូវឱ្យក្រុងរាពណ៍ យកនាងសិតាទៅថ្វាយព្រះរាមវិញ។ ក្រុងយក្សទសមុខ ដែលព្យាយាមចាប់ នាងសិតា មកនោះ ឮប្អូនទាយបែបនេះ ខឹងខ្លាំងណាស់ ក៏ដោះស្បែកជើងវាយក្បាល រួចដេញពិភេកហោរា ឱ្យចេញពីនគរ។ កាលនោះ ពិភេក ដើរផងយំផង តូចចិត្តនឹងវាសនាខ្លួន ដែលទស្សន៍ទាយតាមក្បួនតម្រារៀនចេះពីព្រះព្រហ្ម សោះ បែរជា បានទទួលទោសទៅវិញ ក៏រត់ទៅចុះចូលនឹងព្រះរាម។ តាំងពីពេលនោះមក ពិភេកហោរា បានធ្វើការបម្រើព្រះរាម ដោយ ស្មោះត្រង់បំផុត ហើយជាកិច្ចឆ្លើយតបវិញ ព្រះរាម សន្យាថា នឹងវាយយកនគរលង្កា មកឱ្យពិភេកហោរា ឡើងសោយរាជ្យ។ ទីបំផុត ក្រោយពេលសម្លាប់ស្តេចយក្សក្រុងរាពណាសូរបាន ព្រះរាម ក៏ចាត់ចែងរៀបរាជាភិសេកពិភេកហោរា ឱ្យ ឡើងជាព្រះមហាក្សត្រ នគរកោះលង្កា តាមកិច្ចសន្យា…។

ការលើកឡើងដោយត្រួសៗនេះ បើគិតតាមលក្ខណៈជាតិនិយម គេចាត់ទុក ពិភេកហោរា ជា “យក្សក្បត់ជាតិ” ព្រោះ បានទៅពឹងព្រះរាម ដែលជាស្តេចចក្រពត្តិ ឱ្យលើកទ័ពពានរ មកកម្ទេចដែនប្រទេសរបស់ខ្លួន ដណ្តើមរាជ្យពីបង។ ប៉ុន្តែអ្នក សិក្សារឿងរាមកេរ្តិ៍ ភាគច្រើនមិនបានថ្កោលទោសពិភេកហោរា ថាក្បត់ជាតិនោះទេ បានទាំងសរសើរថា ជា “យក្សស្នេហា ជាតិ” ទៅវិញ ព្រោះពិភេក ជាយក្សមានសុភវិនិច្ឆ័យ បើជើងលេខឃើញយ៉ាងណា ទាយថា យ៉ាងហ្នឹង ឬឃើញព្រះរៀម ធ្វើខុស ក៏ប្រាប់ថាខុស មិនបំផ្លើសខុសពីការពិត។

ដោយឡែក តាមរយៈប្រវត្តិសាស្ត្រខ្មែរ ក៏បានចារទុកពីរឿង “ក្បត់ជាតិ” នេះដែរ ដូចករណី “ពញាអុង” ដែលភៀស ព្រះកាយតាមព្រះបិតា ទៅគង់នៅប្រទេសសៀម តាំងពីតូច លុះបានបុណ្យស័ក្តិខ្ពង់ខ្ពស់ បែរជាលើកទ័ពសៀម មកឈ្លានពានមាតុភូមិឯងទៅវិញ។ ពញាអុង ជាព្រះរាជបុត្ររបស់ព្រះស្រីរាជា (បុត្រាព្រះបាទពញាយ៉ាត) ត្រូវព្រះបិតានាំរត់ទៅ គង់នៅក្រុងអយុធ្យា តាំងពីនៅកុមារ ខណៈដែលកម្ពុជា កើតសឹកសង្គ្រាម បែងចែកទឹកដីជា៣ផ្នែក។ បន្ទាប់ពីព្រះស្រីរាជា- សុគតទៅ ស្តេចសៀម បានទំនុកបម្រុងចិញ្ចឹមបីបាច់ថែរក្សាពញាអុង ទុកជាព្រះរាជបុត្រធម៌ ក្រោយមក ក៏តែងតាំងជា “ចៅហ្វាយខេត្តសុវណ្ណខាត់លោក”។ នៅគ.ស ១៥១៦ ព្រះចន្ទរាជា ដែលជាប់កុននៅប្រទេសសៀម ដែរនោះ បានបបួល ពញាអុង ជាប្អូនជីដូនមួយ វិលមកស្រុកវិញ តែពញាអុង ស្តាយបុណ្យស័ក្តិ មិនព្រមមក។ លុះព្រះចន្ទរាជា ធ្វើសង្គ្រាមឈ្នះ ស្តេចកន និងបានឡើងសោយរាជ្យនៅរាជធានីលង្វែក ស្រាប់តែស្តេចសៀម ចាត់រាជទូតមកបញ្ជាឱ្យព្រះចន្ទរាជា លើកសួយសារអាករ ជា “សត្វដំរីស” ទៅថ្វាយតាមទម្លាប់ពីមុនរៀងមក។ ពេលនោះ ព្រះមហាក្សត្រខ្មែរ បានប្រកែកមិនព្រមចំណុះ សៀម ទើបព្រះចៅសៀម ត្រាស់បង្គាប់ពញាអុង ឱ្យលើកទ័ពសៀម ៩ម៉ឺននាក់ មកវាយខ្មែរ។ ព្រះចន្ទរាជា ក៏លើកទ័ពខ្មែរ ទៅតទល់ជាមួយពញាអុង នៅខេត្តពោធិ៍សាត់ ហើយទីបំផុត ពញាអុង ក៏ត្រូវសរ ធ្លាក់ពីលើខ្នងដំរី ក្ស័យព្រះជន្មទៅ។

ការលើកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បង្ហាញថា ពញាអុង ជារាជវង្សខ្មែរសុទ្ធ តែបានបម្រើសៀមដាច់ថ្លៃ លើកទ័ព មកវាយគ្នាឯងនោះ អ្នកប្រវត្តិសាស្ត្រចាត់ទុកជា “ក្បត់ជាតិ” ពេញទី។ ទោះបីពញាអុង ធំធាត់ដឹងក្តីនៅស្រុកសៀម ក៏ស្តេចអង្គនេះ ចេះភាសាខ្មែរយ៉ាងស្ទាត់ និងស្គាល់ប្រវត្តិខ្លួនច្បាស់ណាស់ ប៉ុន្តែ បុណ្យស័ក្តិនិងទ្រព្យសម្បត្តិ ដែលស្តេចសៀម ប្រោស ប្រទាន ធ្វើឱ្យពញាអុង វង្វេងស្មារតីភ្លេចមាតុភូមិ តែទីបំផុត បានត្រឹមមានឈ្មោះមិនល្អក្នុងប្រវត្តិសាស្ត្រ។

ការលើកឡើងតាមរយៈអក្សរសិល្ប៍ខ្មែរ រឿង “ពិភេកហោរា” និងប្រវត្តិសាស្ត្រខ្មែរ រឿង “ពញាអុង” ចង់បង្ហាញថា “អំពើក្បត់ជាតិ គឺនៅត្រង់បុគ្គលនោះ រត់ទៅចុះចូលបរទេស និងនាំបរទេសចូលឈ្លានពានដែនប្រទេសរបស់ខ្លួន” នេះឯង។ បើត្រឹមតែក្បត់ចិត្តគ្នា ដោយមិនពឹងពាក់បរទេស មិនហៅថា ក្បត់ជាតិនេះទេ ដូចជាក្បត់ឪពុក ក្បត់ម្តាយ ក្បត់ប្រពន្ធ ក្បត់ មិត្តភក្តិជាដើម។ ជនក្បត់ខ្លះចង់បានអំណាច ក៏ធ្វើសកម្មភាពដណ្តើមអំណាច ឬទាមទារសិទ្ធិសេរីភាព ជាលក្ខណៈ “ឧទ្ទាមកម្ម” ឬបង្កចលនាតស៊ូក្នុងព្រៃ ដូចចលនាអាចារ្យស្វា ពោធិ៍កំបោរ ស៊ីវត្ថា ក្រឡាហោមគង់ ពិស្ណុលោកឈូក អាចារ្យហែម ចៀវ ជាដើម។ រីឯលោកសឺង ង៉ុកថាញ់, ដាប ឈួន, សម សារី, ព្រាប អ៊ិន, សៅ ង៉ុយ ដែលបង្កចលនាខ្មែរសេរី ពឹងបរទេសឱ្យជួយ នោះ អាចចាត់ទុកថា “ក្បត់ជាតិ” បាន ប៉ុន្តែ ការចោទប្រកាន់មិនគ្រប់គ្នាទេ គឺចោទទៅតាមនិន្នាការ លុះក្រោយមក “ជនក្បត់ជាតិ” ក៏ត្រូវគេលើកតម្កើងថា “ស្នេហាជាតិ” វិញ ក៏សឹងមាន ដូចករណីលោកសឺង ង៉ុកថាញ់ ត្រូវបានលោកសេនាប្រមុខ លន់ នល់ ចាត់ទុកជាវីរបុរសស្នេហាជាតិ រហូតតែងតាំងជានាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ។

សរុបទៅ “ក្បត់ជាតិ ក្នុងអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ” មានលក្ខណៈយ៉ាងនេះឯង សម្រាប់យកមកពិចារណា ពោលគឺ ពិភេកហោរា ទៅពឹងព្រះរាម ឯស្តេចពញាអុង ពឹងស្តេចសៀម ចាត់ទុកថា “ក្បត់ជាតិ”។ ចំណែកអាចារ្យហែម ចៀវ អាចារ្យនួង ឌួង តវ៉ារឿងអក្សរសាស្ត្រ ដែលជាប់គុកកោះត្រឡាច ជំនាន់បារាំងនោះ មិនក្បត់ជាតិទេ តែជាលក្ខណៈ “ស្នេហា ជាតិ” សុទ្ធសាធ។ ដូច្នេះករណីលោកកឹម សុខា ជាប់ចោទពីបទក្បត់ជាតិនោះ ស្រេចលើតុលាការ បើរកឃើញថា គាត់បាន គប់គិត នាំមហាអំណាចមកឈ្លានពានដែនប្រទេសរបស់ខ្លួន ចៅក្រមនឹងចាត់ការទៅតាមនីតិវិធី តែបើរកមិនឃើញ ក៏ ស្រេចតែតុលាការវិនិច្ឆ័យ៕

ដោយ អាចារ្យថាំ

RELATED ARTICLES