Friday, April 26, 2024
Homeនយោបាយអ្នកតំណាងរាស្ត្រថា បើរំលាយបក្សប្រឆាំង រំលាយទាំងរដ្ឋាភិបាល

អ្នកតំណាងរាស្ត្រថា បើរំលាយបក្សប្រឆាំង រំលាយទាំងរដ្ឋាភិបាល

ភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) លោកម៉ៅ មុនីវណ្ណ អះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយមែននោះ រដ្ឋាភិបាលក៏ត្រូវរំលាយផងដែរ ព្រោះរាជរដ្ឋាភិបាលបង្កើតទ្បើងដោយសភា ដែលមានសមាជិកចំនួន១២៣រូប មកពីគណបក្សជាប់ឆ្នោតទាំង២ គឺគណបក្សសង្គ្រោះជាតិ ៥៥រូប និងគណបក្សប្រជាជនកម្ពុជា ៦៨រូប។

លោកម៉ៅ មុនីវណ្ណ បានលើកឡើងបែបនេះ បន្ទាប់ពីក្រសួងមហាផ្ទៃ តាមរយៈក្រុមមេធាវីតំណាងដោយអាណត្តិ ចំនួន៥រូប បាន ដាក់ពាក្យបណ្តឹង ចូលទៅកាន់តុលាការកំពូល កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដើម្បី ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) យោងតាមពាក្យបណ្តឹងរបស់គណបក្សនយោបាយចំនួន២ គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា និងការស្រាវជ្រាវរកឃើញភ័ស្តុតាង នៃការប្រព្រឹត្តបទល្មើសរបស់គណបក្សប្រឆាំងនេះ របស់ក្រសួងមហាផ្ទៃ ហើយបណ្តឹងនេះ ក្រុមមេធាវី អះអាងថា មាន ភ័ស្តុតាងគ្រប់គ្រាន់ និងរឹងមាំ រហូតដល់២១ សម្រាប់ជាមូលដ្ឋានឱ្យតុលាការកំពូលសម្រេចក្នុងការរំលាយគណបក្សសង្គ្រោះជាតិ តាមផ្លូវ ច្បាប់បាន។

លោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ចាម បានបង្ហាញនូវការព្រួយបារម្ភថា ស្ថានភាពនយោបាយនៅកម្ពុជា នឹងកាន់តែតានតឹង បើបក្សប្រឆាំង ត្រូវរំលាយ ហើយនៅពេលនោះ រដ្ឋាភិបាលក៏ មិនស្របច្បាប់ គឺនឹងត្រូវរំលាយដូចគ្នាដែរ។

លោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

លោកម៉ៅ មុនីវណ្ណ ថ្លែងថា “ខ្ញុំយល់ឃើញថា បើរំលាយ វារំលាយទាំងអស់ហើយវារំលាយ ទាំងរដ្ឋាភិបាលទៀត ព្រោះកាលណារំលាយគណបក្ស តំណាងរាស្ត្រ៥៥នាក់ហ្នឹង វាទៅអស់ហើយរដ្ឋាភិបាល ដែលកើតទ្បើងពីសភា នីតិកាលទី៥ហ្នឹង វាមិនទៅទាំងអស់គ្នាហើយ។ ធម្មតារដ្ឋាភិបាល កើតទ្បើងដោយសភា១២៣ រូប បើរំលាយទាំងអស់គ្នាហើយ អ្នកណាដឹកនាំរដ្ឋាភិបាល?”។

ចំណែកអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) លោកសុខ ឥសាន  មិនយល់ស្របនឹងការលើកឡើងរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង លោកម៉ៅ មុនីវណ្ណ នោះទេ ដោយលោកបានបញ្ជាក់ថា នេះជាករណីការ អនុវត្តច្បាប់ទៅលើគណបក្សដែលប្រព្រឹត្តខុសច្បាប់ ដូច្នេះមិនអាចប៉ះពាល់ដល់រាជរដ្ឋាភិបាល ស្របច្បាប់ទេ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា (រដ្ឋាភិបាលនៅដដែល តើមានអីត្រូវរលាយ ជាមួយគណបក្សដែលធ្វើខុសនោះ ហើយអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវរលាយហ្នឹង គឺយកទៅចែកគណបក្សផ្សេងៗដែលប្រកួតប្រជែងការបោះឆ្នោត មានបាត់សភាពហុបក្សឯណា ដល់ចែកអ្នកក្រៅ អ្នកក្រៅចូលប្រជុំមក វាពហុបក្សដដែលតើ វាមិនអាចយកគណបក្សណាមួយមកធ្វើចំណាប់ខ្មាំងរបស់រដ្ឋសភា ឬរបស់រាជរដ្ឋាភិបាលបានទេ អត់មានច្បាប់ចែងទេ)។

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ប្តឹងសុំរំលាយគណបក្សសង្គ្រោះ ជាតិនោះ មានភ័ស្តុតាងរហូតដល់២១ សម្រាប់ជាមូលដ្ឋានរឹងមាំ់ ក្នុងនោះមានទាំងការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ និងបណ្តឹងរបស់ គណបក្សនយោបាយ ចំនួន២ គឺគណបក្សហ៊្វុន ស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ហើយ ក្រសួងមហាផ្ទៃ បានប្រគល់សិទ្ធិតំណាងដោយ អាណត្តិដល់មេធាវីចំនួន៥រូប រៀបចំពាក្យបណ្តឹង ដាក់ចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងសុំ រំលាយគណបក្សសង្គ្រោះជាតិ។

លោកសុខ ឥសាន

ដោយឡែក ប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើក ឡើងថា ការប្តឹងរបស់ក្រសួងមហាផ្ទៃ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ គឺជារឿងត្រឹមត្រូវតាមច្បាប់ និងជាការលើកតម្កើងនីតិរដ្ឋ និងលទ្ឋិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ហើយជាការរៀបចំផ្លូវ សម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។ តុលាការ អាចនឹងសម្រេចរំលាយ គណបក្សសង្គ្រោះជាតិ និងសម្រេចឱ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំងអស់ ដែលជា គណៈកម្មាធិការនាយក គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ផ្អាកសកម្មភាពនយោបាយពី ៥ឆ្នាំទៅមួយជីវិត។ ប៉ុន្តែ ការរំលាយគណបក្សសង្គ្រោះជាតិ នឹងមិនអាចទៅរួចទេ បើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទក្បត់ជាតិ សម្រេចលាលែងពីប្រធានបក្ស។

លោករស់ សារ៉ុម បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ថា “នយោបាយកម្ពុជា កំពុងដើរលើ ផ្លូវត្រូវហើយ” អ្នកឈ្នះឆ្នោត អ្នកចាញ់ឆ្នោត សុទ្ឋតែអាចរស់ក្នុងសង្គមបានសុខដូចគ្នា”។ គ្មានឡើយពូជអ្នកធ្វើនយោបាយ រត់តាមនយោបាយ ដើម្បីផ្លាស់ប្តូរជីវភាពនិងច្បាមអំណាចខុសច្បាប់។

ចំពោះការប្តឹងរបស់ក្រសួងមហាផ្ទៃ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ខ្ញុំយល់ថា គឺជា រឿងត្រឹមត្រូវតាមច្បាប់ និងជាការលើកតម្កើង នីតិរដ្ឋ និងលទ្ឋិប្រជាធិបតេយ្យពិតប្រាកដនៅ កម្ពុជា ហើយជាការរៀបចំផ្លូវសម្រាប់អ្នកបន្ត វេនជំនាន់ក្រោយ”។

លោករស់ សារ៉ុម បានសរសេរបន្តថា “តើគណបក្សសង្គ្រោះជាតិ អាចរលាយមែនទេ? ខ្ញុំយល់ថា រឿងនេះអាចចេញជាលទ្ឋផលពីរ ៖

លោករស់ សារ៉ុម

១.បើជនសង្ស័យក្បត់ជាតិ កឹម សុខា និងបក្សពួក ឈប់ក្រាញតួនាទីនិងអំណាច ហើយ សម្រេច លាលែងពីប្រធានបក្សសង្គ្រោះជាតិ និងសមាជិកបក្ស ឬគណបក្សសម្រេចបណ្តេញ បញ្ឈប់សមាជិកភាពលោកកឹម សុខា និងបក្សពួក មុនសេចក្តីសម្រេចរបស់តុលាការ រឿងរំលាយ គណបក្សសង្គ្រោះជាតិមិនអាចទៅរួចឡើយ។

២.តុលាការអាចនឹងសម្រេចឱ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំងអស់ ដែលជា គណៈកម្មាធិការនាយក គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ផ្អាកសកម្មភាពនយោបាយពី ៥ឆ្នាំ ទៅមួយជីវិត ហើយអ្នកដែលជាប់ពាក់ព័ន្ឋ ខ្លាំងជាមួយកឹម សុខា ត្រូវជាប់គុក តាមឋានានុក្រម”។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ តាមរយៈក្រុមមេធាវី តំណាងដោយអាណត្តិ ៥រូប បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងសុំ រំលាយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) យោងតាមពាក្យបណ្តឹងរបស់គណបក្សនយោបាយចំនួន២ គឺគណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សយុវជនកម្ពុជា និងការស្រាវជ្រាវរក ឃើញភ័ស្តុតាង នៃការប្រព្រឹត្តបទល្មើសរបស់ គណបក្សប្រឆាំងនេះរបស់ក្រសួងមហាផ្ទៃ។

ក្រុមមេធាវី អះអាងថា បណ្តឹងនេះមាន ភ័ស្តុតាងគ្រប់គ្រាន់និងរឹងមាំ សម្រាប់ជាមូលដ្ឋានឱ្យតុលាការកំពូល សម្រេចក្នុងការរំលាយ គណបក្សសង្គ្រោះជាតិ តាមផ្លូវច្បាប់បាន។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលក្រុមមេធាវី បានដាក់ចូលទៅតុលាការ កំពូលនោះ គឺមានកម្មវត្ថុប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្ស នយោបាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើភ័ស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ បាននិងកំពុងអនុវត្ត ផែនការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមរូបភាពនៃបដិវត្តន៍ពណ៌ ដោយយកគំរូ តាមប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជា បណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ហើយ ដោយគប់គិតគ្នាជាសម្ងាត់ ជាមួយបរទេស។ ភ័ស្តុតាងទាំងនោះ រួមមានវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន ព្រមទាំងវីដេអូ ឃ្លីបសារភាពផ្ទាល់របស់លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” នោះផងដែរ។

យោងតាមសេចក្តីសង្ខេបពាក្យបណ្តឹងរបស់ ក្រសួងមហាផ្ទៃ ដែលក្រុមមេធាវី បានយកទៅ ដាក់ជូនតុលាការកំពូល នៅព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០១៧ មានខ្លឹមសារដូចខាងក្រោម ៖

១.ពាក្យបណ្តឹងដែលបានដាក់នៅតុលាការ កំពូល គឺមានកម្មវត្ថុ ប្តឹងរំលាយគណបក្សសង្គ្រោះ- ជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ  នៃព្រះរាជាណាចក្រកម្ពុជា។

២.ពាក្យបណ្តឹងនេះ គឺផ្អែកលើភ័ស្តុតាង គ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ បាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោម ទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយ ចំនួន នៅមជ្ឈិមបូព៌ា។ យើងបានរកឃើញ វីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូន តុលាការកំពូលថ្ងៃនេះ និងខ្លះទៀត ដែលយើង មានក្នុងដៃរបស់យើងរួចហើយ។ សម្តីផ្ទាល់ខ្លួន របស់លោកកឹម សុខា ក្នុងឋានៈថ្នាក់ដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ នៅក្នុងវីដេអូឃ្លីបទាំង៣ ដែលយើងរកឃើញនេះ គឺជាភស្តុតាងដ៏រឹងមាំ ផង និងជាសក្ខីកម្មដ៏ច្បាស់លាស់ ដែលមិន អាចប្រកែកបាន អំពីផែនការឃុបឃិតគ្នាជា សម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់ បដិវត្តពណ៌ ដែលបាននិងកំពុងអនុវត្តដោយ គណបក្សសង្គ្រោះជាតិ រួមនិងអង្គការមិនមែន រដ្ឋាភិបាល និងបរទេសមួយចំនួន ជ្រកក្រោម ទិសស្លោកនយោបាយភូតកុហកបោកប្រាស់ គឺ “ការផ្លាស់ប្តូរជាវិជ្ជមាន” ការញុះញង់បំផ្លើស ដើម្បីបំផុសចលនាប្រជាជនក្រោមស្លាកសិទ្ធិ- មនុស្ស និងស្លាកប្រជាធិបតេយ្យ ព្រមទាំងការ ចោទប្រកាន់ដោយមិនត្រឹមត្រូវខុសពីការពិត ជាក់ស្តែងគ្រប់ពេលវេលាថា រដ្ឋអំណាចបច្ចុប្បន្ន ជារដ្ឋអំណាចផ្តាច់ការ ដើម្បីបង្កើតជាលេស សម្រាប់ការធ្វើបដិវត្តពណ៌ ក្នុងខណៈពេលដែល រដ្ឋអំណាចស្របច្បាប់បច្ចុប្បន្ន កំពុងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការចាត់តាំងឱ្យមាន ការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមសុខសន្តិភាព ពេញបរិបូរណ៍ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត។

សកម្មភាពខុសច្បាប់ជាច្រើន ដែលបាន និងកំពុងអនុវត្តដោយគណបក្សសង្គ្រោះជាតិ  គឺមានភាពស៊ីចង្វាក់គ្នាទៅនឹងផែនការសម្ងាត់ នៃការធ្វើបដិវត្តពណ៌ ដូចសំដីរបស់លោកកឹម សុខា នៅក្នុងវីដេអូឃ្លីប ជាសក្ខីកម្មមិនអាច ប្រកែកបាន ក្នុងនោះ រួមមានទាំងការបញ្ជូន មនុស្សទៅហ្វឹកហាត់ និងទទួលការបណ្តុះបណ្តាល ជាប្រចាំនៅបរទេស អំពីរបៀបនៃការធ្វើបដិវត្ត ពណ៌ ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា។

បន្ថែមលើវីដេអូឃ្លីបទាំង៣ខាងលើ នៅ មានភស្តុតាងជាច្រើនទៀត ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ ក្រៅពីផែនការឃុបឃិត គ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ គណបក្ស នេះ ក៏មានចំណងចំណុះឱ្យបរទេស និងក្រោម ការបង្គាប់បញ្ជារបស់បរទេសផងដែរ ដែលជា ការបំពានច្បាប់ស្តីពិគីណបក្សនយោបាយ។

៣.អង្គហេតុនៃសកម្មភាពខុសច្បាប់របស់ គណបក្សសង្គ្រោះជាតិ គឺបានបំពានទៅនឹង មាត្រា៦ថ្មី (ពីរ) និងមាត្រា៧ នៃច្បាប់ស្តីពី គណបក្សនយោបាយ។

-មាត្រា៦ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្ស នយោបាយ ចែងថា “គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម ៖

១.ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។

២.ធ្វើវិទ្វង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ។

៣.ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

៤.បង្កើតកងកម្លាំងប្រដាប់អាវុធ។

៥.ធ្វើការញុះញង់ដែលអាចនាំឱ្យមានការ បែកបាក់ជាតិ។

៦.ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទ មជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន។

៧.យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពី បទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណា មួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់ គណបក្សនយោបាយរបស់ខ្លួន។

៨.គាំទ្រ ឬរៀបចំផែនការ ឬឃុបឃិត ជាមួយរាល់បុគ្គល ដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុចទី១ ដល់ចំណុចទី៥ ខាងលើ។

អំពើ និងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដូចបង្ហាញខាងលើ គឺជាទង្វើបំពានមាត្រា ៦ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រង់ចំណុចទី២ ចំណុចទី៣ ចំណុចទី៥ និង ចំណុចទី៨។

-មាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា “គ្រប់គណបក្សនយោបាយមិន ត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជា របស់គណបក្សនយោបាយបរទេស ឬរបស់រដ្ឋាភិបាលបរទេស”។ អំពើ និងសកម្មភាពរបស់ គណបក្សសង្គ្រោះជាតិ គឺបានបំពានមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

៤-មាត្រា៤៤ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា “ដោយមិនទាន់គិត ដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្ស នយោបាយដែលបានប្រព្រឹត្តបទល្មើសនឹងមាត្រា ៦ថ្មី (ពីរ) នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ ស្តីពីគណបក្សនយោបាយ តុលាការអាចសម្រេច ដូចខាងក្រោម ៖

-ផ្អាកសកម្មភាព គណបក្សនយោបាយ នោះមិនលើសពី៥ឆ្នាំ។

-រំលាយគណបក្សនយោបាយនោះ។

ដោយសារអំពើរបស់គណបក្សសង្គ្រោះជាតិខាងលើ ជាអំពើល្មើសច្បាប់ ដែលមាន លក្ខណៈធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិ របស់ក្រសួងមហាផ្ទៃ បានសំណូមពរដល់តុលាការ កំពូល ដូចខាងក្រោម ៖

ទី១-សម្រេចរំលាយគណបក្សសង្គ្រោះជាតិ  តាមបញ្ញត្តិមាត្រា ៤៤ថ្មី (ពីរ) នៃច្បាប់ ស្តីពីគណបក្សនយោបាយ។

ទី២-ហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាមបញ្ញត្តិមាត្រា៤៥ថ្មី កថាខណ្ឌទី៣ នៃច្បាប់ ស្តីពីគណបក្សនយោបាយ…។

លោកគី តិច មេធាវីមួយរូបតំណាងឱ្យ ក្រសួងមហាផ្ទៃ ដែលបានយកពាក្យបណ្តឹង ទៅដាក់ជូនតុលាការកំពូល នៅព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០១៧ នោះបានបញ្ជាក់ប្រាប់អ្នកកាសែត នៅមុខតុលាការកំពូលថា រូបលោកនិង មេធាវីចំនួន៤រូបទៀត ត្រូវបានក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិជាមេធាវី តំណាងដោយអាណត្តិ ដើម្បីដាក់ពាក្យប្តឹងទៅតុលាការកំពូល សុំរំលាយ គណបក្សសង្គ្រោះជាតិ ហើយពាក្យបណ្តឹងត្រូវ បានក្រុមមេធាវីរបស់លោក យកមកដាក់ជូន តុលាការកំពូល នៅព្រឹកនេះ រួចរាល់ហើយ។ លោកមេធាវី បានថ្លែងថា តាមរយៈភ័ស្តុតាង ដែលបានដាក់ក្នុងពាក្យបណ្តឹងទៅតុលាការកំពូល នេះ គឺគ្រប់គ្រាន់និងរឹងមាំសម្រាប់ជាមូលដ្ឋាន ឱ្យតុលាការកំពូល សម្រេចក្នុងការរំលាយគណបក្សសង្គ្រោះជាតិ បានតាមផ្លូវច្បាប់។

លោកគី តិច បានមានប្រសាសន៍ថា “ដើមហេតុនៃរឿងរ៉ាវនេះ គឺថា ទី១ យើងខ្ញុំជាមេធាវី ចំនួន៥រូប ដែលត្រូវបានក្រសួងមហាផ្ទៃចាត់តាំងជាមេធាវីតំណាងដោយអាណត្តិ ដើម្បី រៀបចំពាក្យបណ្តឹង ប្រមូលស្រាវជ្រាវភ័ស្តុតាង និងចុះហត្ថលេខាលើបណ្តឹង ដើម្បីយកមកដាក់ នៅតុលាការកំពូលថ្ងៃនេះ ហើយជាក់ស្តែង គឺ ខ្ញុំសូមបង្ហាញបងប្អូន នេះគឺជាលិខិតប្រគល់សិទ្ធិ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ហើយពួកខ្ញុំមានឈ្មោះខ្ញុំ ទី១ (មេធាវី គី តិច) ទី២ មេធាវី លី ច័ន្ទតុលា ទី៣ មេធាវី គង់ ទីលីន ទី៤ មេធាវី សាន់ ជួយ និងទី៥ មេធាវី ចេង ប៉េងហាប់ នេះជាសិទ្ធិតំណាងក្នុងការប្តឹង មកតុលាការកំពូលថ្ងៃនេះ។ ទី២ គឺថា ថ្ងៃនេះ យើងមកដាក់បណ្តឹងមួយ ដែលតំណាងឱ្យក្រសួង មហាផ្ទៃនេះ គឺដាក់បណ្តឹងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ មកតុលាការកំពូល ដោយ បណ្តឹងនេះ យើងមានភ័ស្តុតាងដែលយើងប្រមូល  បានចំនួនរហូតមកដល់ពេលនេះ យើងដាក់ភ័ស្តុតាងពីលេខរៀងទី១ ដល់លេខរៀងទី២១ ដោយ ១លេខរៀងៗ គឺមានភ័ស្តុតាងជាកញ្ចប់នៅក្នុង ហ្នឹង រហូតដល់កញ្ចប់ទី២១ នេះគឺជាភ័ស្តុតាង ពាក់ព័ន្ធនឹងបណ្តឹងនេះ”។

លោកមេធាវី គី តិច

លោកមេធាវី គី តិច បានបន្តថា “សូម បញ្ជាក់ដែរ កុំឱ្យមានការយល់ច្រឡំគឺថា បណ្តឹង ថ្ងៃនេះ គឺយើងប្តឹងសុំរំលាយគណបក្សសង្គ្រោះ ជាតិទេ អត់មានពាក់ព័ន្ធទៅលើលោកកឹម សុខា ដែលកន្លងមក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងក្បត់ជាតិទេ គឺសុំបញ្ជាក់ថា ថ្ងៃនេះយើង ប្តឹងសុំរំលាយគណបក្ស ហើយភ័ស្តុតាងនៅក្នុង នេះដែលយើងចាត់ទុកថា ជាភ័ស្តុតាងសំខាន់ គឺមាន៣ ក្នុងនោះមានសម្តីផ្ទាល់ខ្លួនរបស់លោកកឹម សុខា ក្នុងឋានៈជាអ្នកដឹកនាំគណបក្ស សង្គ្រោះជាតិ នៅក្នុងនោះក៏មានវីដេអូឃ្លីប៣ ដែលគាត់បានមានប្រសាសន៍ ពាក់ព័ន្ធបញ្ហាដែល គាត់គណបក្សសង្គ្រោះជាតិនេះ ត្រូវបានគាំពារ ឬការរៀចំផែនការ ដោយសហការជាមួយនឹង បរទេស អ៊ីចឹងបើយើងក្រឡេកមើលចំណុចអស់ នេះមកផ្ទៀងផ្ទាត់នឹងច្បាប់គណបក្សនយោបាយ នៅក្នុងច្បាប់គណបក្សនយោបាយ គឺនៅក្នុង មាត្រា៦ថ្មី(២) និងមាត្រា៧ គឺបានបញ្ជាក់ហើយ បន្តិចទៀត ខ្ញុំសុំឱ្យមេធាវីរបស់ខ្ញុំ នឹងចែកជូន បងប្អូនអ្នកសារព័ត៌មាន ដើម្បីឱ្យបានមើល ហើយសុំឱ្យពិនិត្យពិចារណាចុះ ឱ្យបានត្រឹមត្រូវ តាមហ្នឹងទៅ គឺថា អត់ខុសទេ ព្រោះអាហ្នឹង ពាក់ព័ន្ធនឹងច្បាប់ បើយើងចុះមិនបាន មើលគឺ វាអាចខុស ខុសតែលេខមួយក៏វាខុសដែរ…”។

លោកមេធាវី គី តិច បញ្ជាក់បន្ថែមថា តាមរយៈភ័ស្តុតាងដែលបានដាក់ក្នុងពាក្យបណ្តឹង ទៅតុលាការកំពូលនេះ គឺគ្រប់គ្រាន់និងរឹងមាំ សម្រាប់ជាមូលដ្ឋានឱ្យតុលាការកំពូល សម្រេច ក្នុងការរំលាយគណបក្សសង្គ្រោះជាតិបាន តាម ផ្លូវច្បាប់។

លោកលី ច័ន្ទតុលា មេធាវីមួយរូបទៀត តំណាងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ភ័ស្តុតាង ក្នុងការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ នេះ  គឺភ័ស្តុតាង ដោយយោងទៅលើការស្រាវជ្រាវ របស់ក្រសួងមហាផ្ទៃ ហើយក៏យោងទៅលើ ពាក្យបណ្តឹងដែលគណបក្សយុវជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ទៅក្រសួង មហាផ្ទៃផងដែរ ហើយប្រភេទភ័ស្តុតាងដែល មាននេះ មានច្រើនរូបភាព ពេលខ្លះជាវីដេអូ ការប្រជុំ ពេលខ្លះជាលិខិតឆ្លើយឆ្លងជាឯកសារ ផ្សេងៗ ឬក៏ជាឯកសារបណ្តុះបណ្តាលជាសម្ងាត់  ដែលត្រូវបានយកមកចងក្រងធ្វើជាភ័ស្តុតាង នៃបទល្មើសរបស់គណបក្សសង្គ្រោះជាតិ ទៅ លើមាត្រា៦ថ្មី(២) និងមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕

RELATED ARTICLES