Friday, April 26, 2024
Homeព័ត៌មានជាតិប្តីក្មេងចង់បានគូថ្មី ស្ត្រីជាប្រពន្ធចាស់ឱ្យលុយដើររក

ប្តីក្មេងចង់បានគូថ្មី ស្ត្រីជាប្រពន្ធចាស់ឱ្យលុយដើររក

ស្ត្រីម្នាក់នេះ បានយកប្តីក្មេង ដែលគាត់ធ្លាប់ពកាល នៅតូច រួមរស់ជាមួយគ្នាជាង២០ឆ្នាំ លុះប្រពន្ធ ថយតម្រេកតណ្ហា ប្តីក្មេងរអ៊ូចង់រកគូថ្មីទៀត។ ដោយ មិនសូញសាញយូរ ប្រពន្ធក៏រៀបបង្វេចខោអាវ និងលុយ ឱ្យប្តីដើររកតាមចិត្តចុះ ប៉ុន្តែប្តីក្មេងមិនដាច់អាល័យ ពីឆ្នាំងចាស់ ក៏វិលរកទ្រនំវិញ បន្ទាប់ពីចាយលុយ អស់ ធ្វើឱ្យអ្នកជិតខាងសើចស្ញាញគ្រប់គ្នា…។

អ្នកស្រីសុខ ភួន អាយុ៤៩ឆ្នាំ រស់នៅភូមិទួលកំពៅ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ទាំងតូចចិត្ត ដ្បិតប្តីក្មេងឱ្យទុក្ខថា គាត់មានប្តីឈ្មោះម៉ា ភឿន អាយុ៣៨ឆ្នាំ ដោយបង្កើតបានកូនប្រុសស្រី៣នាក់ ដែលសព្វថ្ងៃ កូនស្រីច្បង បានរៀបការបែកគ្រួសារទៅនៅខាងប្តី នៅសល់តែកូន២នាក់ ក្នុងបន្ទុកឪពុកម្តាយ។ មូលហេតុដែលគាត់យកប្តីអាយុតិចជាងដល់ទៅជាង ១០ឆ្នាំបែបនេះ មកពីសាច់កម្មតែម្តង ព្រោះកាលគាត់ធំពេញក្រមុំភ្លាម មិនខ្វះទេកំលោះៗអាយុស្របាលគ្នា ចូលចែចូវ តែគាត់ប្រកែកជានិច្ច ព្រោះគ្មាននិស្ស័យ រហូតដល់អាយុ២៧ឆ្នាំ ស្រាប់តែ បាក់ចិត្តស្រលាញ់កំលោះស្ទាវម្នាក់ឈ្មោះម៉ា ភឿន ដែលកាលនោះ គេទើបមានអាយុ១៦ឆ្នាំប៉ុណ្ណោះ។ ក្មេងស្ទាវនេះមានផ្ទះមិនឆ្ងាយពីគ្នាទេ គឺកាលគេមានអាយុ២ខួប ចេះដើរតេះតះ ឯរូបគាត់មានអាយុ១៣ឆ្នាំ ពេញជំទង់ទៅហើយ តែងដើរទៅលេងផ្ទះ គេ និងលើកបីពគេ ឱបថើបដោយក្តីស្រលាញ់ ជួនកាលបានទាំងជួយងូតទឹកដុស លាងប្រដាប់ប្រដាឱ្យទៀតផង។ លុះគេក្លាយជាកំលោះស្ទាវ និងឃើញគាត់ចេះ តែប្រកែកមិនព្រមយកប្តី ទើបថ្ងៃមួយ កំលោះភឿន បានសួរគាត់ស្ងាត់ៗថា “ខ្ញុំលួចស្រលាញ់បងយូរហើយ បើបងរើសប្តីអ៊ីចឹង តើព្រមយកខ្ញុំទេ?” គេមានទម្លាប់ ហៅគាត់ថា បង! យ៉ាងនេះ សូម្បីទាក់ទងពីរឿងស្នេហ៍ ក៏ហៅបងដែរ។ ហេតុតែមាននិស្ស័យជាមួយគ្នា គាត់ មិនព្រមភ្លាមៗទេ ដោយនិយាយថា “បងចាស់ហើយ កុំនិយាយលេងជាមួយបងណា៎!” គាត់បានទាំងលេង អង្អែលក្បាលកំលោះស្ទាវទៀតផង ហើយបន្ថែមថា “អូនឯងរកស្រីក្មេងដូចគ្នាទៅទើបវាសម កុំស្រលាញ់ បងអី!” ទោះជាគាត់ប្រាប់យ៉ាងណាក៏កំលោះស្ទាវមិន ដកចិត្ត បានទាំងឱបគាត់ទៀតផង ធ្វើឱ្យគាត់ទាល់ច្រក ក៏យល់ព្រមបើកផ្លូវឱ្យចាស់ទុំចូលស្តីដណ្តឹងរៀបការ តាមប្រពៃណី។

អ្នកស្រីសុខ ភួន បន្តទៀតថា រាត្រីផ្សំដំណេកដំបូងនោះ ប្តីប្អូនចង់ធ្វើអ្វីសុទ្ធតែសុំគាត់ជាមុនសិន ដោយទទួលស្គាល់ថា ពិតមែនតែគេក្មេងជាង ក៏មិនល្ងង់អីក្នុងរឿងយប់ព្រលប់នោះដែរ។ គេធ្វើឱ្យគាត់មានផ្ទៃពោះភ្លាម និងរួមរស់ជាង២០ឆ្នាំកន្លងមកនេះ បង្កើតបានកូន៣នាក់ ធំស្មើស្មាឪពុកម្តាយទៅហើយ។ ពីមុនប្តីក្មេងនេះ ស្តាប់បង្គាប់គាត់ណាស់ លុះប៉ុន្មានឆ្នាំចុងក្រោយនេះ គេបែកគំនិតសេពគប់មិត្តភក្តិខិលខូច ចេះស៊ីផឹក ឱ្យតែស្រវឹងមកដល់ផ្ទះម្តងៗ បង្ករឿងមិនស្វាង។ វ័យកណ្តាលរបស់គាត់ ក៏ថយតម្រេក តណ្ហាចង់អស់ហើយ មិនអាចបម្រើប្តីបានទៀតទេ រហូតដល់ថ្ងៃមួយ ប្តីប្រាប់ថា គេសុំរកប្រពន្ធថ្មីទៀតហើយ បើប្រពន្ធចាស់ប្រើការលែងកើតយ៉ាងនេះ។ គាត់ឈឺចាប់ ណាស់ តែក៏មិនបិទសេរីភាពប្តីដែរ លុះព្រឹកឡើង គាត់ក៏រៀបបង្វេចខោអាវឱ្យគេ និងហុចលុយ៣០ម៉ឺនរៀល សម្រាប់គេធ្វើសោហ៊ុយ ចេញទៅរកប្រពន្ធថ្មីតាមបំណងចុះ។

លោកម៉ា ភឿន

ស្ត្រីជាប្រពន្ធបន្តថា ប្តីនេះចេញទៅរកប្រពន្ធដល់ភូមិត្រពាំងរូង ខេត្តកំពង់ធំ ទៅបាត់១អាទិត្យ លុះចាយលុយអស់ ក៏លេចមុខមកវិញប្លឺម ប្រាប់គាត់ថា គេរកប្រពន្ធអត់បាន សុំយកឆ្នាំងចាស់វិញហើយ។ គាត់ក៏មិនថាអ្វីដែរ រង់ចាំមើល មារយាទប្តីតទៅទៀត ដោយយល់ព្រមឱ្យគេដេកចូលខ្លះៗទៅ មិនរកាំរកូសអ្វីទេ តែបើមានមិត្តភក្តិហៅផឹក ដឹងតែ រករឿងឈ្លោះចង់រកប្រពន្ធថ្មី ក្លាយជាទម្លាប់អាក្រក់ កែមិនឡើងសោះ។

ដោយឡែក លោកម៉ា ភឿន អាយុ៣៨ឆ្នាំ ជាប្តី បនាឱ្យដឹងតាមទូរស័ព្ទពីខេត្តស្ទឹងត្រែង មកថា លោកគ្មានបំណង យកប្រពន្ធថ្មីទេ តែនៅពេលមានអារម្មណ៍មិនសប្បាយក៏ចង់តែដើរចេញពីស្រុក។ រឿងលោកយកលុយពីប្រពន្ធ៣០ម៉ឺន រៀលថាដើររកប្រពន្ធថ្មីនោះ គឺចេញទៅខេត្តកំពង់ធំ ឱ្យធូរអារម្មណ៍ រួចស៊ីផឹកអស់លុយនោះទៅ ក៏វិលមកវិញ។ រឿងនេះ មកពីមិត្តភក្តិចេះតែបង្អាប់ថា លោកយកប្រពន្ធចាស់អត់ស្រួលទេ បើរកបានប្រពន្ធក្មេងទើបគ្រប់ទឹក ក៏ចេះតែជឿគេទៅ។

អ្នកស្រីសុខ ភួន

កញ្ញាធឿន ប្ញទ្ធី អាយុ១៦ឆ្នាំ ជាកូនស្រីពៅ បានឱ្យដឹងថា តាមពិត ឪពុកនាងថាមិនចង់យកប្រពន្ធថ្មីនោះ គឺគាត់ថាឱ្យតែរួច ខ្លួនប៉ុណ្ណោះ ឯចិត្តគាត់ជឿតាមតែមិត្តភក្តិហ្នឹង។ នាងអាណិតម្តាយខ្លាំងណាស់ ដែលឪពុកធ្វើបាបចិត្តរាល់ថ្ងៃ ពុំដឹងជាម៉ែ ឈឺចាប់យ៉ាងណាទេ ទោះជាគាត់មិនទម្លាយឱ្យកូនៗដឹង ក៏នាងយល់ចិត្តគាត់ច្បាស់ណាស់។ ឯពុក ដែលចេញទៅរកស៊ីនៅ ខេត្តស្ទឹងត្រែង នោះ តើអ្នកណាជឿថា គាត់នៅតែរក្សាចិត្តស្មោះជាមួយម៉ែនោះ បើគាត់ស្តាប់តែបនភឿនផ្លុំត្រចៀកយ៉ាងនេះ?

ផ្ទះលោកម៉ា ភឿន និងអ្នកស្រីសុខ ភួន

លោកអៀម អ៊ីន អាយុ៤៥ឆ្នាំ និងអ្នកស្រីគីម គី អាយុ៤៤ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ដើមចម នៃទំនាស់វិបត្តិក្នុងគ្រួសារនេះ គឺមកពីលោកម៉ា ភឿន ងប់ងុលនឹងសម្តីម៉ាកភឿន ចាក់ចេកចាក់ស្ករ អួតស្រីក្មេងថា ឈ្ងុយឆ្ងាញ់ជាងប្រពន្ធចាស់។ បើតាមដានរឿងនេះទៅ លោកភឿន មិនភ្លេចឆ្នាំងចាស់ ឬប្រពន្ធ ចាស់ដែលធ្លាប់បីពគាត់កាលនៅជាទារកនោះឡើយ ទើបលោកភឿន ទៅចោលមិនបានប៉ុន្មានថ្ងៃ ក៏វិល មកវិញជ្រងោ។ លុយត្រឹម៣០ម៉ឺនរៀលទៅរកប្រពន្ធក្មេងឯណាបាន? តែបើបានក៏វាមិនហួសពីស្រីខារ៉ាអូខេ រកស៊ីផ្លូវភេទនោះឡើយ។

លោកអៀម អ៊ីន

រីឯអ្នកស្រុកមួយចំនួន ក៏បានឱ្យដឹងដែរថា ធម្មតាប្រពន្ធចាស់ប្តីក្មេងតែប៉ុណ្ណឹង ព្រោះប្រពន្ធ អាងខ្លួនចាស់ជាងមិនគោរពប្តីប្អូន ឯប្តីក៏មិនព្រមនៅពីក្រោមប្រពន្ធ ទើបវាអ៊ីចឹងទៅ។ លោកភឿន ពិតជាធ្លាប់វេចលុយប្រពន្ធដើររកប្រពន្ធថ្មីមែន តែរកឯណាបានលុយប៉ុណ្ណឹង ក៏វិលរកទ្រនំវិញ អង្វរសុំទោសប្រពន្ធ ធ្វើឱ្យអ្នកស្រុកហួសចិត្តគ្រប់គ្នា។

អ្នកស្រីគីម គី

គួរបញ្ជាក់ថា បើវិភាគរឿងជីវិតនេះឱ្យល្អិតល្អន់ ប្តីក្មេងពិតជាមិនដាច់ចិត្តពីប្រពន្ធចាស់ ដែលរៀបការតាំងពីកំលោះក្រមុំ រហូតមានកូនទន្ទឹមស្មានោះទេ។ ករណីជួបភាពរកាំរកូស គឺមកពី ប្តីក្មេងនៅតម្រេកតណ្ហាពេញខ្លួន ឯប្រពន្ធចាស់ស្រកស្រុតស្ទើរអស់ទៅហើយ មិនអាចបម្រើប្តី បានដូចពីមុន ក៏ទាស់ទែងគ្នា។ មិនខ្វះទេប្រពន្ធដែលបើកសិទ្ធិឱ្យប្តីរកប្រពន្ធថ្មីនោះ ជួនកាលឱ្យ ប្តីយកប្រពន្ធក្រោយមកនៅ ក្រោមដំបូលរួមគ្នាក៏មានដែរ បើសិនជាប្រពន្ធដើមគ្មានកូនបន្តពូជ។ ទោះជាយ៉ាងណា បើប្រពន្ធធ្វើល្អបែបនេះ ប្តីមិនដាច់ចិត្តទៅណាចោលទេ និងនៅថែរក្សាគ្នា រហូតអស់ព្រេងសំណាងរៀងៗខ្លួន ជួនកាលប្តីទៅបួសក៏មានដែរ នៅពេលប្រពន្ធចាស់ ស្លាប់ចោល…”៕

RELATED ARTICLES