កាច់កម៉ូតូជនបរទេសបានសម្រេច! អត់ដឹងថាភ្ជាប់ប្រព័ន្ធ GPS

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូជនជាតិបរទេស ដែលមានភ្ជាប់ប្រព័ន្ធ GPS បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង១៥ នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវបេតុង ចំណុចមុខផ្ទះជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូត្រូវអស់លក្ខណ៍ ជាប់ខ្នោះប៉ូលិសនេះ មានឈ្មោះផល បេន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលជាន់ទី១ ភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ម៉ូតូដែលជនសង្ស័យលួចកាច់កម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-6054 ជារបស់ក្រុមហ៊ុន UMG។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុ តំណាងក្រុមហ៊ុន UMG ជាជនជាតិបរទេស បានជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ទៅទិញម្ហូប លុះទុកម៉ូតូមិនបានចាប់អារម្មណ៍ ស្រាប់តែមានជនសង្ស័យលួចកាច់កម៉ូតូ យកទៅបាត់ ហើយម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះ មានដាក់ប្រព័ន្ធ GPS។ បន្ទាប់ពីបាត់ម៉ូតូហើយ ជនរងគ្រោះបានប្រាប់ឱ្យបុគ្គលិកទៅដាក់ពាក្យបណ្តឹង និងខ្លះទៀតទៅតាមរកម៉ូតូដែលបាត់តាមប្រព័ន្ធ GPS ចង្អុល ដោយដើរតាមរករហូតដល់ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង ប្រព័ន្ធ GPS បានចង្អុលថា ម៉ូតូនៅក្នុងផ្ទះ ក៏ត្រូវបានសមត្ថកិច្ចគាស់ទ្វារឱ្យម្ចាស់ផ្ទះបើក ស្រាប់តែឃើញម៉ូតូដែលបាត់នោះ នៅក្នុងផ្ទះ រួមជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកអាយខន ពណ៌លឿង។ ភ្លាមនោះ ទំនងជាជនសង្ស័យបានលោតពីលើផ្ទះជួលជាន់ទី១ រត់គេចទៅដល់ ក្រោយផ្សារត្រពាំងថ្លឹង តែត្រូវសមត្ថកិច្ចតាមចាប់ឃាត់បានយកទៅសួរនាំ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនទៅសួរនាំ។ ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយធ្វើសកម្មភាពជាមួយបក្ខពួកម្នាក់ទៀត តែដឹងអី ពេលកំពុងសំងំលាក់ខ្លួនមិនចាប់អារម្មណ៍រឿងម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យម្ចាស់វិញ។ ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ទៀត នាំមកចាត់ការតាមផ្លូវច្បាប់៕