បែកធ្លាយ!!! ឆាគ្រិត រៀបការលើកទី២ កូនក្រមុំពពោះ៣ខែ

ពាក្យលេចឮដែលថា ឆាគ្រិត យ៉ែមណាម នឹងចូលរោងការ បានក្លាយមកជាការពិតហើយ នៅពេលដែលបុរសសម្បូរស្នេហ៍រូបនេះ រៀបចំពិធីរៀបការយ៉ាងសាមញ្ញជាមួយនាង អែន ផាត់ធិរ៉ា រុងរោត ខណៈភាគីស្រី មានផ្ទៃពោះ បីខែទៅហើយ ។

មុននេះបន្តិច អ្វីៗហាក់ដូចជាស្រពេចស្រពិល ព្រោះតែតារាសម្បូរស្នេហ៍ ឆាគ្រិត យ៉ែមណាម មានព័ត៌មានជាមួយស្រីៗច្រើនពេក ទាំងស្រីៗក្នុងសង្គមអភិជន រួមទាំងស្រីស្អាតលំដាប់តារាឯកភាពយន្ត។ ទីបំផុត អ្វីក៏ចេញរូបរាងច្បាស់លាស់ នៅពេលលោក ឆាគ្រិត ចេញមកបើកចំហចូលរោងការលើកទី២ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយភាគីពុំមែនជាអ្នកសិល្បៈដូចគ្រាកន្លងមកទេ។ នាងគឺជានារីធម្មតា ដែលមានជីវិតការងារ និងការរស់នៅដូចស្ត្រីទូទៅដែរ។

នេះមិនមែនជាលើកទី១ទេ ដែលលោក ឆាគ្រិត យ៉ែមណាម ចេញមកសារភាពរឿងរ៉ាវស្នេហា។ អាចចាត់ទុកថា ជារឿងគួរឱ្យរីករាយ ដែលសាមីខ្លួនចេញមកទទួលស្គាល់ថា កូនក្រមុំ ក្នុងអាពាហ៍ពិពាហ៍ មានផ្ទៃពោះបីខែ បន្ទាប់ពីខំលាក់បាំង អស់មួយរយៈពេលមក។

លោក ឆាគ្រិត អះអាងថា ការពពោះរបស់ភរិយា ពុំមែនជាការថ្លោះធ្លោយទេ តែជាការតាំងចិត្ត របស់ពួកគេទាំងពីរ។ ជាដំណឹងរីករាយ និងក្រៀមក្រំក្នុងពេលតែមួយ។ ដើមឡើយការឆ្លុះពិនិត្យមើលពោះឃើញថា ជាទារកភ្លោះ។ ដែលជារឿងគួរឱ្យរំភើបត្រេកអរ សម្រាប់គូស្នេហ៍នេះ។ តែ ក្រោយមក ទារកភ្លោះ បែរជារលូតអស់មួយ យ៉ាងគួរឱ្យសោកស្តាយ និងចាត់ទុកជារឿង គួរឱ្យក្រៀមក្រំបំផុត សម្រាប់ពួកគេ។ តែទោះជាយ៉ាងណា ក៏ពួកគេនៅតែត្រេកអរ ដែលនឹងក្លាយជាឪពុកម្តាយនាពេលខាងមុខ។

ចំណែករឿងឋានៈ របស់ភាគីស្រី ឆាគ្រិត ប្រាប់ថា រឿងមានក្រ មិនសំខាន់ទេ សម្រាប់គេ ព្រោះពេលបានគ្នាជាស្វាមី ភរិយា ពួកគេនឹងរួមដៃគ្នាធ្វើការ។ ម៉្យាងទៀត ភរិយារបស់គេជាមនុស្សសាមញ្ញ ងាយស្រួលទៀតផង។ ស្នេហាគ្រានេះ ឆាគ្រិត ប្រាប់ថា គេពុំបានរំពឹងអ្វីច្រើនទេ ព្រោះពេលនេះ គេបានក្លាយជាឪពុកក្មេងហើយ។ គេមានតែត្រៀមលក្ខណៈ រៀបចំផ្ទះ រង់ចាំស្វាគមន៍កូន។

ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍ដែលកូនក្រមុំមានផ្ទៃពោះបីខែនេះ ទទួលបានការ រិះគន់ខ្លះដែរ ដោយអ្នកខ្លះថា នេះជាគំរូមិនល្អ។ អ្នកខ្លះថា ស្នេហានេះកើតឡើងព្រោះតែ ឆាគ្រិត ចង់បញ្ឈឺចិត្តភរិយាសិចស៊ី វុនសេន ដែលកំពុងក្លាយជាអ្នកមេម៉ាយក្តៅស្រួយ រុំព័ទ្ធដោយបុរសៗ។

តែ ឆាគ្រិត អះអាងថា ស្នេហានេះពុំមែនជាការបញ្ឈឺចិត្តអតីតភរិយាអីទេ តែជាស្នេហាពិតដែលផុសចេញពីបេះដូងទាំងពីររបស់ពួកគេ។ ម៉្យាងទៀត គេក៏តបតយ៉ាងក្តៅគគុកចំពោះអ្នកចូលចិត្តស៊ីត្រាវ ដោយសំណួរថា “មនុស្សឥឡូវ ម៉េចក៏ចូលចិត្តដឹងឮរឿងអ្នកដទៃម៉្លេះ”?៕