Friday, April 26, 2024
Homeខ្សឹបឲ្យឮលេងថ្ពឹនភ្នែក

លេងថ្ពឹនភ្នែក

ប្រជាពលរដ្ឋរស់នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានខ្សឹបឱ្យឮតាម “នគរធំ” ថា ឧកញ៉ាជាមេឈ្មួញឈើល្បីឈ្មោះម្នាក់ ដែល មានតួនាទីខ្ពស់ក្នុងជួរកងទ័ពផងនោះ បាននិង កំពុងកាក់កបជាមួយមុខជំនួញឈើរបស់ខ្លួន យ៉ាងខ្លាំង បន្ទាប់ពីចេះប្រើវិធីថ្ពឹនភ្នែក ដោយ ប្រមូលទិញឈើតាមម៉ូតូ និងរថយន្តតូចធំគ្រប់ ប្រភេទ យកមកស្តុកទុក ដើម្បីដឹកចេញឆ្លង ដែនទៅលក់នៅប្រទេសវៀតណាម។

ប្រជាពលរដ្ឋឃុំ២ធ្នូ បានខ្សឹបឱ្យឮថា មេឈ្មួញឈើដែលកំពុងប្រើវិធីថ្ពឹនភ្នែកដើម្បីប្រមូល ទិញឈើដឹកយកទៅលក់នៅវៀតណាមនេះ គឺលោកឧត្តមសេនីយ៍ គង់ ក្រឹង មេបញ្ជាការ រងវរៈការពារព្រំដែនលេខ២០៤ ដែលបានទើប តែទទួលងារជាឧកញ៉ា ដោយសារជំនួញឈើ និងសត្វព្រៃ។ លោកគង់ ក្រឹង សព្វថ្ងៃកំពុង តែធ្វើសកម្មភាពប្រមូលទិញឈើតាមម៉ូតូ និង រថយន្ថតូចធំគ្រប់ប្រភេទយកមកស្តុកទុកដោយ ខុសច្បាប់ នៅត្រង់ចំណុចក្រោលគោ ខាងក្រោយ បន្ទាយទាហាន ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរៀបចំដឹកឆ្លងដែនចូលទៅ លក់នៅក្នុងទឹកដីវៀតណាម។

ប្រជាពលរដ្ឋបានខ្សឹបបន្តថា លោកគង់ ក្រឹង អាចបន្តការងាររកស៊ីឈើខុសច្បាប់បាន ដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធ និងមានការបែងចែកលាភសក្ការៈ និងផល ប្រយោជន៍ដល់មន្ត្រីជំនាញ ព្រមទាំងសមត្ថកិច្ច ពាក់ព័ន្ធចាប់តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់ លើ។ ជារៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋមួយ ចំនួន ដែលរកស៊ីដឹកឈើជាលក្ខណៈតូចតាច បានស៊ីឈ្នួលដឹកជញ្ជូនឈើតាមម៉ូតូ ទៅលក់ ឱ្យឧកញ៉ា គង់ ក្រឹង ដល់បន្ទាយយោធាវរៈ ការពារព្រំដែនលេខ២០៤តែម្តង ដោយពុំមាន មន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាប ឡើយ។ មិនតែប៉ុណ្ណោះ គេតែងតែសង្កេតឃើញ មានតាំងពីម៉ូតូ និងរថយន្តដឹកឈើតូចធំគ្រប់ប្រភេទ បានសម្រុកដឹកឈើអត់ច្បាប់ ចេញពី ខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តមណ្ឌលគីរី ចូល ទៅច្រករបៀងមួយកន្លែង ហៅថា ច្រករបៀង ដេបី ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុក ស្នួល ខេត្តក្រចេះ គឺជិតនឹងច្រកទ្វារ ទ្វេភាគី អន្តរជាតិវ៉ាលី ដែលជាអង្គភាពរបស់លោកគង់  ក្រឹង កំពុងគ្រប់គ្រង ដើម្បីឆ្លងចូលទៅទឹកដី វៀតណាម។

ប្រជាពលរដ្ឋ បានខ្សឹបបន្ថែមថា វិធីថ្ពឹន ភ្នែក ក្នុងការជួញដូរឈើប្រណីតខុសច្បាប់ថ្មី ដែលប្រើដោយលោកឧកញ៉ា គង់ ក្រឹង នេះ ឃើញថា កាក់កបខ្លាំងណាស់ ព្រោះគេបានប្តូរ យុទ្ធសាស្ត្រពីចុះទិញដោយផ្ទាល់ដឹកតាមរថយន្ត ធំៗ មកអង្គុយចាំប្រមូលទិញពីក្រុមអ្នកដឹកឈើ តាមម៉ូតូ និងរថយន្តផ្សេងៗវិញ រួចក៏ប្រមូល យកមកស្តុកទុក រង់ចាំដឹកចេញតែម្តង គឺឆ្លង ដល់ដីវៀតណាម បាត់ទៅហើយ។ យ៉ាងណា ប្រជាពលរដ្ឋ បានទទូចស្នើសុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ គួរស៊ើបអង្កេត និងចាត់វិធានការចំពោះបញ្ហាខាងលើនេះ ឱ្យមាន ប្រសិទ្ធភាពផង ពុំគួរបណ្តោយឱ្យក្រុមឈ្មួញឈើ ធ្វើអ្វីតាមអំពើចិត្តនោះទេ។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបប្រាប់ខាងលើនេះ “នគរធំ” មិនដឹងថាមានការពិតកម្រិតណាទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ គង់ ក្រឹង មេបញ្ជាការរង វរៈការពារព្រំដែនលេខ២០៤ ក៏ដូចជាមន្ត្រី ជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES