ម៉េង កែវពេជ្ជតា ហៅចន ច័ន្ទលក្ខិណា ថា “ទេពអប្សរចិត្តព្រាយ”

0
351

នៅថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញនេះ តារាចម្រៀងជើងចាស់ល្បីឈ្មោះជាង២ទសវត្ស អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារវាយប្រហារអ្នកនាងចន ច័ន្ទលក្ខិណា ផ្អើលសង្គមហ្វេសប៊ុក ជាមួយនឹងសំណេរដែលបង្កប់នូវពាក្យពេចន៍ធ្ងន់ៗដែលធ្វើឲ្យអ្នកនាងចន ច័ន្ទលក្ខិណា ស្ទើរកកឈាមដូចជាចោទអ្នកនាងលក្ខិណា ថាជា “ទេពអប្សរចិត្តព្រាយ” ជាដើម។

ក្រោយពេលអ្នកនាងម៉េង កែវពេជ្ជតា ឆេះដុំហើយ បានបង្ហោះសារស្រោចទៅលើអ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈករខ្មែរ មជ្ឈដ្ឋានមួយចំនួនបានកាន់ជើងអ្នកនាងម៉េង កែវពេជ្ជតា ដោយរុញឲ្យអ្នកនាងព្រលះចន ច័ន្ទលក្ខិណា បន្ថែមទៀតទៅ ព្រោះក្នុងនាមជាប្រធានសមាគមសិល្បៈករខ្មែរ បែរជាមានចិត្តស្រាល មានបញ្ហាមិនចេះចប់មិនចេះហើយ។

យ៉ាងណា មជ្ឈដ្ឋានមួយចំនួនទៀត ក៏សម្ដែងការអាណិតនិងឈឺចាប់ជំនួសអ្នកនាងចន ច័ន្ទលក្ខិណា ដែរនៅពេលដែលអ្នកនាងម៉េង កែវពេជ្ជតា បានវាយប្រហារនូវពាក្យពេចន៍ធ្ងន់ៗ ដោយចោទលក្ខិណា ថាជា “ទេពអប្សរចិត្តព្រាយ” ជាដើម។ ព្រមទាំងមានពាក្យពេចន៍មួយចំនួនទៀតដែលធ្វើឲ្យលក្ខិណា ពិបាកទទួលយកដូចជាពាក្យថា “ផ្អែមក្រៅដំបៅក្នុង ជំនាញចាក់រុកប្រកាន់បក្សពួកនិយម” , “យកចរិតនៅផ្ទះមកដឹកនាំសមាគម”, “អសីលធម៌ជេរបញ្ចោរយកតែឈ្នះ”។ ថែមទាំងសង្កត់ធ្ងន់លើអ្នកនាងចន ច័ន្ទលក្ខិណា ថា “ទាល់តែមនុស្សទាំងលោកនេះ គេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខ​ ទើបអ្នក​ស្វាង​” ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងចោទសួរមហាជនថា អាចចាត់ទុកអ្នកនាងចន ច័ន្ទលក្ខិណា ជាដង្កូវក្នុងសាច់បំផ្លាញធនធានវប្បធម៌ដែរឬទេ?

ការវាយប្រហានូវពាក្យពេចន៍ធ្ងន់ៗនេះ អ្នកនាងម៉េង កែវពេជ្ជតា​ ហាក់មិនខ្លាចអ្នកនាងលក្ខិណា ប្តឹងទេ ថែមទាំងជំរុញឲ្យប្ដឹងបន្ថែមទៀតផង។ យ៉ាងណាក៏ដោយ ជុំវិញបញ្ហាដែលអ្នកនាងម៉េង កែវពេជ្ជតា វាយប្រហារនៅលើបណ្ដាញសង្គម កក្រើកពិភពសិល្បៈនេះ អ្នកនាងចន ច័ន្ទលក្ខិណា មិនទាន់ចេញមុខបកស្រាយនៅឡើយ រហូតមកទល់ពេលនេះ ខណៈដែលអ្នកព័ត៌មានយើងព្យាយាមទាក់ទងសម្ភាសន៍ ក៏មិនបានសម្រេច។

គួរបញ្ជាក់ថា ទំនាស់រវាងអ្នកនាងម៉េង កែវពេជ្ជតា ជាមួយអ្នកនាងចន ច័ន្ទលក្ខិណា បានផ្ទុះឡើងក្រោយពេលវេបសាយរបស់អ្នកនាងចន ច័ន្ទលក្ខិណា ឈ្មោះ Dara News (តារាញ៉ូស៍) បានចេញផ្សាយព័ត៌មានថា “ទ្រាំមិនបាន! អ្នកនាងម៉េង កែវពេជ្ជតា ព្រលះទាំងព្រលឹមរឿងលុយថ្មី” ហើយអ្នកនាងលក្ខិណា ក៏បានចែកចាយព័ត៌មាននោះបន្តដែលធ្វើឲ្យអ្នកនាងម៉េង កែវពេជ្ជតា ក្ដៅចុងច្រមុះ ដែលអ្នកនាងយល់ថា ព័ត៌មានធ្វើឲ្យមហាជនមានការយល់ច្រឡំលើអ្នកនាង៕