Thursday, May 9, 2024
Homeតារាខ្មែរនី មុនីនាថ រកមេធាវីការពារក្តី អតីតគូដណ្តឹងប្តឹងទារជាង១០ម៉ឺនដុល្លារ

នី មុនីនាថ រកមេធាវីការពារក្តី អតីតគូដណ្តឹងប្តឹងទារជាង១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ តារាសម្តែងស្រីល្បីឈ្មោះ នី មុនីនាថ ដែលមុននេះត្រូវបានអតីតគូដណ្តឹង គឺលោកអ៊ឹង សូឡាង ដាក់ពាក្យបណ្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងថា នាងបានបោកប្រាស់ប្រាក់អស់មួយចំនួនធំ និងថែមទាំងបានទាមទារសំណង រហូតដល់ទៅ១២ម៉ឺនដុល្លារ នោះ ពេលនេះកំពុងរកមេធាវី ដើម្បីការពារក្តីជាមួយនឹងអតីតគូដណ្តឹងរបស់ខ្លួនហើយ។

បើទោះជាល្បីរងការប្តឹងពីអតីតគូដណ្តឹងចោទពីបទឆបោកនោះក្តី តែការងារសិល្បៈរបស់តារាសម្តែងងារកំពូលតារាទឹកភ្នែក នី មុន្នីនាថ មិនធ្លាក់ចុះទីផ្សារនោះដែរ ខណៈដែលម្តាយរបស់នាង បានអះអាងថា ពេលនេះកូនស្រីគាត់ (នី មុនីនាថ) រកតែពេលសម្តែងឱ្យគេមិនបាន។

តាមប្រភពពីលោកហេង ឡុង ដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងជាគូស្នេហ៍អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហើបប្រាប់ថា ពេលនេះ នី មុនីនាថ កំពុងរកពឹងមេធាវី ដើម្បីឱ្យជួយតតាំងក្តីជាមួយអតីតគូដណ្តឹង។

លោកហេង ឡុង បានបញ្ជាក់ថា កញ្ញា នី មុន្នីនាថ បានទំនាក់ទំនងមកសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម សុំឱ្យជួយរកមេធាវីការពារក្តី ដែលអតីតគូដណ្តឹងប្តឹងចោទបទឆបោកលុយជាង១០ម៉ឺនដុល្លារ។ លោកហេង ឡុង បានបន្ថែមថា “ពេលនេះសមាគមមិត្តសិល្បៈជួយសង្គម បាននិងកំពុងរៀបចំមេធាវីជូន នី មុន្នីនាថ ហើយក៏សង្ឃឹមថា រឿងនេះនឹងឆាប់ដោះស្រាយចប់ ក្នុងហេតុផលសមស្របណាមួយផងដែរ”។

គួរបញ្ជាក់ថាកន្លងមកសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ធ្លាប់បានដាក់មេធាវីជួយតារាសិល្បៈ ដែលមានបញ្ហា ដូចជារងនូវបញ្ហាអយុត្តិធម៌ផ្សេងៗ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ លោកអ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងមួយ ដែលក្នុងកម្មវត្ថុប្តឹងទៅលើកញ្ញា នី មុនីនាថ ជាអតីតគូដណ្តឹងថា បានបោកយកប្រាក់ជាច្រើនម៉ឺនដុល្លារ ដែលលុយទាំងនោះ ត្រូវបាន នី មុនីនាថ យកទៅទិញដី និងទិញរថយន្តជិះ ហើយនៅក្នុងពាក្យបណ្តឹងនោះ គេឃើញភាគីលោកអ៊ឹង សូឡាង បានទាមទាមសំណងរហូតដល់ទៅ១២ម៉ឺនដុល្លារឯណោះ ៕

RELATED ARTICLES