Saturday, April 27, 2024
Homeតារាខ្មែរអ្នកនាងអម្ពរ ទេវី ត្រៀមថតរឿង "ឆន្ទា" ឲ្យ CTN សុីថ្លៃ៥មុឺនដុល្លារ

អ្នកនាងអម្ពរ ទេវី ត្រៀមថតរឿង “ឆន្ទា” ឲ្យ CTN សុីថ្លៃ៥មុឺនដុល្លារ

បន្ទាប់ពីទទួលបានជោគជ័យខ្លាំង ក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា ថ្មីៗនេះ មានដំណឹងគួរឱ្យភ្ញាក់ផ្អើលថា តារាភាពយន្តជើងចាស់ល្បីឈ្មោះ អ្នកនាងអម្ពរ ទេវី នឹងវិលមកថតខ្សែភាពយន្តភាគមួយរឿងទៀត ឱ្យផលិតកម្ម Red Picture ក្នុងរឿង “ឆន្ទា” ដែលគ្រោងដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN ខណៈដែលមានដំណឹងថា ក្នុងមួយរឿង អ្នកនាងស៊ីថ្លៃមិនក្រោម៥ម៉ឺនដុល្លារ…។

ការវិលមកថតភាពយន្តជាថ្មី របស់អ្នកនាងអម្ពរ ទេវី នៅក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” នាពេលកន្លងទៅ បានធ្វើឱ្យកក្រើកវិស័យភាពយន្តតែម្តង ដែលទាញបានអ្នកចូលរួមទស្សនាខ្ទង់រាប់ម៉ឺននាក់ ខណៈដែលនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិ លើកទី៥ ប្រចាំឆ្នាំ២០១៧ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ភាពយន្ត ដលសម្តែងដោយអ្នកនាងអម្ពរ ទេវី ទទួលបានពានរង្វាន់ដែលមានអ្នកចូលរួមទស្សនាច្រើនជាងគេ។ រីឯអ្នកស្រីពាន់ ភួងបុប្ផា ដែលដឹកនាំសម្តែងរឿងនេះ ក៏ទទួលបានពានជាអ្នកនិពន្ធឆ្នើម នៅក្នុងព្រឹត្តិការណ៍នោះផងដែរ បើទោះបីពិធីនោះបានដាក់ស្នាដៃផលិតករបរទេសចូលរួមប្រកួតប្រជែងក្តី។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ថ្មីៗនេះមានដំណឹងគួរឱ្យភ្ញាក់ផ្អើលថា អ្នកនាងអម្ពរ ទេវី កំពុងត្រូវបានផលិតកម្ម Red Picture ទាក់ទងឱ្យមកថតភាពយន្តរឿង “ឆន្ទា” ដែលតម្រូវឱ្យសម្តែងជាមួយដៃគូសម្តែងចាស់ លោកទេព រិនដារ៉ូ ទៀតផង។ ប៉ុន្តែ តាមប្រភពគួរឱ្យទុកចិត្ត បានបង្ហើបឱ្យដឹងថា ការចង់បានអ្នកនាងអម្ពរ ទេវី ឱ្យមកសម្តែងខ្សែភាពយន្ត នឹងត្រូវចំណាយខ្ពស់មិនក្រោម៥ម៉ឺនដុល្លារ។

ប្រភពដែលប្រឡូកនៅក្នុងសិល្បៈ រូបនោះបន្ថែមថា ការចង់បានអ្នកនាងអម្ពរ ទេវី មកថតភាពយន្ត ត្រូវហ៊ានចំណាយធំ ដូចជាត្រូវជួលសណ្ឋាគារលំដាប់ផ្កាយ៥ សម្រាប់អ្នកនាងស្នាក់នៅ រ៉ាប់រងលើម្ហូបអាហារ ចេញថ្លៃលើសំបុត្រយន្តហោះទៅមក  និងមានកញ្ចប់តម្លៃខ្លួនមួយខ្ពស់ខ្ទង់ម៉ឺនដុល្លារទៀត។ ដូច្នេះបើភាពយន្តនោះតម្រូវឱ្យអ្នកនាងថតរយៈពេលចន្លោះពី១ទៅ២ខែ នឹងត្រូវចំណាយមិនក្រោម៥ម៉ឺនដុល្លារនោះទេ។ ពោលគឺជាតម្លៃខ្លួនមួយខ្ពស់ ស្ទើរមិនគួរឱ្យជឿ បើធៀបទៅនឹងតម្លៃខ្លួនតារាកំពុងល្បីល្បាញខ្លាំងនៅក្នុងស្រុក នាពេលបច្ចុប្បន្ន ដូចជា កញ្ញាឌុច លីដា ជាដើម ស៊ីថ្លៃត្រឹម៥ពាន់ដុល្លារប៉ុណ្ណោះ ក្នុងមួយរឿង ខណៈដែលសព្វថ្ងៃ ផលិតកម្មជាច្រើនហ៊ានចំណាយលើការផលិតភាពយន្តក្នុងមួយរឿង មិនដល់៥ម៉ឺនដុល្លារផង។

លោកឌៀប សុវណ្ណារ៉ា ចាងហ្វាងផលិតកម្ម Red Picture បានបង្ហើបឱ្យដឹងថា រឿង “ឆន្ទា” ដែលកំពុងត្រៀមដំណើរការផលិត ដើម្បីចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN ពិតជាបានទាក់ទងចង់បានអ្នកនាងអម្ពរ ទេវី ឱ្យមកសម្តែងប៉ះគ្នាជាមួយលោកទេព រិនដារ៉ូ ដែលជាដៃគូសម្តែងចាស់របស់ពួកគាត់មែន ប៉ុន្តែ មកទល់ពេលនេះ មិនទាន់ច្បាស់ការនៅឡើយទេ ពោលគឺកំពុងស្ថិតនៅក្នុងការទាក់ទងចរចា។

លោកឌៀប សុវណ្ណារ៉ា បញ្ជាក់ថា “មកទល់ពេលនេះ អ្វីៗមិនទាន់ច្បាស់នៅឡើយទេ ហើយក៏មិនពាក់ព័ន្ធតម្លៃខ្លួននោះដែរ គឺពាក់ព័ន្ធនឹងការរត់ការឯកសារនិងពេលវេលា”។

លោកបន្តថា “ប្រសិនបើទាក់ទងអ្នកនាងអម្ពរ ទេវី ឱ្យមកសម្តែងដូចការគ្រោងទុកមែន ជាការល្អបំផុត ហើយរំពឹងថា ខ្សែភាពយន្តរឿង “ឆន្ទា” នឹងល្បីល្បាញខ្លាំងជាពុំខាន ប៉ុន្តែ បើមិនបានសម្រេច ក្រុមផលិតករក៏បានត្រៀមតួអង្គសម្រាប់ជំនួសផងដែរ។ ប៉ុន្តែ នៅក្នុងគោលដៅ ពិតជាចង់បានអ្នកនាងទេវី ឱ្យមកសម្តែងនៅក្នុងរឿង “ឆន្ទា” មែន”។

ម្ចាស់ផលិតកម្ម Red Picture ដែលមានស្នាដៃជោគជ័យជាច្រើនរឿងរូបនេះ បានទទួលស្គាល់ថា ការចង់បានអ្នកនាងអម្ពរ ទេវី មកសម្តែង ពិតជាត្រូវចំណាយច្រើនមែន ប៉ុន្តែលោកសុំមិនបញ្ជាក់ពីតម្លៃខ្លួនរបស់អ្នកនាងនោះទេ។

នៅពេលត្រូវសួរថា អ្នកនាងអម្ពរ ទេវី ស៊ីថ្លៃក្នុងមួយរឿង មិនក្រោម៥ម៉ឺនដុល្លារ តើជាការពិតទេ? លោកសុវណ្ណារ៉ា តបថា “ក្នុងដំណាក់កាលនេះ អ្វីៗមិនទាន់ច្បាស់ទេ ហើយចំពោះតម្លៃខ្លួនរបស់គាត់ ដូចការចោទសួរនោះ គឺជាការយល់ឃើញរបស់មជ្ឈដ្ឋានមួយចំនួនប៉ុណ្ណោះ តែសម្រាប់ខ្ញុំ មិនអាចនិយាយអ្វីលើសពីនេះទេ ដោយមានតែរង់ចាំតាមដានទាំងអស់គ្នាតែប៉ុណ្ណោះ”។

មានការលើកឡើងថា បើទោះបីអ្នកនាងអម្ពរ ទេវី ស៊ីថ្លៃខ្ទង់៥ម៉ឺនដុល្លារ ក្នុង១រឿងក្តី ប៉ុន្តែ សម្រាប់ភាពយន្តដែលមានវត្តមានរបស់អ្នកនាង គឺមិនប្រឈមខាតនោះទេ ផ្ទុយទៅវិញ មានតែចំណេញ និងធ្វើឱ្យភាពយន្តនោះកាន់តែល្បីល្បាញ។ ជាក់ស្តែងដូចរឿង “ទឹកចិត្តម្តាយសម័យថ្មី” បានក្លាយជាភាពយន្តដែលមានអ្នកចូលរួមទស្សនាច្រើនជាងគេប្រចាំឆ្នាំ ហើយតាមដំណឹងថា ចំណេញខ្ទង់ម៉ឺនដុល្លារទៀតផង បើទោះបីតម្លៃខ្លួនអ្នកនាងខ្ពស់ជាងតារាល្បីក្នុងស្រុកគុណនឹងដប់ក្តី។

តាមដំណឹងថា ក្រោយពេលអ្នកនាងអម្ពរ ទេវី ធ្វើឱ្យកក្រើកវិស័យភាពយន្តក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” ពុំមែនមានតែផលិតកម្ម Red Picture មួយទេ ដែលចង់បានអ្នកនាងឱ្យមកសម្តែងនៅក្នុងភាពយន្តរបស់ខ្លួន គឺមានផលិតកម្មមួយចំនួនទៀត ដែលចង់បានតារាសម្តែងជើងចាស់ល្បីឈ្មោះមិនចេះសាបរូបនេះ ថែមទាំងមិនខ្លាចចំណាយលើតម្លៃខ្លួនរបស់អ្នកនាងទៀតផង។ ប៉ុន្តែ តាមដំណឹងថា ការទាក់ទងអ្នកនាងអម្ពរ ទេវី ឱ្យមកសម្តែង ពុំមែនជាការងាយស្រួលនោះទេ ហើយក៏មិនផ្តោតលើតម្លៃខ្លួននោះដែរ គឺអាស្រ័យទៅលើតម្រូវឱ្យអ្នកនាងសម្តែងជាតួអង្គបែបណា គួបផ្សំនឹងអ្នកនាងមានពេលវាលាគ្រប់គ្រាន់ផងដែរ។

យ៉ាងណា មានការរំពឹងថា អ្នកនាងអម្ពរ ទេវី នឹងមានវត្តមាននៅក្នុងខ្សែភាពយន្តរឿង “ឆន្ទា” ដែលអ្នកនាងនឹងត្រូវសម្តែងជាតួអង្គ “ឆន្ទា” ខណៈដែលក្រុមផលិតកររបស់ផលិតកម្ម Red Picture ក៏ស្រមៃទាំងយប់ទាំងថ្ងៃ ចង់បានអ្នកនាងឱ្យមកចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តរបស់ខ្លួន សម្រាប់ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN ផងដែរ៕

RELATED ARTICLES