Wednesday, April 24, 2024
Homeតារាខ្មែរពេជ្រ ថៃ បានឈ្នះពានពិតមែន តែចាញ់មិត្តរួមក្រុម

ពេជ្រ ថៃ បានឈ្នះពានពិតមែន តែចាញ់មិត្តរួមក្រុម

ភ្នំពេញ ៖ ម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស កុមារាពេជ្រ ថៃ ដែលបង្ហាញខ្លួនចូលរៀននៅសាលាវិទ្យាល័យទួលស្វាយព្រៃ ក្នុងថ្នាក់ទី៨C នោះ នាំឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងថា ហេតុអី្វបានជាពេជ្រ ថៃ ទទួលបានអាហារូបករណ៍ពីសាលាអន្ដរជាតិល្បីមួយ ដែលមានកញ្ចប់ថវិកាម៉ឺនដុល្លារ រៀនមិនអស់ប្រាក់ រហូតថ្នាក់ដល់វិទ្យាល័យនោះ បែរជាពេជ្រ ថៃ បោះបង់ចោល ហើយចូលរៀននៅសាលារដ្ឋទៅវិញ ខណៈដែលមិត្តរួមក្រុម មានកុមារីឃុយ ម៉ីហៀង , កុមារីណូ ឈួស៊ីវហេង, កុមារីសុខ សុជាតា ជាដើមនោះ សុទ្ធតែទទួលបានអាហារូបករណ៍ពីសាលាឯកជនអន្ដរជាតិល្បីៗដូចគ្នា ហើយពួកគេបានចូលទៅរៀនរៀងៗខ្លួនអស់ទៅហើយនោះ។ ផ្ទុយទៅវិញ ម្ចាស់ពាន “The Voice Kids Cambodia” ពេជ្រ ថៃ បែរជាមិនអើពើចំពោះអាហារូបករណ៍ពីសាលាឯកជននោះឡើយ តែបែរជាមកសិក្សានៅសាលារដ្ឋ នាវិទ្យាល័យទួលស្វាយព្រៃ ទៅវិញ។

 

គ្រាន់តែបង្ហាញខ្លួនចូលរៀនលើកដំបូង ក្នុងថ្នាក់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ពេជ្រ ថៃ ធ្វើឲ្យសិស្សរួមថ្នាក់មានការភ្ញាក់ផ្អើលពេញថ្នាក់រៀនតែម្ដង ព្រោះថាកុមាររូបនេះចេះនិយាយកំប្លែងលេងឲ្យមិត្តរួមថ្នាក់បានសើចសប្បាយរីករាយ ខណៈដែលសិស្សានុសិស្សនៅទីនោះបានកេះគ្នាប្រាប់មិត្តរួមថ្នាក់ ចង្អុលទៅពេជ្រ ថៃ ថា ”ហ្នុងហើយ ម្ចាស់ពាន “The Voice Kids” ពេជ្រ ថៃ ”។ ពេជ្រ ថៃ សប្បាយចិត្តក្រៃលែងដោយញញឹមបិទមាត់មិនជិតឡើយ​ព្រោះត្រូវមិត្តរួមថ្នាក់ទទួលស្វាគមន៍រូបគេយ៉ាងកក់ក្ដៅក្រៃលែង។

យ៉ាងណា ទស្សនិកនៅតែឆ្ងល់ថា ហេតុអី្វពេជ្រ ថៃ មិនរៀនសាលាដែលរូបគេទទួលបានអាហារូបករណ៍ តែបែរជាប្ដូរពីអនុវិទ្យាល័យម្រះព្រៅ ស្រុកកំណើតឯខេត្តបាត់ដំបង មកសាលានៅរាជធានីភ្នំពេញ វិទ្យាល័យទួលស្វាយព្រៃ ទៅវិញ។

លោកពេជ្រ សារ៉ាត់ ដែលជាឪពុករបស់ពេជ្រ ថៃ មិនធ្វើអត្ថាធិប្បាយឡើយនៅពេលដែលត្រូវសួរពីមូលហេតុដែលកូនប្រុសលោកមិនព្រមរៀនសាលាឯកជនថ្លៃៗ ដែលបានអាហារូបករណ៍ ស្រាប់តែមកចូលសាលារដ្ឋ នាពេលនេះ។

លោកពេជ្រ​ សារ៉ាត់ និយាយថា ”អូ! បង រឿងហ្នឹង ខ្ញុំសូមមិននិយាយទេបង! ឲ្យខ្ញុំសូមទោសណាបង ខ្ញុំមិនអាចនិយាយរឿងនេះបានទេ! ខ្ញុំសូមអធ្យាស្រ័យផងណាបង!”។

នៅពេលដែលអ្នកយកព័ត៌មានយើងបានសួរសង្កត់ថា ចុះរឿងពេជ្រ ថៃ នឹងចេញបទចម្រៀងនៅហង្សមាស បាននៅពេលឪពុករបស់ពេជ្រ ថៃ និយាយដោយខ្លាចៗថា ”រឿងហ្នឹងខ្ញុំក៏មិនអាចនិយាយបានដែរណាបង ខ្ញុំសូមទោសផង…”។

ដោយឡែកលោកអ៊ា វណ្ណា អ្នកគ្រប់គ្រងកម្មវិធី “The Voice Kids Cambodia” មិនអាចសុំការបញ្ជាក់ពីរឿងនេះបានទេ ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។

ចំណែកអ្នកដឹកនាំសម្ដែងខារ៉ាអូខេហង្សមាស ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងយ៉ាងខ្លីថា ”រឿងពេជ្រ ថៃ មិនរៀនសាលាអន្តរជាតិ មិនអស់លុយនោះ អាចមកពីកុមាររូបនេះខ្សោយភាសាអង់គ្លេស ហើយមើលទៅ ព្រោះគ្នាពីមុននៅស្រែ ឪពុកម្ដាយជីវភាពខ្វះខាត អីចឹងបែបមិនបានរៀនភាសាអីទេ។ ការចូលរៀនសាលាអន្ដរជាតិល្អនិងថ្លៃៗនោះ តាមខ្ញុំដឹង ទាល់តែយើងរៀនខ្លាំង  និងភាសាអង់គ្លេសខ្លាំងដែរ ទើបអាចចូលទៅបាន បើមិនអីចឹងទេ យើងរៀនមិនទាន់គេទេ…”។

 

តែយ៉ាងណា ពេជ្រ ថៃ បានប្រាប់ “នគរធំ” កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅបន្ទប់រៀននៃវិទ្យាល័យទួលស្វាយព្រៃ នោះថា កាលរូបគេនៅរៀនថ្នាក់ទី៧ វិទ្យាល័យម្រះព្រៅ ខេត្តបាត់ដំបង នោះ គេបានចំណាត់ថ្នាក់លេខ២ ប្រចាំថ្នាក់ដែរ ដែលនេះបញ្ជាក់ថា ពេជ្រ ថៃ គឺជាសិស្សពូកែម្នាក់ មិនមែនចេះតែច្រៀង និងនិយាយកំប្លែង ហើយរៀនមិនកើតនោះទេ។

 

គួរបញ្ជាក់ថា ពេជ្រ ថៃ បានឈ្នះពាន “The Voice kids Cambodia” រដូវកាលទី១ ដោយចម្រូងចម្រាស ធ្វើឲ្យបេក្ខភាព៥រូបផ្សេងទៀត ដែលឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រដែរ ហើយត្រូវមហាជនមើលឃើញថា មានសមត្ថភាពខ្លាំងជាងពេជ្រ ថៃ នោះ បានបរាជ័យក្នុងការពាន មានដូចជា កុមារឡុង លីគ័ង្គ, កុមារីសុខ សុជាតា, កុមារីរ៉ន ចាន់ឌីន, កុមារីឃុយ ម៉ីហៀង និងកុមារីណូ ឈួស៊ីវហេង នោះ។

ពេលនេះ ពេជ្រ ថៃ នៅមិនទាន់បានចេញបទចម្រៀងផ្ទាល់ខ្លួននៅហង្សមាស បាន១បទឡើយ ស្របពេលដែលកុមារធឿន បូរី ដែលជាតារាចម្រៀងរបស់ផលិតកម្មថោន បានចេញ១បទ កាច់ពេជ្រ ថៃ គឺបទ ”ស្ទឹងសែនប៉ារីស”។ ប៉ុន្តែពេជ្រ ថៃ ទោះជាមិនទាន់បានថតសំឡេងចូលថាសចម្រៀងហង្សមាស ក្ដី តែរូបគេត្រូវបានគ្រូបង្វឹករបស់ខ្លួនលោកព្រាប សុវត្ថិ ដឹកដៃឲ្យចេញរកលុយតាមរយៈការច្រៀងនៅឆាកធំៗជាច្រើនមកហើយ ពេលនេះ កុមារថៃ បាននាំឪពុកម្ដាយរបស់គេដែលធ្លាប់តែធ្វើជាកម្មករនៅស្រុកថៃ នោះ មករស់នៅជុំគ្នានៅរាជធានីភ្នំពេញ ដែរ បន្ទាប់ពីរូបគេទទួលបានប្រាក់រង្វាន់សរុប ជាង៣ម៉ឺនដុល្លារ ពីការលើកពាន “The Voice Kids Cambodia” រដូវកាលទី១ ឆ្នាំ២០១៧ ដែលជាការរៀបចំរបស់ក្រុមហ៊ុនហង្សមាស នោះ៕

RELATED ARTICLES