Friday, April 26, 2024
Homeតារាខ្មែរអ៊ីវ៉ា ចង់ចាប់ដៃកូនព្រាប សុវត្ថិ ?

អ៊ីវ៉ា ចង់ចាប់ដៃកូនព្រាប សុវត្ថិ ?

បន្ទាប់ពីហង្សមាស បានបញ្ចេញសមាជិកថ្មីវ័យក្មេងរបស់ខ្លួន តាមរយៈការធ្វើសន្និសីទកាសែត កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ហើយអ្នកចម្រៀងវ័យទាំង៣រូប ដែលឈានចូលហង្សមាស ដោយស្វ័យប្រវត្តិ មិនចាំបាច់ប្រលងចម្រៀង នាំតែពិបាកគណៈកម្មាការពិបាកឲ្យជាប់ឬធ្លាក់នោះ គឺជាកូនព្រាប សុវត្ថិ ដែលសុទ្ធតែមានរូបរាងសង្ហា គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ មានអ្នកខ្លះបានសម្ដែងការអបអរសាទរចំពោះកូនព្រាប សុវត្ថិ ក្រោយពីពួកគេបានចេញជា MV លើកដំបូងនៅហង្សមាស តាមរយៈបទ ”កែវភ្នែក”។

គេជឿថា កូនប្រុសព្រាប សុវត្ថិ នឹងខ្លាំងដូចជាឪពុករបស់គេជាមិនខានឡើយ ក្រោយទទួលការបណ្ដុះបណ្ដាលពីហង្សមាស ដែលមានអ្នកជំនាញ និងគ្រូបង្ហាត់ច្រៀងល្បីៗនៅផលិតកម្មនេះ តែអ្នកខ្លះទៀតថា សមត្ថភាពកូនព្រាប សុវត្ថិ មិនទាន់អាចវាយតម្លៃថាកម្រិតណាឡើយ ព្រោះបទទី១ ជាបទ MIX ចូលគ្នា ហើយក្នុងបទនោះ ក៏គ្មានការប្រើតុងខ្លាំងដែរ ហេតុនេះហើយបានជាគ្រប់គ្នារង់ចាំមើលថា តើពេលកូនព្រាប សុវត្ថិ ច្រៀងម្នាក់ៗឯង ហើយជាបទប្រើតិចនិចខ្ពស់វិញនោះ តើពួកគេមានសមត្ថភាពសំឡេងកម្រិតណាទៅ ? តែយ៉ាងណា នៅថ្ងៃសន្និសីទកាសែត អ្នកស្រីអ៊ឹង គឹមលាង អ្នកចាត់ការទូទៅផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា កូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ នឹងក្លាយទៅជា Super Star របស់ហង្សមាស នាពេលអនាគត។

ដោយឡែក ប្រភពព័ត៌មានដែលគួរឲ្យរសើបថា ក្រោយពេលហង្សមាស បញ្ចេញកូនប្រុសទាំង៣នាក់ របស់ព្រាប សុវត្ថិ ជាផ្លូវការហើយនោះ អ្នកដែលអាចនឹងលេចមុខនៅសន្និសីទកាសែតនាពេលបន្ទាប់របស់ហង្សមាស គឺអាចជាកញ្ញាអ៊ីវ៉ា តារាចម្រៀងរបស់ផលិតកម្មសាន់ដេ ដែលទើបផុតកុងត្រា ព្រោះហង្សមាស បានចាប់អារម្មណ៍អ្នកចម្រៀងវ័យក្មេងរូបនេះជាយូរមកហើយហើយគេជឿថា អ៊ីវ៉ា ក៏ពិបាកគេចផុតពីកណ្ដាប់ដៃហង្សមាស ដែរ ដោយសារតារាចម្រៀងធ្លាប់រួមទ្រនំ លោកខេមរៈ​សិរីមន្ដ និងសុខ ស្រីនាង បានចូលហង្សមាស ទៅហើយ។

ប្រភពបានឲ្យដឹងថា អ៊ីវ៉ា ចង់ចាប់ដៃគូរច្រៀងជាមួយកូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ ដោយសារតែពួកគេមានវ័យប្រហាក់ប្រហែលគ្នា និងស្រស់ស្អាតដូចគ្នា ហេតុនេះហើយ ហង្សមាស សង្ឃឹមច្រើនក្នុងការទទួលបានសមាជិកថ្មីម្នាក់ទៀតក្នុងពេលឆាប់ៗនេះ ខណៈដែលកន្លងមកមានព័ត៌មានក្រៅផ្លូវការថា អ៊ីវ៉ា បានចូលហង្សមាស ដោយថតច្រៀងជា Audio ទៅហើយ តែនាងព្យាយាមលាក់លៀម…។

ក្នុងជំនួបផ្ទាល់ជាមួយអ៊ីវ៉ា នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ តារារូបនេះនៅតែព្យាយាមបិទបាំងរឿងដែលគេថា នាងក្លាយទៅជាអ្នកចម្រៀងហង្សមាស នេះដដែល ដោយនិយាយខ្លីថា “អ្វីៗនឹងបានឃើញច្បាស់នាពេលខាងមុខដ៏ខ្លីនេះជាមិនខាន”។

ដោយឡែក លោកអ៊ូ វ៉ាវ ឪពុកអ៊ីវ៉ា បានឲ្យដឹងថា ”រឿងអ៊ីវ៉ា បន្ដច្រៀងនៅសាន់ដេ ទៀត ឬទៅផលិតកម្មណានោះ ស្ថិតនៅលើការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំអាចប្រាប់កូនស្រីបានរឿងនេះ។ ចំពោះអ៊ីវ៉ា និងកូនព្រាប សុវត្ថិ គឺពិតជាមានអាយុប្រហាក់ប្រហែលគ្នាមែន សូម្បីតែលោកព្រាប សុវត្ថិ និងខ្ញុំ ក៏មានអាយុប្រហាក់ប្រហែលគ្នាដែរ គឺ៤០ស្ដើង។ បើអ៊ីវ៉ា ទៅហ្នុង (ហង្សមាស) គឺចាប់ដៃជាមួយកូនព្រាប សុវត្ថិ ល្អមែនហើយ ព្រោះពួកគេក្មេងៗដូចគ្នា។ តែពេលនេះកូនខ្ញុំមិនទាន់សម្រេចចិត្តថា ទីណាទេ ក្រោយចប់កុងត្រាជាមួយសាន់ដេ នេះ គឺអាចនិយាយបានថា នៅតែជាតារាចម្រៀងរបស់សាន់ដេ ដដែលទេ។ តែពេលខាងមុខ យើងមិនអាចមើលឃើញថាម៉េចទេ…”៕

 

អត្ថបទមុនៗ

សុគន្ធ និសា មិនទាន់ហ៊ានយកកូន

សុគន្ធ និសា កំពុងសម្រុកថតរឿង “រាជិនីភូមិគ្រឹះ” របស់ទូរទស្សន៍ហង្សមាស ក្រោយពេលដែលនាងបានបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលស្វាមីរបស់នាងមានទ្រព្យស្តុក លោកពៅ សម្បត្តិ ហៅសាំបា មិនហួងហែងនាងក្នុងការបន្តអាជីពចាស់ឡើយ។ ប៉ុន្តែយ៉ាងណា សុគន្ធ និសា មិនហ៊ានពពោះមានកូននៅពេលនេះឡើយ ព្រោះខ្លាចប្រឈមការធ្លាក់កូដខ្លាំង…។

សុគន្ធ និសា បានពន្យារពេលនាំប្តីទៅដើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅកោះម៉ាល់ឌីវ និងសហរដ្ឋអាមេរិក ដោយសារតែនាងជាប់សម្រុកថតរឿង “រាជិនីភូមិគ្រឹះ” ឱ្យបានចប់សិន ទើបធ្វើឱ្យគម្រោងកាត់ចំណងដៃនៅរដ្ឋឡូវែល ត្រូវអាក់ខានផងដែរ។

យ៉ាងណា អ្នកសិល្បៈរួមអាជីពបានសរសើរចំពោះស្វាមីសុគន្ធ និសា គឺលោកសាំបា ដែលជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife នោះថា មានចិត្តទូលាយដែលបើកដៃឱ្យនិសា បន្តប្រឡូកក្នុងសិល្បៈបានដូចមុនដោយសេរី បើទោះជាមុនរៀបការ តារាដែលជិតស្និទ្ធមួយចំនួន បានលើកឡើងថា និសា អាចនឹងបញ្ចប់អាជីពសិល្បៈ ព្រោះតែប្តីអាចជំរុញឱ្យងាកទៅធ្វើមុខជំនួញក៏ដោយ។

ប្រភពបានឱ្យដឹងថា សុគន្ធ និសា នឹងបន្តថតភាពយន្តក្រោយៗទៀតរបស់ហង្សមាស ប៉ុន្តែ ប្តីនាងមើលទៅលើសាច់រឿងទាំងនោះដែរ ហើយបើសិនជាមានឈុតស្នេហាឱបថើបខ្លាំងពេកនោះ ក៏លោកសាំបា មិនអនុញ្ញាតឱ្យភរិយារបស់លោកថតដែរ ពិសេស គឺការចាប់ដៃគូជាមួយតារាប្រុសណាផ្សេងដែលក្រៅពីតារាប្រុសរបស់ហង្សមាស។

សុគន្ធ និសា ដែលត្រូវបានមហាជនចាត់ទុកថា នាងជាតារាស្រីស្ថិតក្នុងចំណោមជួរមុខម្នាក់ នាពេលបច្ចុប្បន្ននោះ បានសម្រេចចិត្តចូលរោងការជាមួយលោកសាំបា ក្រោយពេលដែលរួមរស់ និងស្វែងយល់ចិត្តជាមួយគ្នាមុន6ឆ្នាំនោះ ដោយគ្មានការស្ទាក់ស្ទើរក្នុងចិត្តឡើយ ជាមួយការជ្រើសស្នេហ៍ “ជួញឆ្ងាយប្រសើរជាងជួញជិត”។

ប្រភពបានឱ្យដឹងថា សុគន្ធ និសា នឹងមិនផ្តោតលើអាជីពសិល្បៈទាំងស្រុងទេ ហើយស្វាមីនាងអាចជំរុញឱ្យទៅធ្វើមុខជំនួញបន្ថែមទៀត បន្ទាប់ពីមានហាងគុយទាវខ្ចប់ ដែលដំណើរការមុនរៀបការនោះ។ និសា ត្រូវបានស្វាមីនាង លោកសាំបា រំអុកចង់យកកូនប្រើពេលនេះ ព្រោះថា លោកចូលចិត្តក្មេង និងចង់បានកូនខ្ចីគ្រាន់បីប្រលែងលេង ប៉ុន្តែ និសា បានប្រឆាំងដាច់អហង្ការថា បើរៀបការហើយយកកូននោះ គឺមានតែឈប់ច្រៀងតែម្តងទៅ ព្រោះមិនអាចប្រជែងជាមួយតារាខ្លាំងៗបានទៀតទេ។

ជំនួយការសុគន្ធ និសា បានបង្ហើបឱ្យដឹងថា “ប្តីគាត់ (និសា) ចង់បានកូនឆាប់ៗហ្នឹង ព្រោះថា ខ្លាចចាស់ទៅចាំយកកូន នាំតែពិបាក តែនិសា មិនព្រមទេ។ និសា ថា បើយកកូនពេលហ្នឹង គឺធ្លាក់ហើយ ពិបាកងើបឡើងមកវិញណាស់…”។

មហាជនបានលើកឡើងថា សុគន្ធ និសា ទោះជាមិនយកកូននៅពេលនេះ ក៏នាងនៅតែប្រឈមក្នុងការធ្លាក់ចុះដែរ ព្រោះថា កន្លងមក តារាខ្មែរណាក៏ដោយ ឱ្យតែពេលកំពុងល្បី គឺរៀបការហើយ មិនងាយរក្សារទីផ្សារបានទេ ជាក់ស្តែងដូចជា យក់ ថិតរដ្ឋា, សុខ ស្រីនាង, សារ៉ាយ សក្ខណា ជាដើម ដែលទីផ្សារសិល្បៈមានការប្រែប្រួលខ្លាំង ក្រោយពេលដែលរៀបការប្តី។ ដោយឡែក សុគន្ធ និសា ត្រូវបានហង្សមាស ទប់ជំហរតារារូបនេះ មុនចូលរោងការ តាមរយៈការឱ្យតំណែងជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធី “The Voice Kids Cambodia” និងតួឯក2រឿងជាប់គ្នា គឺរឿង “សិសិររដូវក្នុងបេះដូង” និងរឿង “រាជិនីភូមិគ្រឹះ”។

ប្រភពបានឱ្យដឹងថា សុគន្ធ និសា នឹងត្រូវហង្សមាស ជំរុញឱ្យថតរឿងថ្មីមួយទៀត នាដើមឆ្នាំ2018 នេះ តែយ៉ាងណា តារារូបនេះហាក់ចង់ផ្តោតទៅលើការមានពេលវេលាក្នុងគ្រួសារឱ្យបានច្រើនជាងមុន ពិសេស គឺការដើរកម្សាន្តជាមួយស្វាមីនាងនៅក្រៅស្រុកនោះតែម្តង ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ។

ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា សុគន្ធ និសា អស់ឱកាសក្នុងការប្រជែងជាមួយឱក សុគន្ធកញ្ញា និងពេជ្រ សោភា ហើយពេលនេះ ខណៗដែលទីផ្សារចម្រៀងនាងនៅនឹងថ្កល់ ទោះជានៅតែលេចមុខតាមឆាកតន្ត្រី ដែលរៀបចំដោយហង្សមាស ដូចមុនក្តី តែនិសា គ្មានបទថ្មីផ្ទុះទៀតឡើយ។

ទោះជាយ៉ាងណា ជំនួយការសុគន្ធ និសា ដដែលនោះ បញ្ជាក់ថា ប៉ុន សុគន្ធា ហៅសុគន្ធ និសា បានត្រៀមចិត្តកាយរួចជាស្រេចទៅហើយ តាំងពីមុនថ្ងៃរៀបការម៉្លេះថា នាងនៅតែបន្តអាជីពសិល្បៈតទៅមុខទៀត រហូតលែងមានអ្នកគាំទ្រ ហើយនិសា គ្មានបំណងប្រជែងជាមួយតារារូបណានៅហង្សមាស ដណ្តើមយកលេខ1 ឬលេខ2ឡើយ ហើយនាងអាចនឹងទៅរស់នៅអាមេរិក តាមស្វាមី ដូចអ្នកនាងគឹម លក្ខិណា ដែរ បើសិនជាហង្សមាស លែងត្រូវការនាងទៀតនោះ៕

 

http://www.nokorthomdaily.com/2018/01/sokun-nisa-59813/

RELATED ARTICLES