Friday, April 19, 2024
Homeតារាខ្មែរសុគន្ធ និសា មិនទាន់ហ៊ានយកកូន

សុគន្ធ និសា មិនទាន់ហ៊ានយកកូន

សុគន្ធ និសា កំពុងសម្រុកថតរឿង “រាជិនីភូមិគ្រឹះ” របស់ទូរទស្សន៍ហង្សមាស ក្រោយពេលដែលនាងបានបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលស្វាមីរបស់នាងមានទ្រព្យស្តុក លោកពៅ សម្បត្តិ ហៅសាំបា មិនហួងហែងនាងក្នុងការបន្តអាជីពចាស់ឡើយ។ ប៉ុន្តែយ៉ាងណា សុគន្ធ និសា មិនហ៊ានពពោះមានកូននៅពេលនេះឡើយ ព្រោះខ្លាចប្រឈមការធ្លាក់កូដខ្លាំង…។

សុគន្ធ និសា បានពន្យារពេលនាំប្តីទៅដើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅកោះម៉ាល់ឌីវ និងសហរដ្ឋអាមេរិក ដោយសារតែនាងជាប់សម្រុកថតរឿង “រាជិនីភូមិគ្រឹះ” ឱ្យបានចប់សិន ទើបធ្វើឱ្យគម្រោងកាត់ចំណងដៃនៅរដ្ឋឡូវែល ត្រូវអាក់ខានផងដែរ។

យ៉ាងណា អ្នកសិល្បៈរួមអាជីពបានសរសើរចំពោះស្វាមីសុគន្ធ និសា គឺលោកសាំបា ដែលជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife នោះថា មានចិត្តទូលាយដែលបើកដៃឱ្យនិសា បន្តប្រឡូកក្នុងសិល្បៈបានដូចមុនដោយសេរី បើទោះជាមុនរៀបការ តារាដែលជិតស្និទ្ធមួយចំនួន បានលើកឡើងថា និសា អាចនឹងបញ្ចប់អាជីពសិល្បៈ ព្រោះតែប្តីអាចជំរុញឱ្យងាកទៅធ្វើមុខជំនួញក៏ដោយ។

ប្រភពបានឱ្យដឹងថា សុគន្ធ និសា នឹងបន្តថតភាពយន្តក្រោយៗទៀតរបស់ហង្សមាស ប៉ុន្តែ ប្តីនាងមើលទៅលើសាច់រឿងទាំងនោះដែរ ហើយបើសិនជាមានឈុតស្នេហាឱបថើបខ្លាំងពេកនោះ ក៏លោកសាំបា មិនអនុញ្ញាតឱ្យភរិយារបស់លោកថតដែរ ពិសេស គឺការចាប់ដៃគូជាមួយតារាប្រុសណាផ្សេងដែលក្រៅពីតារាប្រុសរបស់ហង្សមាស។

សុគន្ធ និសា ដែលត្រូវបានមហាជនចាត់ទុកថា នាងជាតារាស្រីស្ថិតក្នុងចំណោមជួរមុខម្នាក់ នាពេលបច្ចុប្បន្ននោះ បានសម្រេចចិត្តចូលរោងការជាមួយលោកសាំបា ក្រោយពេលដែលរួមរស់ និងស្វែងយល់ចិត្តជាមួយគ្នាមុន6ឆ្នាំនោះ ដោយគ្មានការស្ទាក់ស្ទើរក្នុងចិត្តឡើយ ជាមួយការជ្រើសស្នេហ៍ “ជួញឆ្ងាយប្រសើរជាងជួញជិត”។

ប្រភពបានឱ្យដឹងថា សុគន្ធ និសា នឹងមិនផ្តោតលើអាជីពសិល្បៈទាំងស្រុងទេ ហើយស្វាមីនាងអាចជំរុញឱ្យទៅធ្វើមុខជំនួញបន្ថែមទៀត បន្ទាប់ពីមានហាងគុយទាវខ្ចប់ ដែលដំណើរការមុនរៀបការនោះ។ និសា ត្រូវបានស្វាមីនាង លោកសាំបា រំអុកចង់យកកូនប្រើពេលនេះ ព្រោះថា លោកចូលចិត្តក្មេង និងចង់បានកូនខ្ចីគ្រាន់បីប្រលែងលេង ប៉ុន្តែ និសា បានប្រឆាំងដាច់អហង្ការថា បើរៀបការហើយយកកូននោះ គឺមានតែឈប់ច្រៀងតែម្តងទៅ ព្រោះមិនអាចប្រជែងជាមួយតារាខ្លាំងៗបានទៀតទេ។

ជំនួយការសុគន្ធ និសា បានបង្ហើបឱ្យដឹងថា “ប្តីគាត់ (និសា) ចង់បានកូនឆាប់ៗហ្នឹង ព្រោះថា ខ្លាចចាស់ទៅចាំយកកូន នាំតែពិបាក តែនិសា មិនព្រមទេ។ និសា ថា បើយកកូនពេលហ្នឹង គឺធ្លាក់ហើយ ពិបាកងើបឡើងមកវិញណាស់…”។

មហាជនបានលើកឡើងថា សុគន្ធ និសា ទោះជាមិនយកកូននៅពេលនេះ ក៏នាងនៅតែប្រឈមក្នុងការធ្លាក់ចុះដែរ ព្រោះថា កន្លងមក តារាខ្មែរណាក៏ដោយ ឱ្យតែពេលកំពុងល្បី គឺរៀបការហើយ មិនងាយរក្សារទីផ្សារបានទេ ជាក់ស្តែងដូចជា យក់ ថិតរដ្ឋា, សុខ ស្រីនាង, សារ៉ាយ សក្ខណា ជាដើម ដែលទីផ្សារសិល្បៈមានការប្រែប្រួលខ្លាំង ក្រោយពេលដែលរៀបការប្តី។ ដោយឡែក សុគន្ធ និសា ត្រូវបានហង្សមាស ទប់ជំហរតារារូបនេះ មុនចូលរោងការ តាមរយៈការឱ្យតំណែងជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធី “The Voice Kids Cambodia” និងតួឯក2រឿងជាប់គ្នា គឺរឿង “សិសិររដូវក្នុងបេះដូង” និងរឿង “រាជិនីភូមិគ្រឹះ”។

ប្រភពបានឱ្យដឹងថា សុគន្ធ និសា នឹងត្រូវហង្សមាស ជំរុញឱ្យថតរឿងថ្មីមួយទៀត នាដើមឆ្នាំ2018 នេះ តែយ៉ាងណា តារារូបនេះហាក់ចង់ផ្តោតទៅលើការមានពេលវេលាក្នុងគ្រួសារឱ្យបានច្រើនជាងមុន ពិសេស គឺការដើរកម្សាន្តជាមួយស្វាមីនាងនៅក្រៅស្រុកនោះតែម្តង ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ។

ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា សុគន្ធ និសា អស់ឱកាសក្នុងការប្រជែងជាមួយឱក សុគន្ធកញ្ញា និងពេជ្រ សោភា ហើយពេលនេះ ខណៗដែលទីផ្សារចម្រៀងនាងនៅនឹងថ្កល់ ទោះជានៅតែលេចមុខតាមឆាកតន្ត្រី ដែលរៀបចំដោយហង្សមាស ដូចមុនក្តី តែនិសា គ្មានបទថ្មីផ្ទុះទៀតឡើយ។

ទោះជាយ៉ាងណា ជំនួយការសុគន្ធ និសា ដដែលនោះ បញ្ជាក់ថា ប៉ុន សុគន្ធា ហៅសុគន្ធ និសា បានត្រៀមចិត្តកាយរួចជាស្រេចទៅហើយ តាំងពីមុនថ្ងៃរៀបការម៉្លេះថា នាងនៅតែបន្តអាជីពសិល្បៈតទៅមុខទៀត រហូតលែងមានអ្នកគាំទ្រ ហើយនិសា គ្មានបំណងប្រជែងជាមួយតារារូបណានៅហង្សមាស ដណ្តើមយកលេខ1 ឬលេខ2ឡើយ ហើយនាងអាចនឹងទៅរស់នៅអាមេរិក តាមស្វាមី ដូចអ្នកនាងគឹម លក្ខិណា ដែរ បើសិនជាហង្សមាស លែងត្រូវការនាងទៀតនោះ៕

RELATED ARTICLES