វី ឌីណែត ពេញចិត្តខេមរៈ សិរីមន្ត

0
362

វី ឌីណែត ធ្លាប់ចាប់ដៃគូច្រៀងសម្តែងជាមួយតារាប្រុសនៅហង្សមាស ២ដួង គឺលោកឆន សុវណ្ណរាជ និងនី រតនា។ ដោយឡែក ការច្រៀងបទ Cover ឡើងវិញ គឺនាងច្រៀងបទវង្ស តារារតនា “ស៊ូឃ្លាត” និងបទ “ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ” របស់ខេមរៈ សិរីមន្ត ដែលទទួលបានការចាប់អារម្មណ៍ច្រើនថា ឌីណែត ចូលទៅជំនួសសុខ ពិសី ហើយ ព្រោះថា កាលនៅទ្រនំសាន់ដេ ពិសី ជាអ្នកច្រៀង Cover សឹងគ្រប់បទចម្រៀងល្បីៗរបស់សិរីមន្ត ទាំងអស់។

ប្រភពបានឱ្យដឹងថា នាពេលខាងមុខនេះ ផលិតកម្មរស្មីហង្សមាស នឹងជំរុញឌីណែត ឱ្យឡើងមួយក្រឺតទៀត តាមរយៈការឱ្យច្រៀងសម្តែងជាមួយខេមរៈ សិរីមន្ត ដូចឱក សុគន្ធកញ្ញា ដែរ។

ក្នុងជំនួបផ្ទាល់ជាមួយវី ឌីណែត កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានច្រៀងបទខេមរៈ សិរីមន្ត ជា Cover ឡើងវិញនាពេលនេះ តែនាពេលខាងមុខបានចាប់ដៃគូគ្នាច្រៀង ឬអត់នោះ ក្រុមហ៊ុនមិនទាន់បង្ហើបឡើយ។

កូនស្រីលោកហួរ ឡាវី រូបនេះអះអាងថា “ខ្ញុំមានកិត្តិយសនិងមោទនភាពដែរ ដែលបានច្រៀង Cover បទល្បីរបស់បងសិរីមន្ត នាពេលនេះ តែការអាចមានឱកាសច្រៀងចាប់ជាដៃគូ ឬឆ្លងឆ្លើយគ្នាឬអត់នោះ ក្រុមហ៊ុនមិនទាន់ជូនដំណឹងទេ។ បើសិនជាខ្ញុំមានឱកាសច្រៀងដៃគូជាមួយបងសិរីមន្ត មែន គឺខ្ញុំពេញចិត្តនឹងធ្វើណាស់ និយាយទៅ គឺសប្បាយចិត្ត គ្រាន់តែថា ពេលនេះមិនទាន់មានទេ។ កន្លងមក ខ្ញុំធ្លាប់ច្រៀងសម្តែងជាមួយលោកឆន សុវណ្ណរាជ និងនី រតនា ដែរ ហើយចំពោះរឿងថា ហង្សមាស ហាក់ដូចជាលើកខ្ញុំនៅពេលនេះ គឺខ្ញុំថា មិនមែនលើកតែខ្ញុំម្នាក់ទេ គឺលើកស្មើៗគ្នាទាំងអស់ហ្នឹង”។

វី ឌីណែត ចាប់ផ្តើមមានទីផ្សារនៅឆ្នាំ២០១៧ ដោយតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃ១០០០ដុល្លារ ហើយនៅឆ្នាំ២០១៨នេះ ឡើងថ្លៃ១២០០ដុល្លារ ដូចនេះ ពេញ១រដូវក្តៅនេះ ឌីណែត ក៏អាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារដែរ ខណៈដែលពេលនេះនាងកំពុងសម្រុកថតភាពយន្តទីមួយរបស់ខ្លួន គឺរឿង “រាជិនីភូមិគ្រឹះ” ដែលតារាចម្រៀងរូបនេះចាប់ដៃគូជាមួយនី រតនា ធ្វើជាតួឯកស្រីប្រុស ដោយតាមព័ត៌មានថា តារាជ្រកកោនក្រោមដំបូលតែមួយ ដែលធ្លាប់ត្រូវបានគេសង្ស័យថា មានស្នេហាជាមួយគ្នានេះ បានលេងឈុតឱបថើបគ្នាទៀតផង ដែលនេះអាចជាសញ្ញាមួយទៀតថា ក្រៅពីទេព បូព្រឹក្ស ដែលស្អិតល្មួតស្នេហ៍ជាមួយងួន ចាន់ដេវីត នោះ ពេលនេះនៅទ្រនំធំនេះមាន១គូទៀតហើយ គឺឌីណែត និងរតនា នេះតែម្តង ដែលស៊ីចង្វាក់គ្នាទាំងក្នុងនិងក្រៅឆាក។

អ្នកចម្រៀងតូចច្រឡឹងរូបនេះ និយាយលាយឡំសំណើចថា “រឿងដែលខ្ញុំនិងបងរតនា ថតនោះបាន៥០%ហើយ និងមិនដឹងថា ពេលណាបានថតចប់ទេ ព្រោះអីឥឡូវតារាសឹងតែទាំងអស់ សុទ្ធតែជាប់រវល់ខ្លាំងដូចគ្នា។ ចំពោះឈុតស្នេហា ខ្ញុំនិងបងរតនា នោះ គឺពិតជាមានមែន តែមិនជ្រុលទេ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ។ តាមពិត ខ្ញុំនិងបងរតនា គ្មានទំនាក់ទំនងអីជាមួយគ្នាទេ គឺគ្រាន់តែជាអ្នករួមអាជីពធម្មតាៗប៉ុណ្ណោះ ហើយការចាប់ដៃគ្នាសម្តែងភាពយន្តនៅពេលនេះ គឺក្រុមហ៊ុនតម្រូវ។ ខ្ញុំមិនធ្លាប់សម្តែងភាពយន្តទេ អ៊ីចឹងគឺមានឈុតពិបាកៗច្រើនដែរ ដែលបានប៉ះនាពេលថតថ្មីៗនេះ”។

វី ឌីណែត ជាតារាចម្រៀងវ័យក្មេងរបស់ហង្សមាស ដែលលោតឡើងរួមគ្នាជាមួយរ៉េត ស៊ូហ្សាណា នៅពេលដែលសុគន្ធ និសា បានរៀបការប្តីនោះ ហើយគេជឿថា ហង្សមាស នឹងជំរុញឌីណែត ថែមទៀតជាមិនខាន ព្រោះតែកូនស្រីលោកហួរ ឡាវី រូបនេះ មានសមត្ថភាពច្រៀងខ្លាំងមិនចាញ់ឱក សុគន្ធកញ្ញា ឡើយ។ តែយ៉ាងណា វី ឌីណែត ដែលមិនធ្លាប់ប៉ះរឿងអាស្រូវស្នេហ៍ ព្រោះតែមានឪពុកនាង លោកហួរ ឡាវី តាមជាប់ស្អិតជានិច្ចនោះ ធ្លាប់អះអាងថា នាងគ្មានចេតនាចង់ប្រកួតប្រជែងជាមួយរៀមច្បងណាម្នាក់នៅហង្សមាស ឡើយ ហើយថែមទាំងចាត់ទុកថា ឱក សុគន្ធកញ្ញា ជា Idol របស់នាងថែមទៀតផង។

មហាជនបានមើលឃើញថា ពេលនេះ លោកហួរ ឡាវី បានបណ្តុះគ្រាប់ពូជសិល្បៈរបស់លោកឱ្យស្នងតំណែងនៅហង្សមាស បានសម្រេចហើយ គឺវី ឌីណែត នេះតែម្តង ខណៈដែលព្រាប សុវត្ថិ កំពុងត្រៀមខ្លួនចូលនិវត្តន៍ដែរ ក៏បានរុញកូនប្រុសទាំង៣នាក់ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ឱ្យចូលច្រៀងនៅហង្សមាស បានសម្រេចដែរ។

ទោះជាយ៉ាងណា វី ឌីណែត នៅមិនទាន់មានបទចម្រៀងផ្ទាល់ខ្លួនដែលផ្ទុះខ្លាំងឡើយ តាំងពីចូលជ្រកនៅទ្រនំធំនេះ ទើបធ្វើឱ្យសុគន្ធកញ្ញា, ពេជ្រ សោភា និងសួស វីសា នៅតែមិនទាន់ជ្រួលច្របល់ដោយសារនាងឡើយ តែគេជឿថា បើសិនជាហង្សមាស តម្រូវឱ្យឌីណែត ច្រៀងដៃគូជាមួយសិរីមន្ត នោះទីផ្សារចម្រៀងនាង នឹងប្រែប្រួលជាមិនខាន បើទោះជាមានការលើកឡើងថា ពេលនេះសិរីមន្ត ហាក់ចុះខ្សោយជាងមុនក្តី៕