Thursday, April 25, 2024
Homeតារាខ្មែរនាយចឺម កុំឲ្យពិបាកច្រើន គ្រោងសម្ពោធវីឡា ផ្គួបថ្ងៃខួបកំណើត

នាយចឺម កុំឲ្យពិបាកច្រើន គ្រោងសម្ពោធវីឡា ផ្គួបថ្ងៃខួបកំណើត

ភ្នំពេញ ៖ តារាចម្រៀងផលិតកម្មសាន់ដេ នាយចឺម ឬលោកសុខ មេសា បានលេចមុខក្នុងកម្មវិធីប្រគំតន្ត្រីខារ៉ាបាវ Spark Concert 2018 កាលពីថ្ងៃទី២៧ ខែឧសភា ដោយអតីតតារាកំប្លែង CTN រូបនេះ បានសច្ចាថា នឹងមិនដើរចេញពីផលិតកម្មសាន់ដេ ទៅថោន ឬហង្សមាស  ជាដាច់ខាត ព្រោះថា ពេលនេះ សាន់ដេ បានផ្តល់អ្វីៗឱ្យគេគ្រប់យ៉ាងទាំងអស់ ពិសេសគឺភាពល្បីល្បាញខ្លាំងនៅពេលនេះតែម្តង។

នាយចឺម ថ្លែងថា “ខ្ញុំមិនមានគម្រោងទៅច្រៀងនៅផលិតកម្មណាផ្សេងទៀតទេ ខ្ញុំមានក្តីសុខហើយជាមួយផលិតកម្មសាន់ដេ គាត់បានធ្វើឱ្យខ្ញុំសប្បាយចិត្ត នឹងមានអ្វីៗគ្រប់យ៉ាងទាំងអស់ តាមរយៈការធ្វើបទចម្រៀងឱ្យខ្ញុំបានច្រៀង Concert ធំៗនៅពេលនេះ ហើយប្រាក់ចំណូលខ្ញុំក៏ច្រើនជាងមុនដែរ”។

នាយចឺម បានយកបទចម្រៀងល្បីៗចុងក្រោយរបស់ខ្លួន មកអុកឡុកឆាកតន្ត្រីរបស់ប៉ុស្តិ៍លេខ៥ មានដូចជាបទ “ខានជួបគ្នាយូរអូន  មានកូនហើយ”, “បែកអូនដូចខាំគ្រាប់មីន”, “ការងារជាកំណប់” និងបទ “ហាមលេងជេរម៉ែ”។

នាយចឺម បានលេងម៉ូដសក់ថ្មីពណ៌ទង់ដែង ហើយលេងក្បាច់រាំឡើងរង្គើឆាកតន្ត្រី ជាមួយការស្រែកច្រៀងខ្លាំងៗឡើង តាមរយៈបទ “បែកអូនដូចខាំគ្រាប់មីន” នោះ ធ្វើឱ្យផ្អើលពេញស្ប៉ាកតែម្តង។

តាមប្រភពថា ការដែលនាយចឺម សប្បាយចិត្ត និងមានកម្លាំងស្រែកច្រៀងបទតឹងៗបានបែបនេះ គឺដោយសារតែរូបគេសប្បាយចិត្តដែលកំពុងសាងសង់ផ្ទះវីឡាឱ្យម្តាយរបស់គេ នៅស្រុកកំណើត ហើយគ្រោងរៀបចំធ្វើពិធីសម្ពោធផ្ទះវីឡានោះ បូកផ្គូបជាមួយខួបកំណើតរបស់គេនៅចុងឆ្នាំនេះទៀតផង។

តារាចម្រៀងសាន់ដេ និយាយដោយលាយឡំសំណើចថា “ផ្ទះដែលខ្ញុំសាងសង់ឱ្យម្តាយរបស់ខ្ញុំនៅស្រុកកំណើតនោះ កំពុងដំណើរការ ហើយខ្ញុំទៅមើលសឹងរាល់ថ្ងៃហ្នឹង គឺឱ្យតែពេលទំនេរឆ្លៀតទៅភ្លាម។ ផ្ទះហ្នឹង ខ្ញុំគ្រោងសង់តែជាង១០ម៉ឺនដុល្លារទេ តែឥឡូវចេះតែថែមកែកុនដេគ័រអីទៀត អ៊ីចឹងចំណាយមិនក្រោម២០ម៉ឺនដុល្លារទេ ហើយការសាងសង់អាចនឹងរួចរាល់នៅចុងឆ្នាំ២០១៨ នេះ។ ខ្ញុំមានគម្រោងហៅអ្នកសិល្បករមួយចំនួន រួមទាំងអ្នកសារព័ត៌មានផងដែរ ទៅចូលរួមសម្ពោធផ្ទះខ្ញុំ នៅពេលសាងសង់រួចរាល់នោះ ព្រោះថា ខ្ញុំធ្វើបូកជាមួយខួបកំណើតខ្ញុំគម្រប់អាយុ២២ឆ្នាំ ហ្នឹងជាមួយគ្នាតែម្តង កុំឱ្យពិបាកហៅភ្ញៀវច្រើនដង។ សម្រាប់ខ្ញុំគិតថា យើងមានលទ្ធភាព អាចជួយម្តាយបាន ចេះតែជួយតាមហ្នឹងទៅ ព្រោះអីខ្ញុំមិនទាន់មានគ្រួសារ អ៊ីចឹងយើងអាចជួយគ្រួសារបានស្រួលជាងពេលយើងមានគ្រួសារហើយ”។

នាយចឺម បានសង្កត់ថា បើទោះជារូបគេ ថ្ងៃក្រោយល្បីល្បាញយ៉ាងណា ក៏មិនបោះបង់ចោលផលិតកម្មសាន់ដេ ដែរ គឺនៅតស៊ូជាមួយផលិតកម្មនេះរហូត ហើយខ្លួនគេនឹងពង្រឹងសមត្ថភាពថែមទៀត ទាំងការច្រៀង និងហាត់រាំ ដើម្បីឱ្យពីមួយឆ្នាំទៅមួយឆ្នាំកាន់តែប្លែកទៀត៕

RELATED ARTICLES