Thursday, March 28, 2024
Homeតារាខ្មែរនាយពែកមី អស់សង្ឃឹមនគរបាលខណ្ឌឫស្សីកែវ សុំអន្តរាគមន៍អគ្គស្នងការនគរបាលជាតិ

នាយពែកមី អស់សង្ឃឹមនគរបាលខណ្ឌឫស្សីកែវ សុំអន្តរាគមន៍អគ្គស្នងការនគរបាលជាតិ

ភ្នំពេញ ៖ តារាកំប្លែងនាយពែកមី ព្រមជាមួយនឹងឪពុកយុវជនរងគ្រោះ ដែលត្រូវមន្ត្រីប៉ូលិសម្នាក់ បើករថយន្តប្រដេញបុកប៉ងសម្លាប់ ធ្វើឱ្យជនរងគ្រោះភ័យពេកជ្រុលចង្កូតម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ បានប្រកាន់ជំហរមិនទទួលយកដាច់ខាត នូវសំណងរបស់ភាគីបង្ក ដែលព្យាយាមចរចាផ្តល់សំណង៤០០០ដុល្លារ ដើម្បីបញ្ចប់រឿង។ ជាមួយនេះ នាយពែកមី បានទទូចស្នើសុំអន្តរាគមន៍ពីអគ្គស្នងការនគរបាលជាតិ ទៀតផង ខណៈដែលអស់សង្ឃឹមជាមួយនឹងមន្ត្រីថ្នាក់មូលដ្ឋាន ថាមិនអាចរកយុត្តិធម៌ជូនប្អូនប្រុសរបស់ខ្លួនបាន។

តារាកំប្លែងនាយពែកមី រួមនឹងឪពុករបស់យុវជនរងគ្រោះ បានសម្តែងការអស់សង្ឃឹមទៅលើអធិការនគរបាលខណ្ឌឫស្សីកែវ ក្រោយពីហៅទៅសម្របសម្រួល ដោយប្រើពាក្យថា ជាសណ្តានចិត្តពួកគេ សូមជូនថវិកាត្រឹមតែ៤ពាន់ដុល្លារ ក្នុងន័យបញ្ចប់រឿងទៅវិញ ខណៈជនបង្ករត់គេចខ្លួនបាត់រយៈពេល១៧ថ្ងៃហើយ នៅតែចាប់មិនបាន គឺចាប់បានតែរថយន្តប៉ុណ្ណោះ។

តាមរយៈវីដេអូឃ្លីបរយៈពេល៥នាទី និង០៩វិនាទី នាយពែកមី បានរៀបរាប់ស្នើសុំកិច្ចអន្តរាគមន៍ ពីសំណាក់អគ្គស្នងការដ្ឋាននគរបាលជាតិ ថា “សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដែលកំពុងទស្សនាវីដេអូឃ្លីបរបស់ខ្ញុំបាទ ហើយពេលនេះ ខ្ញុំបាទសុំចេញវីដេអូមួយ ដើម្បីឆ្លើយតបជាមួយពុកម៉ែបងប្អូន ដែលតែងតែបារម្ភពីគ្រួសាររបស់យើងខ្ញុំ ទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរ ដែលមានរថយន្តជនល្មើសដេញបុកប្អូនថ្លៃខ្ញុំ បណ្តាលឱ្យគ្នាភ័យស្លន់ស្លោទៅបុករបងផ្ទះគេ រហូតដល់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ បានកើតហេតុកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មកទល់ពេលនេះ គឺ១៧ថ្ងៃហើយ តែជនរងគ្រោះវិញ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅប្រទេសវៀតណាម មានស្ថានភាពជម្ងឺ គឺថានៅធ្ងន់ធ្ងរនៅឡើយ មិនបានធូរស្រាលទេ ដោយសាររបួសបាក់ឆ្អឹងចង្ការកឺម បាក់ខាងក្រោមភ្នែក បាក់លើចិញ្ចើម និងត្រូវការសើយស្បែកមុខ ដើម្បីតឆ្អឹងឡើងវិញ ពិតជារន្ធត់ខ្លាំងណាស់ ទាក់ទងបញ្ហាផ្លូវច្បាប់ ជនល្មើសជនបង្កនោះ មិនទាន់បានចាប់ខ្លួនទេ ឃាត់បានតែឡានទេ មកទល់ពេលនេះ មានការចរចាដែលផ្តួចផ្តើមឡើងដោយអធិការខណ្ឌឫស្សីកែវ ដែលការចរចានោះ យើងខ្ញុំមិនអាចទទួលយកបានទេ…”។

ជាមួយគ្នានោះ ឪពុករបស់យុវជនរងគ្រោះក៏បានសម្តែងនូវអារម្មណ៍ហួសចិត្ត បន្ទាប់ពីអធិការនគរបាលខណ្ឌឫស្សីកែវ បានហៅទៅជួបចរចាជាមួយក្រុមគ្រួសារជនបង្ក ដោយក្នុងកំណត់ហេតុ គេសរសេរថា “ខាងភាគីរថយន្តមានសណ្តានចិត្តជួយចេញថ្លៃព្យាបាលជម្ងឺទៅខាងភាគីម៉ូតូ ដែលបានជិះទៅបុកជញ្ជាំងខ្លួនឯង ចំនួន៤ពាន់ដុល្លារ” បន្ទាប់មកបានឱ្យផ្តិតមេដៃទទួលយកលុយលើកំណត់ហេតុ ក្នុងន័យបញ្ចប់រឿងទៅវិញ។

បន្ទាប់មក នាយពាក់មី បានរៀបរាប់បន្តថា “បងប្អូនជួយស្តាប់មើលការសរសេរចុះ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សរសេរដាក់ថា ភាគីរថយន្តមានសណ្តានចិត្តជួយចេញថ្លៃព្យាបាលចំនួន៤ពាន់ដុល្លារ ទៅភាគីជនរងគ្រោះជិះម៉ូតូបុកជញ្ជាំង សូមឱ្យជួយស្តាប់មើល ទៅជារឿងជនល្មើសមានចិត្តធម៌ ចិត្តបុណ្យជួយគ្រួសារយើងខ្ញុំ ដែលជិះបុកជញ្ជាំងខ្លួនឯងទៅវិញ បើសរសេរបែបនេះ តើឱ្យពួកយើងខ្ញុំយល់ព្រមយ៉ាងម៉េចកើត ករណីមនុស្សឃាតជិះឡានដេញបុកម៉ូតូ បែរជាមកសរសេរថា ភាគីរថយន្តមានសណ្តានចិត្តជួយទៅវិញ ដោយពួកខ្ញុំមិនអាចទទួលយកការចរចា នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នោះបានទេ ព្រោះមើលជម្ងឺអស់ជិត១ម៉ឺនដុល្លារហើយ ទាំងនៅខ្មែរ និងនៅវៀតណាម តើពួកខ្ញុំអាចទទួលយកសេវា៤ដុល្លារ ហើយបែរជាមកសរសេរថា មានសណ្តានចិត្តជួយ ចឹងខ្ញុំត្រូវជំពាក់គុណគាត់ ៤ពាន់ដុល្លារវិញហើយចឹង ឥឡូវនេះ ពួកយើងខ្ញុំអស់សង្ឃឹមនឹងអធិការខណ្ឌឫស្សីកែវហើយ និងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ រួចហើយ ដូច្នេះយើងខ្ញុំសូមសំណូមពរដល់សមត្ថកិច្ច និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត សូមមេត្តាជួយក្រុមគ្រួសារយើងខ្ញុំផង ពិសេស ប្រជាពលរដ្ឋមេត្តាជួយតាមដានរឿងនេះផង ខ្លាចក្រែងយូរៗទៅ ស្រាប់តែស្ងាត់ឈឹង ចឹងយើងខ្ញុំមិនអាចនៅស្ងៀម ឫស្ងាត់បានទេ និងមិនអាចយកលុយ៤ពាន់ដុល្លារ មកទិញអាយុជីវិតប្អូនប្រុសរបស់ខ្ញុំបានទេ កុំមកនិយាយមកសរសេរថា ជាសណ្តានចិត្តជួយប្អូនខ្ញុំជិះម៉ូតូបុកជញ្ជាំងខ្លួនឯង ៤ពាន់ដុល្លារ។ នេះគ្រាន់តែជាការជម្រាបព័ត៌មានជូនបងប្អូនឱ្យបានជ្រាប ក៏ដូចជាបងៗជួយរកយុត្តិធម៌ជូនគ្រួសាររបស់យើងខ្ញុំផង យើងខ្ញុំនិយាយនេះ មិនដឹងថាត្រូវ ឬខុសទេ គ្រាន់តែអ្វីដែលឮ ចង់បង្ហាញជូនបងប្អូន បើសិនយើងខ្ញុំទាំង២នាក់និយាយទៅមិនត្រឹមត្រូវ ខុសពីនីតិវិធីច្បាប់អី សូមខន្តីអភ័យទោស ព្រោះពួកខ្ញុំមិនមែនអ្នកចេះច្បាប់ទេ គ្រាន់តែដឹងឮហើយ ជម្រាបជូនបងប្អូនដែលតែងខលសួរ បារម្ភពីសុខទុក្ខគ្រួសារខ្ញុំ ១៧ថ្ងៃហើយមិនទាន់ បានដោះស្រាយទេ…”។

យោងតាមមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ ជនបង្កបានលេងបាល់ទាត់ជាមួយជនរងគ្រោះ ជាប្អូនថ្លៃនាយពែកមី លុះមកដល់វេលាកើតហេតុ ក៏បានទាស់សម្តីគ្នាយ៉ាងខ្លាំង ក្នុងពេលកំពុងលេង ខណៈនោះជនបង្កជាមន្ត្រីនគរបាល បានគំរាមជនរងគ្រោះថា ពេលចេញទៅវិញ “ចេញពីលេងបាល់” អញនឹងយកក្បាលឯង “ក្បាលជនរងគ្រោះ” មកធ្វើកំណល់ឡានរបស់អញ។ លុះឮបែបនេះ ជនរងគ្រោះជាប្អូនថ្លៃនាយពែកមី ក៏ជិះម៉ូតូចេញពីកន្លែងប្រកួតលេងបាល់ទាត់ រហូតមកដល់ផ្លូវភ្លោះ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ស្រាប់តែជនសង្ស័យបើករថយន្តដេញតាមពីក្រោយបម្រុងបុក ធ្វើឱ្យជនរងគ្រោះភ័យ និងឈប់ម៉ូតូភ្លាមៗ ដើម្បីលត់ជង្គុញលើកម្រាមដៃសំពះសុំទោសទៅជនបង្ក។ តែជនបង្កមិនព្រមទទួលយកនូវការសុំទោសនេះឡើយ ទើបជនរងគ្រោះសម្រេចចិត្តជិះម៉ូតូយ៉ាងលឿនរត់គេច តាមបណ្តោយផ្លូវជាតិលេខ៥ ពីកើតទៅលិច សំដៅទៅផ្ទះរបស់ខ្លួន រហូតមកដល់កែងផ្លូវបេតុងបត់ឆ្វេងច្រកចូលរោងចក្រទឹកកក ជិតដល់ផ្ទះទៅហើយ ស្រាប់តែរថយន្តជនល្មើសជាមន្ត្រីនគរបាល បើកដេញតាមពីក្រោយបម្រុងបុកជាលើកទី២ តែជនរងគ្រោះក៏ឈប់ម៉ូតូ លុតជង្គង់សុំទោសម្តងទៀត នៅតែជនបង្កមិនព្រមទទួលយកបានតាមការស្នើរបស់ជនរងគ្រោះដដែល។ បន្ទាប់មកជនរងគ្រោះកាន់តែភ័យស្លន់ស្លោរ ព្រោះជនបង្កមិនព្រមលើកលែង និងគម្រាមយកក្បាលរបស់គេ មកធ្វើកំណល់ឡានខ្លួនឱ្យទាល់តែបាន ទើបជនរងគ្រោះឡើងជិះបើកម៉ូតូរត់គេចយ៉ាងលឿន ពីជើងទៅត្បូងវិញ សំដៅទៅផ្ទះកាត់មុខរោងចក្រទឹកក លុះមកដល់ផ្លូវបំបែកបត់ឆ្វេង និងបត់ស្តាំខាងមុខជាផ្លូវទ័ល និងជារបងទ្វារផ្ទះប្រជាពលរដ្ឋ ពិសេសត្រូវរថយន្តជនបង្កដេញតាមពីក្រោយយ៉ាងលឿនប្រកិតផងនោះ ធ្វើឱ្យជនរងគ្រោះមិនអាចបត់ឆ្វេង ឫបត់ស្តាំបាន ក៏ជ្រុលចង្កូតទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង បណ្តាលឱ្យសន្លប់ស្តូកស្តឹង ហើយជនសង្ស័យក៏បើករថយន្តបត់ស្តាំរត់គេចខ្លួន ដោយសុវត្ថិភាពតែម្តង។

គួរបញ្ជាក់ថា ជនបង្កមានឈ្មោះវ៉ាល់ សុវណ្ណមករា ហៅគី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ បើករថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាក់លេខ 2AP-0198។ ជំណែកជនរងគ្រោះឈ្មោះសាលីម ហ្វាវីត អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ៕

RELATED ARTICLES