ផឹកស៊ីក្លែមសម្តីពេក កាប់៣កាំបិតប៊ិះស្លាប់

0
503

ខេត្តរតនគិរី ៖ បុរស២នាក់ បានអង្គុយផឹកស៊ីជុំគ្នាបណ្តើរ ជជែកគ្នាសើចលេងបណ្តើរ តាំងពីក្បាលព្រលប់រហូតដល់យប់ជ្រៅបន្តិច ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែក ក៏ក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតដល់ភាគីម្ខាងផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិតប៉័ងតោកាប់ប្រហារគូទំនាស់របស់ខ្លួន ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់។ ចំណែកជនដៃដល់ បានព្យាយាមរត់គេចខ្លួនអស់រយៈពេល៦ថ្ងៃ ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចចំការកៅស៊ូលោកកៅ គង់ ស្ថិតក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។ ដោយឡែកជនដៃដល់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចម្ការដូងប្រេង ក្រុមហ៊ុនហ័ងអាញ់លំផាត់ ស្ថិតក្នុងស្រុកលំផាត់។

ជនរងគ្រោះដែលត្រូវគូទំនាស់ កាប់៣កាំបិតប៉័ងតោរបួសធ្ងន់ មានឈ្មោះអ៊ុក នឿន អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ (រងរបួសធ្ងន់ ត្រង់ឆ្អឹងជំនី២កាំបិត និងចិញ្ចើមឆ្វេង១កាំបិត) ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ ចំណែកជនដៃដល់ឈ្មោះសុំ ប្រាជ្ញា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ជនរងគ្រោះ និងជនដៃដល់ សព្វថ្ងៃធ្វើការសំណង់ និងស្នាក់នៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បានអង្គុយផឹកស៊ីជុំគ្នា តាំងពីក្បាលព្រលប់ រហូតដល់យប់ជ្រៅបន្តិច ក៏ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែក ក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតកើតជាជំលោះតឹងសរសៃកដាក់គ្នា ហើយភ្លាមនោះ ជនដៃដល់ទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទាញកាំបិត កាប់ប្រហារទៅលើជនរងគ្រោះ ចំនួន៣កាំបិត ត្រង់ឆ្អឹងជំនី២កាំបិត និងចិញ្ចើមឆ្វេង១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាម ដើម្បីសង្គ្រោះបន្ត។ ដោយឡែកជនដៃដល់ បន្ទាប់ពីកាប់ប្រហារជនរងគ្រោះរួច បានរត់ទៅសំងំលាក់ខ្លួននៅក្នុងចម្ការដូងប្រេង ក្រុមហ៊ុនហ័ងអាញ់លំផាត់ ប៉ុន្តែត្រូវកម្លាំងនគរបាលស្រុកអូរយ៉ាដាវ សហការណ៍ជាមួយកម្លាំងនគរបាលស្រុកលំផាត់ ឃាត់ខ្លួនបាននៅវេលាម៉ោង៣រសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨៕