មាន F11 Pro ទៀត?

0
65

រយៈពេលពីរទៅបី ថ្ងៃនេះ មានព័ត៌មានបែកធ្លាយមួយបានបង្ហាញនូវរូបភាព Poster មួយសន្លឹកថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OPPO ដែលត្រូវបានលេចធ្លាយតាមប្រព័ន្ធអ៊ីធើណែត ដោយក្នុង​រូបភាព​នោះ​ គឺបានបង្ហាញរូបរាងស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា F11 Pro ដ៏ទាក់ទាញជាមួយអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X អញ្ចឹងដែរ។

ចំណែកការរចនាកាមេរ៉ានៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង ក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។ ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវានោះមានទំហំ 48 MP និង​មានពាក្យស្លោកជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យ​ថា កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូននេះ នឹងមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល ដែលវាអាចនឹងប្រើប្រាស់សេនស័រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។

ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែមានរូបភាពវីដេអូមួយបានលេចធ្លាយមកថ្មីថែមទៀត ជាមួយការបង្ហាញតួខ្លូន បង្ហាញផ្នែកខ្នងខាងក្រោយរបស់ស្មាតហ្វូន OPPO ម៉ូឌែល F11 Pro ថ្មីហ្នឹងតែម្តង ដែលមានពីរពណ៌ដ៏ទាក់ភ្នែកអ្នកដែលបានមើលវីដេអូនេះ។ ដោយមានរូបភាព Poster និងវីដេអូសំអះសំអាងដូចគ្នាបែបនេះ ទើបអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំបានសន្មត់ថាវាជា F11 Pro តែម្តង​។

តាមរយៈរូបភាពដែលបានថតនេះ គឺបានបង្ហាញពីជម្រើសពណ៌លើ OPPO F11 Pro ចំនួន 2 ពណ៌ជាប្រភេទ Gradient Color រួមមាន ពណ៌ខៀវ និង​ពណ៌ស្វាយលាយពណ៌ទឹកប៊ិច   បន្តិចៗដែលមើលទៅស្រលះភ្នែកតែម្តង។

ដើម្បីអោយដឹងច្បាស់ សូមទស្សនា​រូបភាព​ខាងក្រោមនេះទាំងអស់គ្នា៖

និយាយរួមទាំងអស់នេះ គ្រាន់តែជារូបភាពព័ត៌មានបែកលេចធ្លាយ ដែលបានបង្ហាញពីរចនាបថ និងរូបរាងពិត ព្រមទាំងជម្រើសពណ៌ លើទូរស័ព្ទ OPPO ម៉ូឌែល F11 Pro ថ្មីប៉ុណ្ណោះ ប៉ុន្តែយើងខ្ញុំក៏មិនទាន់ហ៊ានសន្និដ្ឋាន និងកំណត់បានពិតប្រាកដបានទេថា វានឹងមានត្រឹមតែ 2ពណ៌បែបនេះ ឬមានច្រើនលើសពីនេះទៀត និងមានរូបរាងបែបនេះពិតប្រាកដឬអត់? ព្រោះវាជាព័ត៌មានបែកធ្លាយ​ដែលចែកចាយបន្តគ្នាប៉ុណ្ណោះ ដើម្បីអោយ​កាន់​តែដឹង​ច្បាស់ មានតែរង់ចាំតាមដានការបង្ហាញខ្លួនជាផ្លូវការពីក្រុមហ៊ុន OPPO ប៉ុណ្ណោះ ទើបអាចជឿជាក់បាន៕