Friday, April 26, 2024
Homeព័ត៌មានជាតិដេកភ្លេចចាក់សោ គាត់ចូលមក... ពាក់កណ្តាលអាធ្រាត្រ ទើបដឹងខ្លួន

ដេកភ្លេចចាក់សោ គាត់ចូលមក… ពាក់កណ្តាលអាធ្រាត្រ ទើបដឹងខ្លួន

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងត្រឡប់មកពីលេងផ្ទះបងប្អូនវិញ ជិតពាក់កណ្តាលអធ្រាត្រទៅហើយ ដោយសារតែហត់នឿយអស់ កម្លាំងខ្លាំងពេក ក៏បានអូសម៉ូតូដាក់ចូលក្នុងផ្ទះហើយ នាំគ្នាដេកលង់លក់បាត់ទៅ ទាំងភ្លេចចាក់សោទ្វារ លុះដល់កណ្តាលអធ្រាត្រ ដឹងខ្លួនឡើង ស្រាប់តែបាត់ម៉ូតូ បាត់ទាំងកាបូបលុយ មានលុយរាប់ម៉ឺនដុល្លារ ព្រមទាំងខ្សែកមាស៦តម្លឹងទៀតផង។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំ២នាក់ប្តីប្រពន្ធ រួមមាន បុរសជាប្តី មានឈ្មោះសូ ពៅ អាយុ៣៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះលន់ ស៊ីណា មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួលទើបបាន២ខែ នៅកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រីឯងម៉ូតូដែលចោរលួចយកទៅបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩  ពាក់ស្លាកលេខព្រៃវែង 1O-3911 និងកាបូបដាក់មាសប្រាក់មួយ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ពួកគាត់២នាក់ប្តីប្រពន្ធ បាននាំគ្នាទៅលេងផ្ទះបងប្អូននៅម្តុំវត្តសំរោងអណ្តែត រហូតមកដល់វេលាម៉ោង១១យប់ថ្ងៃដដែល ក៏ជិះម៉ូតូដឹកគ្នាត្រឡប់មកផ្ទះវិញ។ លុះពេលមកដល់ផ្ទះ គាត់បានអូសម៉ូតូដាក់ចូលក្នុងផ្ទះហើយ ក្រោយងូតទឹកអស់កម្លាំងពេក ទើបខ្លួនដេកលង់លក់ទាំងភ្លេចបិទទ្វារចាក់សោ។ រហូតមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ទើបដឹងខ្លួនឡើងវិញ ស្រាប់តែបាត់ទាំងម៉ូតូ បាត់ទាំងកាបូបលុយ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅប្តឹងភ្លាមទេ រវល់តែតាមស្វែងរកជនសង្ស័យ រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣ ខែមីនា ទើបនាំគ្នារត់ទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ជួយស្រាវជ្រាវ។

តាមសម្តីបុរសជាប្តី បានអះអាងថា នៅក្នុងកាបូបដែលចោរលួចទៅនោះ មានលុយចំនួន២៣៥០០ដុល្លារ លុយខ្មែរជាង៣០ម៉ឺនរៀល និងខ្សែកមាស២ខ្សែ ទម្ងន់៦តម្លឹង។ ចំណែកប្រពន្ធអះអាងថា មានលុយតែ១ម៉ឺនដុល្លារ លុយខ្មែរជាង៣០ម៉ឺនរៀល ខ្សែកមាស២ខ្សែ ទម្ងន់៦តម្លឹង ធ្វើឱ្យសមត្ថកិច្ចវិលក្បុង។

ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES