Wednesday, May 8, 2024
Homeព័ត៌មានជាតិពុទ្ធោ!!! ចាស់ហើយដាច់បាយ ស្លាប់កណ្តាលវាលស្រែ

ពុទ្ធោ!!! ចាស់ហើយដាច់បាយ ស្លាប់កណ្តាលវាលស្រែ

ខេត្តបាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ទំនងជាមនុស្សមានសតិមិនប្រក្រតី ដើរដាច់សង្វែងគ្មានគោលដៅ គ្មានបាយទឹកហូប ក៏កើតអាការខ្យល់គរ ដេកស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែ និងត្រូវបានអ្នកភូមិប្រទះឃើញ មានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងប្ញស្សី។

សាកសពស្ត្រីដែលដេកស្លាប់កណ្តាលវាលស្រែ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៥០ឆ្នាំ និងសង្ស័យថា អាចជាមនុស្សមានសតិមិនប្រក្រតី។

តាមសម្តីបុរសឈ្មោះអឿន អ៊ន អាយុ៦២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងជាអ្នកប្រទះឃើញសាកសពស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដើរកាត់វាលស្រែខាងលើ រួចក៏ប្រទះឃើញសាកសពស្ត្រីរងគ្រោះខាងលើ មិនដឹងជាដេកស្លាប់ តាំងពីថ្មើរណាទេ ហើយក៏គ្មានអ្នកស្គាល់អត្តសញ្ញាណដែរ ទើបប្រញាប់រាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ចតែម្តង។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ មានគេប្រទះឃើញស្ត្រីរងគ្រោះខាងលើ ដើរទៅមកក្នុងមូលដ្ឋានខាងលើដែរ ដោយមើលទៅសកម្មភាពដូចជាមនុស្សមានសតិមិនគ្រប់ តែគេមិនបានដឹងថា គាត់មកពីណាទេ រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បែរជាត្រូវបានគេប្រទះឃើញស្ត្រីរូបនេះដេកស្លាប់កណ្តាលវាលស្រែតែម្តង។

លោកជេត វណ្ណនី ស្នងការរងខេត្ត បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណីស្ត្រីម្នាក់ដេកស្លាប់កណ្តាលវាលស្រែ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសពរួមទាំងគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានផង។ ជាលទ្ធផលឃើញថា នៅលើខ្លួនសព មិនមានស្លាកស្នាមដែលគួរឱ្យសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្មទេ។ ហេតុនេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានជាបឋមថា ស្ត្រីរងគ្រោះទំនងជាស្លាប់ដោយសារខ្យល់គរ មកពីដាច់បាយដាច់ទឹក ខណៈអាកាសធាតុក្តៅខ្លាំងផង។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពស្ត្រីរងគ្រោះ ឱ្យទៅអាជ្ញាធរដែនដី យកទៅបូជានៅវត្តក្បែរទីតាំងកើតហេតុតែម្តង៕

RELATED ARTICLES