Friday, April 26, 2024
Homeព័ត៌មានជាតិសង្ឃឹមថា លែងឃើញមុខគាត់ទៀតទៅចុះ!!!

សង្ឃឹមថា លែងឃើញមុខគាត់ទៀតទៅចុះ!!!

ភ្នំពេញ ៖ ក្រុមនារីរកស៊ីផ្លូវភេទនិងក្រុមអ្នកគួកជេរ (ចាប់ម៉ូយ) ដែលនាំគ្នាឈរហៅភ្ញៀវប្រុសៗ និងតែងបង្កបញ្ហានៅពេលយប់ម្តុំវត្តភ្នំ  ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបដោយឃាត់ខ្លួនបានសរុបចំនួន៤នាក់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៩២-៩៤-៩៦ ជុំវិញរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការចុះបង្ក្រាបក្រុមនារីរកស៊ីផ្លូវភេទខាងលើនេះ ធ្វើឡើងដោយកម្លាំងជំនាញខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចក។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយសមត្ថកិច្ចប្រមូលបាននារីរកស៊ីផ្លូវភេទ និងក្រុមអ្នកចាប់ម៉ូយសរុបរួមចំនួន៤នាក់ ក្នុងនោះមានភេទទី១ម្នាក់ និងស្រីចំនួន៣នាក់។

ប្រភពដដែលបន្តថា ប្រតិបត្តិការនេះធ្វើឡើងក្នុងបំណងរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ម្តុំទីតាំងរមណីដ្ឋានវត្តភ្នំ ដែលជារឿយៗ តែងតែមានក្រុមនារីរកស៊ីផ្លូវភេទឈរចាំហៅរកភ្ញៀវប្រុសៗនៅពេលយប់ ហើយពេលខ្លះឈានដល់អំពើហិង្សា អំពើល្មើស លួចឆក់ប្លន់ បន្លំយកកាបូបលុយភ្ញៀវប្រុសៗដែលស្រវឹងទៀតផង។

ក្រោយបង្ក្រាបបាន ក្រុមនារីរកស៊ីផ្លូវភេទនិងអ្នកគួកជេទាំងនោះត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។ ហើយកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ។

ដោយឡែក កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះប្រតិបត្តិការបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទនិងអ្នកគួកជេរចំនួន៨នាក់ នៅជុំវិញរង្វង់មូលវត្តភ្នំ រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចអប់រំបន្ត។

យោងតាមប្រភពពីមន្ត្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា ដោយមានការណែនាំនិងអនុវត្តតាមបទបញ្ជារបស់លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឱ្យកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍នគរបាលវត្តភ្នំ បន្តចុះបង្ក្រាបករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) ឱ្យអស់ពីក្នុងមូលដ្ឋាន។ លុះនៅវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ម៉ោង២ រំលងអធ្រាត្រចូលថ្ងៃទី១០ ខែកក្កដា សមត្ថកិច្ចប្រមូលបានមនុស្សសរុបចំនួន៨នាក់ ក្នុងនោះប្រុសជាអ្នកហៅម៉ូយចំនួន៣នាក់ ស្រី៥នាក់៕

RELATED ARTICLES