អ៊ីវ៉ា ស្ងាត់ៗ បានតំណែងគណកម្មការ

0
324

តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានលេចមុខក្នុងកម្មវិធី ”កូនក្រមុំឆ្នើម” របស់ទូរទស្សន៍ Nice TV ដែលបានសម្ពោធកាលពីរាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅអាគារព្រីនស៍ ហូលឌីង គ្រុប កោះពេជ្រ ក្រោមវត្តមានតារាល្បីៗជាច្រើនដួង។

តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ អ៊ីវ៉ា ត្រូវបានផ្ដល់តំណែងជាគណៈកម្មការដាក់ពិន្ទុចំពោះគូស្នេហ៍ចុងក្រោយ១០គូពីកម្មវិធីនេះ ដោយចាប់ដៃជាមួយគណៈកម្មការ៤រូបផ្សេងទៀត រួមមាន អ្នកស្រីសក្ដិ សាកេត , អ្នកនាងគង់ ច័ន្ទស្រីមុំ និងលោកគឹម សីហា និងលោកជា សុវណ្ណារិទ្ធ ។ ដោយឡែក ពិធីករតំណាងកម្មវិធី ”កូនក្រមុំឆ្នើម” គឺកញ្ញាដួង ម៉ានិច្ច និងលោកថៃ អតិជាតិបុត្រ ក៏បានចូលរួម និងបង្ហាញចំណាប់អារម្មណ៍រីករាយចំពោះកម្មវិធីនេះដែរ។

តារាចម្រៀងអ៊ីវ៉ា វាចាថា នាងពិតជាមានអារម្មណ៍ប្លែក ព្រោះរាល់ដងចូលរួមកម្មវិធី គឺដឹងតែឡើងច្រៀង ប៉ុន្ដែពេលនេះត្រូវបានអ្នកគ្រប់គ្រងកម្មវិធីតម្រូវឲ្យនាងធ្វើជាគណកម្មការផ្ដល់ពិន្ធុចំពោះគូស្នេហ៍១០គូចុងក្រោយ ក្នុងចំណោមគូស្នេហ៍៣០គូ ដែលបានដាក់ពាក្យចូលរួមប្រកួត គឺពិតជាប្លែកមែន។

យ៉ាងណា អ៊ីវ៉ា ថា នាងបានត្រៀមខ្លួនជាស្រេចចំពោះព្រឹត្តិការណ៍នេះហើយ ទោះជានាងគ្មានគូស្នេហ៍ដូចគេមែន ប៉ុន្តែមិនច្រណែនពួកគាត់ដែលមានគូមកបង្ហាញឲ្យនាងដាក់ពិន្ទុនោះទេ គឺមានតែរំភើបចំពោះគូស្នេហ៍របស់ពួកគាត់ដែលស្រលាញ់គ្នា ហើយមកលាតត្រដាងការពិតឲ្យគេបានដឹង។

អ៊ីវ៉ា ថា ”ចំពោះខ្ញុំវិញចាប់អារម្មណ៍កម្មវិធី ”កូនក្រមុំឆ្នើម” ហ្នឹង ប៉ុន្តែខ្ញុំមិនទាន់បានត្រៀមខ្លួនធ្វើជាកូនក្រមុំមែនទែនទេ ។ ខ្ញុំចង់ធ្វើជាកូនក្រមុំដូចគេអីចឹង តែធ្វើម៉េចបើយើងមិនទាន់ដល់គូដូចគេ។ ខ្ញុំគិតថា ឆ្នាំនេះខ្ញុំទើបមានអាយុ២៤ឆ្នាំទេ អីចឹងគិតថា នៅក្មេងដែរ មិនប្រញាប់ថាត្រូវតែរកគូរឆាប់ៗទេ ព្រោះវ័យនេះខ្ញុំចង់ផ្ដោតលើការពង្រឹងការងារសិល្បៈនិងរកលុយសិន។

អុីវ៉ា បន្តថា “យើងមិនទាន់អាចកំណត់បានថា ពេលណាមានគូដូចគេទេ ព្រោះខ្ញុំជឿថា ពេលដល់គូហើយ ទោះជាយើងប្រឹងគេចយ៉ាងណាក៏គេចមុនផុតដែរ។ និយាយតាមត្រង់ទៅចុះ យើងប៉ុណ្ណឹងដែរ មិនមែនអត់អ្នកស្រលាញ់ទេ គឺមានតែមិនទាន់ត្រូវចិត្ត ហើយរឿងស្នេហា ខ្ញុំជឿលើនិស្ស័យដែរ មាននិស្ស័យទើបធ្វើឲ្យយើងអាចជួបគ្នា ហើយបើគូព្រេងដល់ហើយ ប្រកែកយ៉ាងណាក៏មិនរួចដែរ”។

អ្នករៀបចំកម្មវិធី ”កូនក្រមុំឆ្នើម” បានឲ្យដឹងថា វត្តមានរបស់តារាចម្រៀងអ៊ីវ៉ា និងតារា៤ដួងផ្សេងទៀត ក្នុងតំណែងជាគណៈកម្មការនេះនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ច្រើនជាមិនខាន ខណៈដែលកម្មវិធីផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅក្រោមកន្រ្ដកវិលថ្មី ចុងក្រោយនឹងជ្រើសយកកូនក្រមុំឆ្នើមម្នាក់ ឲ្យគាត់និងមនុស្សជាទីស្រលាញ់របស់គាត់ទទួលបានការរៀបចំពិធីជប់លៀង មង្គលការដ៏រ៉ូមែនទិកបំផុត និងបន្ទប់ស្នាក់នៅលំដាប់ VIP ដោយឥតគិតថ្លៃ។

តារាចម្រៀងអ៊ីវ៉ា បានឡើងច្រៀងចម្រៀង១បទ ដែលមានចំណងជើងថា ”ស្រលាញ់គ្នា ជាផ្លូវការ” ដើម្បីស្វាគមន៍កម្មវិធី ”កូនក្រមុំឆ្នើម” នេះផងដែរ ដែលធ្វើឲ្យភ្ញៀវដែលចូលរួមទះដៃផ្ដល់កម្លាំងចិត្តដល់នាង។

ចំណែកអ្នកស្រីសក្ដិ សាកេត ,គង់ ច័ន្ទស្រីមុំ ,លោកគឹម សីហា និងជា សុវណ្ណារិទ្ធ ក៏សុទ្ធតែមានអារម្មណ៍រំភើបដូចតារាចម្រៀងអ៊ីវ៉ា ដែរ នៅពេលដែលទទួលបានតំណែងជាគណៈកម្មការនេះ។ ទស្សនិកជនលើកឡើងថា ការចូលរួមរបស់អ៊ីវ៉ា ក្នុងនាមជាគណៈកម្មការនេះ នឹងធ្វើឲ្យតារាសាន់ដេ រូបនេះ ទទួលបានបទពិសោធន៍ថ្មីពីកម្មវិធីនេះ ហើយមិនយូរទេ អ៊ីវ៉ា នឹងមានគូស្នេហ៍ដូចអ្នកចូលរួមប្រកួតជាមិនខានឡើយ៕