Friday, April 26, 2024
Homeព័ត៌មានជាតិសប្បាយក្អាកស្អាយសោះហ្នឹង ប៉ុន្តែនៅពេលឮថា ឆាតទៅញ៉ែប្អូនស្រី ប្រាវតែម្តង

សប្បាយក្អាកស្អាយសោះហ្នឹង ប៉ុន្តែនៅពេលឮថា ឆាតទៅញ៉ែប្អូនស្រី ប្រាវតែម្តង

ខេត្តបាត់ដំបង ៖ បុរស២នាក់បានអង្គុយផឹកស្រាជុំគ្នាជជែកពីនេះពីនោះ ឮតែសំឡេងសើចក្អាកក្អាយ លុះក្រោយពីស្រវឹងជោកជាំក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាពីរឿងភាគីម្ខាងបានឆាតទូរស័ព្ទទៅញ៉ែប្អូនស្រីរបស់ភាគីម្ខាងទៀត ជាហេតុធ្វើឱ្យបុរសជាបងប្រុសខឹងសម្បាទាញកែវវាយក្បាលគូទំនាស់ បណ្តាលឱ្យរយះក្បាលហូរឈាមជោកខ្លួន រួចក៏ព្យាយាមរត់គេចខ្លួនបាត់ស្រមោល។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ នៅចំណុចភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត។

លុះមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននាំយកទៅសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះជុន ស៊ីដែត ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកជនរងគ្រោះមានឈ្មោះស៊ឹម ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល រងរបួសបែកក្បាលប្រវែង៧សង់ទីម៉ែត្រ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ជនបង្កនិងជនរងគ្រោះបានអង្គុយផឹកស៊ីជុំគ្នា លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួន ជនរងគ្រោះបានឆាតទូរស័ព្ទទៅញ៉ែប្អូនស្រីរបស់ជនបង្ក លុះជនបង្កដឹងក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប្រាវ ជាហេតុធ្វើឱ្យជនបង្កទប់កំហឹងមិនជាប់ក៏ទាញកែវស្រាវាយជនរងគ្រោះ បណ្តាល ឱ្យរយះក្បាលតែម្តង។

ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ រួចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

រហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនបង្កបាននាំយកមកសាកសួរនិងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES