Wednesday, May 8, 2024
Homeតារាខ្មែរចំរើន សុភ័ក្រ ដឹកដៃខេមរៈ សិរីមន្ត ទៅបុណ្យណូអែលនៅបារាំង

ចំរើន សុភ័ក្រ ដឹកដៃខេមរៈ សិរីមន្ត ទៅបុណ្យណូអែលនៅបារាំង

តារាចម្រៀងតូចច្រឡឹងរបស់ផលិតកម្មរស្មីហង្សមាស ចំរើន សុភ័ក្រ ដែលគេស្គាល់ថាជាម្ចាស់បទ“ម៉ែ” នោះ នឹងដឹកដៃតារាចម្រៀងកូន៣ ខេមរៈ សិរីមន្ត ទៅច្រៀងសម្តែងបុណ្យណូអែល នាចុងឆ្នាំ២០១៩នេះ នៅប្រទេសបារាំង ដែលតាមគម្រោងអ្នកទាំង២ត្រូវស្នាក់នៅទីនោះរយៈពេលជាង២សប្តាហ៍ប៉ុណ្ណោះ ទើបវិលវិញ។

ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តារាចម្រៀងចំរើន សុភ័ក្រ បានឱ្យដឹងថា “ខ្ញុំត្រូវឡើងយន្តហោះជាមួយបងខេមរៈ សិរីមន្ត នៅថ្ងៃទី១២ ខែធ្នូ ហ្នឹងហើយ។ ពួកយើងនឹងច្រៀងសម្តែងរយៈពេលជាង២សប្តាហ៍ ទើបវិលវិញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ហ្នឹងវិញតាមគម្រោង”។

កញ្ញាចំរើន សុភ័ក្រ

សុភ័ក្រ បានបន្តថា “នេះជាលើកទី១ហើយដែលខ្ញុំបានចេញទៅច្រៀងសម្តែងជាមួយបងសិរីមន្ត នៅក្រៅស្រុក ប៉ុន្តែកន្លងមកខ្ញុំធ្លាប់បានជួបគាត់នៅតាមឆាកច្រៀងតាមខេត្តច្រើនលើកច្រើនសាដែរ។ ខ្ញុំទៅលើកហ្នឹងជាមួយបងសិរីមន្ត នេះ គឺចំពេលដែលថ្ងៃបុណ្យណូអែលតែម្តង អ៊ីចឹងមានកម្មវិធីច្រៀងសម្តែងរួមគ្នាជាច្រើនដែរនៅថ្ងៃហ្នុង ដើម្បីអបអរឆ្នាំសាកលជិតមកដល់នេះ”។

ការដឹកដៃខេមរៈ សិរីមន្ត ទៅបុណ្យណូអែលនៅប្រទេសបារាំង របស់ចំរើន សុភ័ក្រ នៅពេលនេះ បន្ទាប់ពីថ្មីៗនេះ សុភ័ក្រ ទើបវិលពីដំណើរកម្សាន្តនៅសហរដ្ឋអាមេរិកផងដែរ ហើយមកដល់ស្រុកវិញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ឥឡូវត្រៀមឡើងយន្តហោះទៅបារាំងទៀត។

តារាចម្រៀងហង្សមាសរូបនេះ បន្ថែមថា “ខ្ញុំទៅអាមេរិកមុនហ្នឹង គឺទៅដើរលេង សុទ្ធតែម្តងរយៈពេល២០ថ្ងៃហ្នឹង ព្រោះខ្ញុំមានមិត្តភក្តិនៅទីនោះជូនដើរលេង។ មានគេទាក់ទងឱ្យច្រៀងសម្តែងដែរ ប៉ុន្តែដោយសារទិដ្ឋាការខ្ញុំមានតែ២០ថ្ងៃសម្រាប់ដើរលេង អ៊ីចឹងខ្ញុំអត់បានច្រៀងសម្តែងទេលើកហ្នឹង។

លោកខេរមៈ សិរីមន្ត

ចំរើន សុភ័ក្រ បន្ថែមថា ខ្ញុំបានដើរកម្សាន្តនៅអាមេរិក បានច្រើនរដ្ឋដែរ ដូចជា រដ្ឋតិចសាស់, សិនតូញ៉ូ, វ៉ាស៊ីនតោន, ស៊ីសតុន ជាដើម។ ចំពោះការចេញទៅច្រៀងសម្តែងវិញ ខ្ញុំធ្លាប់ចេញទៅអូស្ត្រាលី, អាមេរិក និងអង់គ្លេស ជាដើម ប៉ុន្តែការទៅបារាំង ហ្នឹង ជាលើកទី១ហើយសម្រាប់ខ្ញុំ”។

ចំរើន សុភ័ក្រ បានឱ្យដឹងទៀតថា ការទៅច្រៀងសម្តែងនៅបារាំងជាមួយខេមរៈ សិរីមន្ត លើកនេះ ក៏មិនខុសពីការចេញទៅច្រៀងសម្តែងនៅអូស្ត្រាលី ជាមួយលោកព្រាប សុវត្ថិ កាលពីខែមិថុនា ដែរ ព្រោះថវិកាមួយចំនួននឹងត្រូវបង្វិលទៅជួយដល់កុមារកំព្រានិងជនក្រីក្រផងដែរ តាមរយៈអង្គការមួយ។

នាងថា ពិតជាមានមោទនភាពខ្លាំង ព្រោះនាងជាតារាចម្រៀងម្នាក់ ប៉ុន្តែមានលទ្ធភាពអាចជួយដល់ កិច្ចការសង្គមមួយផ្នែកតូចនេះ ហើយនាងនឹងបន្តសកម្មភាពបែបនេះតទៅទៀត។

ចំរើន សុភ័ក្រ ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ ដែលឈានទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែមិនអាចយកឈ្នះប៊ុត សីហា ក្នុងការលើកពានឡើយ។

តារាចម្រៀងតូច ច្រឡឹងសំនៀងក្រអួនក្រអៅរូបនេះបានបង្ហាញមុខគូស្នេហ៍ជាចំហកាលពីពេលថ្មីៗនេះ ហើយមានដំណឹងថានាងត្រៀមចូលរោងការឆាប់ៗខាងមុខនេះទៀតផង។ ប៉ុន្តែនៅពេល សួររឿងគ្រោងលាភាពនៅលីវនេះ សុភ័ក្រ ថា នាងមិនទាន់កំណត់ពេលវេលារៀបការជាក់លាក់ទេ ក្រោយពីបានភ្ជាប់ពាក្យ៤ឆ្នាំមក។

សុភ័ក្រ ថា នាងនិងគូដណ្តឹងបានស្រលាញ់គ្នាជិត១០ឆ្នាំមកហើយ ប៉ុន្តែការពន្យារពេលរៀបការនេះ មិនមែនមកពីនាងខ្លាចការហើយធ្លាក់កូដបាត់បង់ទីផ្សារសិល្បៈនោះទេ ប៉ុន្តែមូលហេតុគឺមកពីនាងរង់ចាំពេលវេលាសមស្រប ហើយជីវភាពបានល្អប្រសើជាងនេះទើបនាងសម្រេចចិត្តរៀបការ៕

RELATED ARTICLES