Friday, April 26, 2024
Homeនយោបាយកញ្ញាស៊ិន រ៉ូហ្ស៊ែត លើកពីយុត្តិធម៌ ទូលពិតសម្តេចស ខេង គ្នាឯងចោទខ្សែធី សុវណ្ណថា

កញ្ញាស៊ិន រ៉ូហ្ស៊ែត លើកពីយុត្តិធម៌ ទូលពិតសម្តេចស ខេង គ្នាឯងចោទខ្សែធី សុវណ្ណថា

ភ្នំពេញ ៖ បន្ទាប់ពីកូនចៅលោកសម រង្ស៊ី  ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ គឺយុវតីស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានលើកពីរឿងយុត្តិធម៌មក ទូលពិតសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៃគណបក្សប្រជាជនកម្ពុជា ស្រាប់តែនាងត្រូវគ្នាឯងចោទថា ជាខ្សែរបស់អ្នកស្រីធី សុវណ្ណថា អតីតយុវជនគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដែលបានចុះចូលគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា)។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊ែត

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានបង្ហោះរូបភាពសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលភ្ជាប់ជាមួយអក្សរធំៗដែលជាប្រសាសន៍របស់សម្តេចថា “សង្គមមួយដែលបែកបាក់ គឺបណ្តាលមកពីភាពអយុត្តិធម៌” ក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ជាមួយសំណេរថា “សូមសម្តេចជ្រាប តើយុត្តិធម៌ទេ ៖

-មកចោទប្រកាន់ថា កន្លែងខ្ញុំប្រមូលផ្តុំជនឧទ្ទាម (ធ្វើឱ្យខ្ញុំបាត់បង់ប្រាក់ចំណូល ភ្ញៀវ លែងហ៊ានចូលកន្លែងខ្ញុំ)

-យុវជនមួយក្រុម មុនបោះឆ្នោត២០១៨ មកជេរបញ្ចោរខ្ញុំទាំងយប់ នៅមុខហាងនំបញ្ចុក

-ថ្ងៃទី០៩ ខែឧសភា ត្រូវបានកោះហៅឡើងតុលាការ ពីបទចោទប្រឆាំងសាលដីកា

-បុគ្គលិកខ្ញុំឈប់ ត្រូវបានគេហៅទៅធ្វើលិខិតកិច្ចសន្យាឱ្យឈប់ទាក់ទងខ្ញុំ

-មានបុរសម្នាក់ដែលខ្ញុំមិនស្គាល់មករំខាន ដោយមកគោះទ្វារខ្លាំងៗនៅហាងខ្ញុំ

-ថ្ងៃទី៦ ប៉ូលិសមកអង្គុយតាមដានមុខផ្ទះខ្ញុំ ហើយបានឱ្យគេមកប្រាប់ម្តាយខ្ញុំថា កុំឱ្យខ្ញុំចេញទៅណាឱ្យសោះ ៖

សម្រាប់ខ្ញុំជាយុវតីម្នាក់ដែលរងនូវអំពើទាំងនេះ បើសិនជាអ្នកបានជួបរឿងដូចខ្ញុំ តើអ្នកអាចទ្រាំដូចខ្ញុំបានឬទេ?”។

ក្រោយបានឃើញសំណេរខាងលើនេះ គណនីហ្វេសប៊ុកឈ្មោះ “ “Dara Kps MG”  ដែលជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែរ បានសរសេរបញ្ចោញយោបល់រិះគន់កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថា “ខំតែទុកចិត្ត ចុងក្រោយខ្សែធី សុវណ្ណថា សោះ ហិៗបាយៗៗ”។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏សរសេរតបទៅអ្នកចោទប្រកាន់ខាងលើវិញថា “កុំយកខ្ញុំទៅប្រៀបនរណាឱ្យសោះ គេគឺគេ ខ្ញុំគឺខ្ញុំ។ អ្នកឯងអាចយកលុយជាធំ តែខ្ញុំយកមនសិការ និងការស្មោះត្រង់ជាធំ”។

ទោះបីយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ដោយផ្ទាល់ពីកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានទេកាលពីម្សិលមិញ ដោយទូរស័ព្ទចូលមិនមានការលើកទទួល ខណៈដែលអ្នកស្រីធី សុវណ្ណថា ក៏មិនអាចទាក់ទងបានដូចគ្នា។

អ្នកនាងធី សុវណ្ណថា

គួរបញ្ជាក់ថា ថ្លែងចំពោះមុខមន្ត្រី និងថ្នាក់ដឹកនាំបក្ស កាលពីពេលថ្មីៗនេះ សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា រដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់លើគ្រប់វិស័យ រាប់ទាំងប្រព័ន្ធយុត្តិធម៌ផងដែរ។ ត្រង់ចំណុចនេះ សម្តេចបានសង្កត់ធ្ងន់ថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺជារឿងចាំបាច់បំផុតដើម្បីការពារកុំឱ្យសង្គមជាតិបែកបាក់។

សម្តេចស ខេង បានមានប្រសាសន៍នៅពេលនោះថា “នេះខ្ញុំចង់បញ្ជាក់ថា ជាកំណែទម្រង់មួយដ៏មានសារសំខាន់ ហើយវាពាក់ព័ន្ធផ្ទាល់នឹងប្រជាពលរដ្ឋ ហើយក៏វារួមចំណែកដល់ការពង្រឹងសុខសន្តិភាព ស្ថិរភាពហ្នឹងហើយ ដែលថាការពារសន្តិភាពនោះ ហើយនៅមានផ្នែកច្រើនទៀត។

កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ឧទាហរណ៍អ៊ីចឹងតាមបទពិសោធន៍ជាប្រវត្តិសាស្ត្រមក សង្គមដែលបែកបាក់នៅក្នុងស្រុកណាក៏ដោយ គឺអយុត្តិធម៌។ អ៊ីចឹងរឿងនេះក៏ជាកម្មវត្ថុមួយយ៉ាងសំខាន់ដែលយើងត្រូវតែកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ ហើយសម្រាប់មូលដ្ឋានសព្វថ្ងៃនេះ យើងក៏បង្កើត គេហៅថា ក្រុមស្អីនោះ ហើយក៏បានផ្ទេរមកដែរក្រុមហ្នឹង ដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនបាច់ដល់តុលាការទេ វិវាទល្មមៗ ទំនាស់ល្មម គាត់ដោះនឹងមូលដ្ឋានហ្នឹង យើងបានឱ្យសិទ្ធិ ឱ្យអំណាចហ្នឹង ហើយបានផ្ទេរមកហើយសម្រាប់ឆ្នាំ២០២០នេះតទៅ”។

ប្រសាសន៍របស់សម្តេចស ខេង មិនត្រឹមតែធ្វើឱ្យអ្នកនយោបាយប្រឆាំង មានការចាប់អារម្មណ៍ទេ សូម្បីតែសង្គមស៊ីវិល អ្នកវិភាគ ប្រជាពលរដ្ឋទូទៅ ក៏មានការចាប់អារម្មណ៍ដែរ ព្រោះគិតថា សង្គមមួយបែកបាក់ពិតជាបណ្តាលមកពីភាពអយុត្តិធម៌។

លោកសន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានលើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅមានភាពខ្វះចន្លោះ និងបង្កឱ្យមាននិទ្ទណ្ឌភាពក្នុងសង្គម តួយ៉ាងដូចជាករណីបញ្ហាដីធ្លីជាដើម។

ដោយមិននិយាយពីបញ្ហាផ្សេងទៀត លោកសន ជ័យ លើកយកករណីដីធ្លីមកពន្យល់ថា នៅពេលដែលពលរដ្ឋក្រីក្រមានជម្លោះដីធ្លីជាមួយអ្នកមានទ្រព្យនិងអំណាចនោះ ពលរដ្ឋក្រីក្រ ទន់ខ្សោយទាំងនេះ មិនដែលឈ្នះក្តីក្តាំឡើយ កំណែទម្រង់ហាក់មិនទាន់មានប្រសិទ្ធភាពអ្វីទេ ខណៈការរំលោភបំពានសិទ្ធិនៅតែកើតមាន។ ដូច្នេះលោកស្នើឱ្យមានកំណែទម្រង់ដោយប្រយ័ត្នប្រយែង និងកំណត់ពេលវេលាច្បាស់លាស់។

ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ថា “សុំគាំទ្រការឈ្វេងយល់របស់សម្តេចក្រឡាហោម ស ខង ដែលថា អយុត្តិធម៌ធ្វើឱ្យសង្គមបាក់បែក ហើយថា ចាំបាច់ត្រូវកែទម្រង់ប្រព័ន្ធយុត្តិធម៌។

សូមស្នើថា ដើម្បីអាចធានាបាននូវយុត្តិធម៌ ប្រព័ន្ធយុត្តិធម៌ ត្រូវតែឯករាជ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ… ដើម្បីធានាឱ្យប្រព័ន្ធយុត្តិធម៌ឯករាជ្យ បានដំណាក់គន្លឹះដំបូងគឺត្រូវធ្វើច្បាប់មួយហាមឃាត់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចៅក្រម ព្រះអាជ្ញា ក្រឡាបញ្ជី អ្នករាជការ សាធារណៈឯទៀត បម្រើការតុលាការ មិនឱ្យចូលជាសមាជិកគណបក្សនយោបាយ និងធ្វើសកម្មភាពនយោបាយទាំងអស់…”៕

 កុលបុត្រ

RELATED ARTICLES