Friday, April 26, 2024
Homeតារាខ្មែរស្រីស្អាតម្នាក់ទៀត សារភាពលួចស្រឡាញ់លោកពេជ្រ ស្រស់

ស្រីស្អាតម្នាក់ទៀត សារភាពលួចស្រឡាញ់លោកពេជ្រ ស្រស់

ភ្នំពេញ ៖ ក្រោយពេលដែលបានបដិសេធស្នេហ៍តារាសម្តែងស្រីវ័យក្មេង ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ដោយថានាងខ្ពស់ពេក មនុស្សធម្មតាដូចលោកឈោងមិនដល់នោះ ពេលនេះលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី កាន់តែមានមន្តស្នេហ៍ទាក់ទាញថែមទៀត ដោយមានស្រីស្អាតម្នាក់ទៀតបានសារភាពថា នាងក៏លួចស្រលាញ់មេបក្សកំលោះមុខស្រស់ដូចឈ្មោះនេះដែរ។

នារីវ័យក្មេងរូបស្រស់ដែលសារភាពលួចស្រលាញ់លោកពេជ្រ ស្រស់ ដែលនោះ មានឈ្មោះហ៊ន ច័ន្ទបូរម៉ី អាយុជាង២០ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

បន្ទាប់ពីបានឃើញព័ត៌មានចុះផ្សាយថា លោកពេជ្រ ស្រស់ បដិសេធស្នេហ៍តារាស្រីរ៉ូស នោះមក កញ្ញាបូរម៉ី បានសរសេរក្នុងខ្ទង់បញ្ចេញយោបល់ (Comment) តាមហ្វេសប៊ុករបស់នាងថា “និយាយត្រង់ សូម្បីនាងខ្ញុំក៏លួចស្រលាញ់គាត់ដែរ”។

កញ្ញាហ៊ន ច័ន្ទបូរម៉ី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអារម្មណ៍ពិតរបស់នាងបានទេ កាលពីម្សិលមិញ។

ដោយឡែក លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ថា លោកបានត្រឹមតែអរគុណកញ្ញាហ៊ន ច័ន្ទបូរម៉ី ដូចការអរគុណកញ្ញារ៉ូស ដែរ ឯការឱ្យលោកឆ្លើយស្រលាញ់តបវិញមិនហ៊ានប្រាថ្នាឡើយ។

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ថា “តាមពិតវាមិនចម្លែកទេ ពីព្រោះគេឃើញនូវទង្វើនិងសកម្មភាពរបស់ខ្ញុំជួយប្រជាជន និងប្រជាពលរដ្ឋអ៊ីចឹង តែគេស្រលាញ់ប្រភេទម៉េច ខ្ញុំអត់ដឹងទេ ហើយខ្ញុំក៏អត់ទាន់គិតរឿងស្នេហាអីដែរ តែខ្ញុំអរគុណចំពោះបងប្អូនជនរួមជាតិដែលស្រលាញ់រូបខ្ញុំ ព្រោះខ្ញុំធ្វើការបម្រើប្រជាពលរដ្ឋ អ៊ីចឹងបើប្រជាពលរដ្ឋស្រលាញ់ខ្ញុំ អាហ្នឹងអត់អីទេពីព្រោះគាត់គិតថា ខ្ញុំអាចជួយប្រជាពលរដ្ឋបាន។

លោកពេជ្រ ស្រស់ បន្តថា “ត្រង់នេះវាមិនមែនមោទនភាពទេ គ្រាន់តែថាក្តីស្រលាញ់ពីនារីស្រីស្អាត អាហ្នឹងវាជារឿងមួយដែលយើងកំណត់សម្គាល់ខ្លួនឯងថា ស្អាតមិនស្អាតទេ ប៉ុន្តែការកំណត់ សម្គាល់ស្អាតឬមិនស្អាត បើពុទ្ធចក្រ គឺកំណត់សម្គាល់លើចិត្ត មិនមែនលើរូបទេ អ៊ីចឹងខ្ញុំមិនសូវជាចាប់អារម្មណ៍ពេកទេរឿងស្រលាញ់បែបលក្ខណៈស្នេហា តែបើគាត់ស្រលាញ់បែបលក្ខណៈគោរព ក៏ដូចជាឃើញទង្វើរបស់ខ្ញុំ អាហ្នឹងខ្ញុំអរគុណក៏ដូចជារំភើបដែរ ពីព្រោះយើងធ្វើសកម្មភាពនៅពេលដែលគេសរសើរគេស្រលាញ់ យើងសប្បាយចិត្តណាស់ ពីព្រោះអំពើល្អ ខ្ញុំជឿជាក់ថា វាមិនសាបសូន្យ”។

លោកពេជ្រ ស្រស់ បន្តទៀតថា “ខ្ញុំមិនហ៊ានទស្សន៍ទាយចិត្តគេទេ ប៉ុន្តែខ្ញុំនិយាយបានពាក្យមួយម៉ាត់គត់ថា ខ្ញុំអរគុណពួកគាត់ដែលស្រលាញ់ខ្ញុំតែប៉ុណ្ណឹងឯង។ ដូច្នេះនារីទី២នេះ ខ្ញុំនៅតែថ្លែងអំណរគុណដូចតែទី១ដែរ ពោលគឺខ្ញុំថ្លែងអំណរគុណបងប្អូនជនរួមជាតិគ្រប់គ្នាដែលលួចស្រលាញ់ខ្ញុំ មិនមែនតែគាត់ពីរនាក់ហ្នឹងទេ តាមខ្ញុំដឹងគឺច្រើន ខ្លះគេឆាតមកខ្ញុំក៏មានដែរ តែខ្ញុំខ្ជិលបរិយាយច្រើនអ៊ីចឹង។

លោកពេជ្រ ស្រស់ បន្ថែមថា “និយាយឡើងវិញ ខ្ញុំថ្លែងអំណរគុណចំពោះទឹកចិត្តបងប្អូនជនរួម ជាតិ មិនថាប្រុស មិនថាស្រី ដែលតែងតែគាំទ្រនិងយកចិត្តទុកដាក់ចំពោះរូបខ្ញុំ ព្រោះខ្ញុំធ្វើកិច្ចការងារទាំងអស់នេះ គឺមិនដែលគិតថាជាប្រយោជន៍របស់ខ្ញុំទេ ខ្ញុំលះបង់ប្រយោជន៍ផ្ទាល់ខ្លួនត្រូវជួយបងប្អូនជនរួមជាតិស្លូតត្រង់ និងបងប្អូនជនរួមជាតិដែលគេជិះជាន់ រំលោភបំពានដែលគាត់គ្មានអំណាចតតាំងជាមួយអ្នកធំ។

ជាចុងក្រោយ ប្រធានគណបក្សខ្មែរក្រោក រូបនេះ ថា “អ៊ីចឹងសូមថ្លែងអំណរគុណចំពោះការគាំទ្រមក លើរូបខ្ញុំ សង្ឃឹមថា បងប្អូនជនរួមជាតិនឹងគាំទ្រឱ្យខ្ញុំមានសំឡេងនៅក្នុងសភាទៀត ដើម្បីខ្ញុំធ្វើការបម្រើជាតិ និងបម្រើប្រជាពលរដ្ឋឱ្យបានពេញសិទ្ធិពេញអំណាច ពេញដៃតែម្តង”។

គួរបញ្ជាក់ថា ការសារភាពលួចស្រលាញ់របស់កញ្ញាហ៊ន ច័ន្ទបូរម៉ី ទៅលើលោកពេជ្រ ស្រស់ បានធ្វើឡើងក្រោយពេលដែលកញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស តារាស្រីល្បីសិចស៊ីបានបង្ហោះសារសារភាពស្នេហ៍អ្នកនយោបាយកំលោះរូបនេះដែរថា “លួចស្រលាញ់ឯកឧត្តមបង ពេជ្រ ស្រស់ ប៉ុន្តែគាត់សុភាពបុរសពេក ហើយចង់ប្រាប់ថា គាត់ជាមនុស្សល្អនៅក្នុងសង្គម”។

ទោះយ៉ាងណា ជាការឆ្លើយតបលោកពេជ្រ ស្រស់ បានសរសេរថា “ពិតជាសំណាងធំណាស់ ខ្ញុំបានតារាស្រស់ស្អាតសោភាលួចស្រលាញ់ ក៏ប៉ុន្តែតារាខ្ពស់ពេក មនុស្សធម្មតាដូចខ្ញុំឈោងចាប់មិនដល់ទេ សុំទោសផងតារាស្អាត Rose”។

លោកពេជ្រ ស្រស់ បានបញ្ជាក់ថា ការដែលលោកនិយាយថា មិនហ៊ានប្រាថ្នាតារាដោយសារខ្ពស់ពេកនោះ គឺដូចបានឃើញហើយ គូភរិយាស្វាមីអ្នកធ្វើការ និងតារាមិនសូវជុំគ្នាប៉ុន្មានទេ គឺបានតែមួយប្រាវក៏បែកបាក់គ្នាទៅវិញ ប៉ុន្តែទោះយ៉ាងណាលោកក៏អរគុណនាងដែលបានស្រលាញ់ និងសរសើរលោកជាមនុស្សល្អនៅក្នុងសង្គម៕

កុលបុត្រ

RELATED ARTICLES