Friday, April 26, 2024
Homeព័ត៌មានជាតិគូដណ្តឹង១គូ សុំពន្យារពេលរៀបការ បង្ការកូវីដ-១៩ ទីតាំងជួលការ មិនយោគយល់ នៅតែយកតម្លៃពេញ

គូដណ្តឹង១គូ សុំពន្យារពេលរៀបការ បង្ការកូវីដ-១៩ ទីតាំងជួលការ មិនយោគយល់ នៅតែយកតម្លៃពេញ

គូណ្តឹង១គូបានសម្រេចចិត្តផ្អាកពិធីមង្គលការ ដោយត្រូវពន្យារពេល ដើម្បីបង្ការកូវីដ-១៩ ដោយពួកគេបានចរចាជាមួយខាងចុងភៅ សម្អាងការ និងផ្កាស្រស់ សុទ្ធតែយល់ព្រមតាមការស្នើសុំ ដោយយល់ពីស្ថានភាពនិងកាលៈទេសៈប្រទសជាតិ ប៉ុន្តែកន្លែងទីតាំងដែលជួលសម្រាប់ធ្វើពិធីជប់លៀងមង្គលការ មិនត្រឹមតែមិនព្រមតាមការស្នើសុំពន្យារពេលនោះទេ ថែមទាំងយកតម្លៃពេញដដែល។

លោកផែង វណ្ណៈ បានបង្ហោះសារលើហ្វេសប៊ុកថា “ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរ៉ុសកូវីដ​ ១៩​ ប្រជាពលរដ្ឋជាច្រើនបាន​ចូលរួម ជាពិសេសពិធីរៀបមង្គលការត្រូវ​បានប្រជាពលរដ្ឋខ្លះផ្អាក​ ឬ​ពន្យារពេលដែរ​ ។

ប៉ុន្តែ​បញ្ហាប្រឈមចំពោះប្រជាពលរដ្ឋ គឺ​ម្ចាស់ទីតាំងជួលអាគារ​ជួលរោងការ​ មិនព្រមឲ្យពន្យា​រពេល​ និង​ ទាមទារដាច់លុយកក់​ ហើយថែមទាំងតម្រូវឲ្យពលរដ្ឋបង់លុយចំនួន​៥០​ភាគរយ​ទៅ​ក្រុមភ្លេងថែមទៀតផង​ ។

ទង្វើរបស់ក្រុមហ៊ុន​ជួល​អាគារទាំងនោះ​បង្ហាញឲ្យឃើញថា​ ពួកគេ​មិនបានចូលរួមជាមួយរាជរដ្ឋាភិបាល​ និង​ ប្រជាពលរដ្ឋ​ ក្នុងការជួយ​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរ៉ុស​កូវីដ​ ១៩​ ទេ​ ពួកគេដឹងតែម្យ៉ាងគត់​ គឺ​ លុយ​ លុយ​ លុយ​ ។ សូមស្ថាប័ន​ពាក់ព័ន្ធ​ក្នុងជួររាជរដ្ឋាភិបាល​មេត្តា​ពិនិត្យមើល​ករណី​នេះផង”។

ក្រោយពេលលោកផែង វណ្ណៈ បង្ហោះសារនេះ ស្រាប់តែមាននារីម្នាក់ ប្រើគណនីហ្វេសប៊ុក Raksa TR បានComment ថា “បេីខ្ញុំវិញមិនមែន50%ទេ​ គឺយក100%ពេញម៉ងរឿងក្រុមភ្លេងនឹង​ ថ្លៃកក់ហាងទៀត​ យល់ថាគេមានគោលការណ៌តែ​ នេះជាវិបត្តិសកល”។

នារីដដែលនេះ ក៏បានបង្ហោះសារលើទំព័តហ្វេសប៊ុកផ្ទាល់ខ្លួនថា “ពាក្យសំណូមពរពីម្ចាស់ដើមការសុំអោយខាងហាងដែលជួលទីតាំងរៀបចំពិធីជួយសម្រួលគ្នាផងទៅ ព្រោះនេះជាវិបត្តិសាកលលោក​ មិនមែនជាកំហុសឯកជនទេ សូមចូលរួមការពារសុខភាពប្រជាជនផង​ សុខភាពខ្ញុំក៏ដូចសុខភាពអ្នក​ គ្មានអ្នកណាចង់ពន្យារថ្ងៃសិរីមង្គលរបស់ខ្លួននោះទេ

-​ អរគុណដល់សំអាងការ
-​អរគុណដល់ខាងដេគ័រផ្កា
-​ អរគុណដល់ខាងចុងភៅ
ដែលជួយសំរួលដោយយល់ពីស្ថានភាពបច្ចុប្បន្ននេះច្បាស់”។

ដោយឡែក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នារីដដែលនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “យើងខ្ញុំទាំងពីរនាក់​ ព្រមទាំងឪពុក-ម្តាយទាំងសងខាង សូមជម្រាបជូនដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មិត្តភក្តិ​ បងប្អូន​ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់មេត្តាជ្រាបថា : នៅថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដែលជាថ្ងៃសិរីមង្គលរបស់យើងខ្ញុំទាំងពីរ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ (អាគារF) ត្រូវបានពន្យារពេលលើកថ្ងៃទៅពេលវេលាសមស្របណាមួយ​វិញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ យើងទាំងពីរព្រមទាំងក្រុមគ្រួសារទាំងសងខាង សូមខន្តីអភ័យទោស​ និង​សុំការយោគយល់​ពីភ្ញៀវកិត្តិយសទាំងអស់ផង យើងខ្ញុំទាំងពីរនាក់​សូមជូនពរ​បងប្អូនភ្ញៀវកិត្តិយសទាំងអស់​ឲ្យមានសុខភាពល្អ​ និងសម្រេចជោគជ័យគ្រប់ភារកិច្ចទាំងអស់  សូមបងប្អូនភ្ញៀវកិត្តិយសទាំងអស់ជ្រាបជាព័ត៌មាន​ ដោយក្តីអនុគ្រោះ សូមអរគុណ”។

យ៉ាងណា យើងមិនទាន់ទទួលការបកស្រាយពីម្ចាស់ទីតាំងដែលនារីខាងលើ ជួលដើម្បីរៀបចំពិធីមង្គលការនោះនៅឡើយទេ៕

RELATED ARTICLES