សុខ ពិសី ពិតជាព្រមចាប់ដៃជាមួយនាយចឺម

0
225

ក្រោយបែកធ្លាយរឿងនាយចឺម តាមសុំស្នេហ៍សុខ ពិសី មានទាំងសារឆាតទៅទៀតនោះ ពេលនេះតារាសាច់សខ្ចីរបស់សាន់ដេ រូបនេះ មិនស្ទាក់ស្ទើរក្នុងចិត្តឡើយ គឺនាងបានងាកមកចាប់ដៃគូច្រៀងសម្ដែងជាមួយលោកសុខ មេសា ហៅនាយចឺម ដោយគ្មានការរារែកចិន្ដា បើទោះជាអ្នកទាំងពីរមានបទពិសោធន៍ក្នុងសិល្បៈខុសគ្នាយ៉ាងណាក៏ដោយ។

ការប្ដូរដៃគូថ្មីនៅពេលនេះ បន្ទាប់ពីសុខ ពិសី បានបាត់បង់ដៃគូសំខាន់របស់ខ្លួន លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលស្ពាយបង្វេចទៅចូលហង្សមាស។

ទោះជាយ៉ាងណា សុខ ពិសី ធ្លាប់និយាយថា នាងមិនប្រកាន់ក្នុងការចាប់ដៃគូច្រៀងឆ្លងឆ្លើយនោះទេ គឺជាមួយតារារូបណាក៏នាងអាចធ្វើបានដែរ ឲ្យតែផលិតកម្មតម្រូវ។ ឥឡូវពិសី ពិតជាព្រមធ្វើដៃគូឆ្លងឆ្លើយរបស់នាយចឺម មែន ទាំងច្រៀងនិងសម្ដែងទៀតផង ដែលពួកគេលេងជាខ្សែរឿងរួមគ្នា។

មុនងាកមកចាប់ដៃគូគ្នានេះដែរ កន្លងមក សុខ ពិសី ធ្លាប់សរសើរនាយចឺម ថា ជាអ្នកចម្រៀងម្នាក់មានសមត្ថភាពម្នាក់ បើទោះជាពីមុន នាយចឺម ជាអ្នកកំប្លែងក៏ដោយ។

គួររំលឹកថា កន្លងមក សុខ ពិសី និងនាយចឺម ក៏ធ្លាប់បានច្រៀងឆ្លងឆ្លើយគ្នាដែរ ដូចជាបទ ”លលកស្រីយំ” ជាដើម ប៉ុន្តែអ្នកទាំងពីរមិនដែលច្រៀងសម្ដែងជាខ្សែរឿងជាមួយគ្នានោះទេ ព្រោះសុខ ពិសី ធ្លាប់តែជាដៃគូក្នុងសាច់រឿងជាមួយលោកខេមរៈ សិរីមន្ដ និងឆាយ វីរៈយុទ្ធ តែពេលនេះនាងព្រមលេងជាមួយសិស្សប្អូន ដែលមានបទពិសោធន៍ក្នុងសិល្បៈស្ទើរជាង បញ្ជាក់ថា សាន់ដេ បានចាត់ទុកនាយចឺម  ជាតួឯករបស់ផលិតកម្មនេះទៅហើយ បានជារៀបចំឲ្យអតីតតារាកំប្លែង CTN រូបនេះ ចាប់ដៃជាមួយតារាចម្រៀងស្រីសំខាន់របស់ខ្លួន។

សុខ​ ពិសី នៅតែក្សាតំណែងជាតារាស្រីឈានមុខគេរបស់ផលិតកម្មសាន់ដេ ទោះជានាងត្រូវបាត់បង់ដៃគូសំខាន់ ខេមរៈ សិរីមន្ដ ក៏ដោយ។ ដោយឡែក រឿងល្បីថា សុខ ពិសី ត្រូវនាយចឺម ឆាតសុំស្នេហ៍នោះ អាចមានតែក្នុង MV ប៉ុណ្ណោះ៕