ឱក សុគន្ធកញ្ញា បំភ្លឺរឿងឪចោទកូន មិនស្គាល់ឪ

0
679

ភ្នំពេញ ៖ តារាចម្រៀងឱក សុគន្ធកញ្ញា ដែលរងការចោទប្រកាន់ពីឪពុកបង្កើតថា “កូនមិនស្គាល់ឪ” នោះ បានបំភ្លឺថា នាងបែកបាក់គ្រួសារតាំងពីនៅក្មេង ហើយនាងត្រូវតស៊ូរៀន រៀនផង មើលថែប្អូនផង ពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលឪពុកចាកចេញ នាងមានតែម្តាយដែលត្រូវចិញ្ចឹមគ្រួសារទាំងមូល ដែលនៅពេលនោះនាងតែងតែនិយាយប្រាប់ម្តាយថា នាងនឹងរឹងប៉ឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កម្លាំងមនុស្សប្រុស (ឪពុក) ទេ រហូតនាងមានកេរ្តិ៍ឈ្មោះ កិត្តិយសដូចសព្វថ្ងៃ។

ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូដែលនាងបកស្រាយទាំងទឹកភ្នែកពីការតស៊ូពីអតីតកាលរបស់នាង ដែលជាកូនកំព្រាឪពុក ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ជាមួយសំណេរថា “អរគុណ Fan Mommy សម្រាប់វីដេអូ មួយនេះ!

លោកឱក បូនី

ជីវិតមនុស្សម្នាក់ៗតែងតែជួបបញ្ហានិងជួបឧបសគ្គ ប៉ុន្តែសំខាន់ឧបសគ្គនោះត្រូវមានទំហំធំប៉ុនណា ហើយនិងរបៀបណាផ្សេងៗគ្នា… ប៉ុន្តែនៅក្នុងឆាកជីវិតរបស់ខ្ញុំ រឿងដែលបរាជ័យទីមួយ គឺខ្ញុំបែកបាក់គ្រួសារ បែកបាក់ក្រុមគ្រួសារតាំងពីនៅក្មេង ហើយខ្ញុំត្រូវតស៊ូរៀន រៀនផង ត្រូវមើលប្អូនផង ហើយខ្លួនជាស្រី ត្រូវពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលឪពុកខ្ញុំចាកចេញ ខ្ញុំមានតែម្តាយ ហើយគាត់ត្រូវចិញ្ចឹមគ្រួសារទាំងមូល។

នៅពេលនោះ ខ្ញុំតែងតែនិយាយប្រាប់គាត់ថា ខ្ញុំនឹងរឹងប៉ឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កម្លាំងមនុស្សប្រុសទេ។ កូនស្រីម្នាក់នេះ នឹងធ្វើជាមនុស្សធំម្នាក់ ហើយពេលនោះ ខ្ញុំតែងតែគិតថា លុយប្រហែលជាសំខាន់ អ៊ីចឹងខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងរកលុយចិញ្ចឹមគ្រួសារមួយនេះ ដោយកិត្តិយស”។

សូមបញ្ជាក់ថា តារាចម្រៀងល្បី ឱក សុគន្ធកញ្ញា ចេញបំភ្លឺបែបនេះ បន្ទាប់ពីត្រូវបានឪពុកបង្កើត ចោទប្រកាន់ថា នាងជាកូនស្រីដែលមិនស្គាល់ឪពុកបង្កើតរបស់ខ្លួន។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឱក បូនី ឪពុកបង្កើតរបស់តារាចម្រៀងឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូនស្រីឱក សុគន្ធកញ្ញា និងអតីតប្រពន្ធ (ម្តាយឱក សុគន្ធកញ្ញា) ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា “ទោះជាកូន មិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ”។

បន្ទាប់ពីបង្ហោះសំណេរខាងលើនេះរួច ដោយពុំឃើញមានប្រតិកម្មឆ្លើយតបពីកូនស្រី (ឱក សុគន្ធកញ្ញា) ភ្លាមៗ បែរជាមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចូលមក Comment  ជាច្រើនមានទាំងការគាំទ្រ និងរិះគន់ផងនោះ លោកឱក បូនី ឪពុកបង្កើតរបស់ឱក សុគន្ធកញ្ញា បានឆ្លើយតប ទៅអ្នក Comment ទាំងនោះ ដោយកិនកូនស្រី (ឱក សុគន្ធកញ្ញា) កាន់តែធ្ងន់ថា កូនមិនស្គាល់ឪ មិនដឹងបាបដឹងបុណ្យ។

ឆ្លើយតបការបញ្ចេញ Comment របស់តារាចម្រៀងជើងចាស់ អៀង ស៊ីធុល អតីតប្រធានសមាគមសិល្បករខ្មែរ ថា “បងពិតជាសោកស្តាយណាស់ ហេតុផលប្រាកដជាមាន តែបើជាកូនដែលកតញ្ញូ ដឹងល្អ អាក្រក់ បុណ្យបាប មិនអ៊ីចឹងទេ” ឪពុកបង្កើតរបស់ឱក សុគន្ធកញ្ញា លោកឱក បូនី បានសរសេរថា “វាមិនដឹងបាបដឹងបុណ្យទេ ទើបវាមានគំនិតបែបនេះ”។

លោកឱក បូនី បានសរសេរបន្ថែមថា “ទឹកចិត្តឪពុក មិនចង់បង្ខូចកិត្តិយសកូនទេ និងមិនចង់បានអ្វីពីកូនទេ តែមិនចង់ឱ្យកូនសាង បាបកាន់តែជ្រៅ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកឱក បូនី ឪពុកបង្កើតរបស់អ្នកនាងឱក សុគន្ធកញ្ញា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ថា លោកបានបែកបាក់ពីម្តាយឱក សុគន្ធកញ្ញា (អ្នកស្រី អ៊ិន ថាច) តាំងពីឆ្នាំ២០០០ គឺតាំងពីកូនស្រី ឱក សុគន្ធកញ្ញា មានអាយុ១២ឆ្នាំ។

ចំពោះមូលហេតុនៃការបែកបាក់នោះ លោកឱក បូនី រំលឹកថា កាលពីឆ្នាំ២០០០ លោកនិងអតីតភរិយា (ម្តាយឱក សុគន្ធកញ្ញា) បានព្រមព្រៀងគ្នាឱ្យលោករៀបការក្លែងក្លាយជាមួយនារីអាណិកជនខ្មែរនៅអូស្ត្រាលី ដើម្បីបានចេញទៅរស់នៅក្រៅប្រទេស ហើយបន្ទាប់មកលោកក៏បានចេញទៅរស់នៅប្រទេសអូស្ត្រាលី រយៈពេល២ឆ្នាំ៧ខែ តែអំឡុងពេលនោះ លោកតែងផ្ញើលុយកាក់ឱ្យប្រពន្ធកូនជាបន្តបន្ទាប់។ លុះនៅឆ្នាំ២០០៣ លោកបានវិលត្រឡប់មកស្រុកខ្មែរវិញ ស្រាប់តែប្រពន្ធលោក (ម្តាយ ឱក សុគន្ធកញ្ញា) បានទាមទារលែងលះលោក ទើបលោកព្រមផ្តិតមេដៃលែងលះទៅ ដោយ យល់ព្រមប្រគល់កូនស្រីទាំងពីរឱ្យទៅប្រពន្ធ។

លោកឱក បូនី បន្តថា ក្រោយលែងលះ លោកនៅតែចង់ជួបកូន តែក្រោយមកហាក់រយាលបន្តិចម្តងៗ ទំនងដោយសារអតីតប្រពន្ធធ្វើមនោគមន៍វិជ្ជា ឱ្យកូនផ្តាច់ទំនាក់ទំនងជាមួយលោកជាឪពុកបង្កើត។

លោកឱក បូនី បញ្ជាក់ថា សូម្បីពេលឱក សុគន្ធកញ្ញា រៀបការ បើកុំតែលោកទូរស័ព្ទសួរ ក៏កូនស្រី មិនអញ្ជើញលោកចូលរួមដែរ តែការចូលរួមនោះ ធ្វើឱ្យលោកមានការខកចិត្តខ្លាំង ដោយដំបូងថា ឱ្យលោកចូលរួមក្នុងនាមជាឪពុក ស្រាប់តែដល់ថ្ងៃការ បែរជាលោកមិនបានធ្វើជាឪពុករបស់កូនក្រមុំឡើយ ធ្វើឱ្យលោកតូចចិត្តមែនទែន ព្រោះថ្ងៃការកូននោះ លោកមិនដឹងថាត្រូវគេចាត់ទុកជាភ្ញៀវឬជាស្អីទេ សូម្បីឱកាសទទួលផ្កាស្លាពីកូនស្រីក៏គ្មានផង។

ឪពុកបង្កើតរបស់ឱក សុគន្ធកញ្ញា បន្តទៀតថា ទោះជាយ៉ាងណា លោកមិនប្រកាន់ខឹងកូនស្រីទេ ដោយយល់ថា អ្វីៗស្ថិតនៅលើការរៀបចំរបស់ម្តាយនាង លោកត្រេកអរដែលឃើញកូនមានសេចក្តីសុខ ហើយលោកតែងតែចង់ដឹងពីសុខទុក្ខកូនស្រី លោកមិនចង់បានអ្វី ពីកូនស្រីទេ ចង់បានត្រឹមកូនស្គាល់ឪ ចេះសួរសុខទុក្ខឪខ្លះផង តែកូនស្រីហាក់ធ្វើជាមិនស្គាល់ឪ សូម្បីទូរស័ព្ទក៏មិនដែលឃើញរោទ៍ម្តងសោះ ស្ងាត់ឈឹងតែម្តង ទើបលោកបង្ហោះសំណេរខ្លីតាមហ្វេសប៊ុកថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ” បែបនេះ៕ ខៀវទុំ