មាស សុខសោភា ចេញចូលកំពង់សោមញឹកញាប់ តាមពិតដាក់ទុនរកស៊ីហាងមួយនេះសោះ

0
290

តារាចម្រៀងមាស សុខសោភា ដែលគ្រប់គ្នាកំពុងតែរង់ចាំអ៊ុតមើលថា តើក្រោយពេលស្ពាយបង្វេចចេញពីថោន នាងនឹងទៅជ្រកនៅផលិតកម្មថ្មីរបស់នាង គឺហង្សមាស មែនឬយ៉ាងណានោះ ស្រាប់តែពេលនេះនាងបែរជាទៅដាក់ទុនរកស៊ីនៅកំពង់សោម ដោយបើកហាងកាហ្វេប្រេនមួយនៅទីនោះ ដែលរូបនាងនិងស្វាមីរបស់នាងផ្ទាល់តែម្ដង ជាអ្នកគ្រប់គ្រងហាងនោះ។

បើតាមតារាថោន ម្នាក់ ដែលជិតដិតជាមួយមាស សុខសោភា បានបង្ហើបឲ្យដឹងថា សោភា បានបោះទុនរាប់ម៉ឺនដុល្លារលើមុខជំនួញថ្មីនេះ ហើយដោយសារតែនាងគិតថា ខេត្តព្រះសីហនុ មានភ្ញៀវបរទេសចូលវិញជាបណ្ដើរៗ ទើបនាងបានទៅរកស៊ីបើកហាងកាហ្វេនៅទីនោះតែម្ដង។

នេះជាមុខរបរដំបូងក្រៅពីសិល្បៈរបស់សោភា ប៉ុន្ដែកាលពីឆ្នាំមុន នាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ចង់បើកយានដ្ឋានតាមក្ដីស្រម៉ៃរបស់នាងជាយូរមកហើយ ប៉ុន្តែពេលនេះនាងចាប់ផ្ដើមធ្វើមុខជំនួញឲ្យចេញជារូបរាង តាមរយៈដំណាក់កាលដំបូងនេះ គឺបើកហាងកាហ្វេ មិនមែនយានដ្ឋានឡើយ។

មាស សុខសសោភា មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះ ព្រោះទូរស័ព្ទតេមិនចូល។

ទោះជាយ៉ាងណា អ្នកសិល្បៈដែលជិតស្និទ្ធសោភា បានអះអាងថា តាំងពីចេញពីថោន មក សោភា ពិតជាចុះឡើងទៅក្រុងកំពង់សោម ជាញឹកញាប់មែនហើយនោះ មិនមែនជាដំណើរកម្សាន្ដសុទ្ធសាធនោះទេ ប៉ុន្តែនាងទៅរៀបចំហាកាហ្វេរបស់នាងតែម្ដង រហូតដល់ស្ថានីយ៍ទូរទស្សន៍មួយចំនួនហៅនាងច្រៀង នាងជាប់នៅកំពង់សោម មិនបានមកក៏មានដែរ។

ប៉ុន្ដែសម្រាប់បណ្ដាកម្មវិធីមួយចំនួនដែលគេបានកក់ហើយនោះ សោភា ត្រូវឡើងពីខេត្តព្រះសីហនុ មកច្រៀងនៅភ្នំពេញតែម្ដង ដោយជួនកាលទុកស្វាមីនាង លោកអ៊ឹត រ៉ាដា ឲ្យនៅគ្រប់គ្រងហាងកាហ្វេ និងពេលខ្លះពួកគេបិទទ្វាហាង ដោយឡើងមកទាំងអស់គ្នា។

មាស សុខសោភា បានប្រកាសដើរចេញពីផលិតកម្មថោន កាលពីថ្ងៃទី៩​ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីនាងរួមរស់នៅទ្រនំនេះ រយៈពេល៩ឆ្នាំ។

មហាជនភាគច្រើនយល់ថា សោភា នឹងទៅជ្រកកោននៅផលិតកម្មហង្សមាស ជាមិនខាន ដែលអាចនឹងចេញបទចម្រៀងថ្មីៗស្ដារមុខមាត់ឡើងវិញ។ ប៉ុន្ដែកាលពីថ្ងៃអាទិត្យ​ ទី២៨ ខែមិថុនា ឆ្នាំ២០២០ មាស សុខសោភា បែរជាចេញបទចម្រៀងថ្មីនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ទៅវិញ គឺបទ ”ស្រណោះដៃប្ដី”។

ក្រុមអ្នកគាំទ្ររបស់តារាចម្រៀងល្បីល្បាញរូបនេះ មានការស្រឡាំងកាំង នៅពេលដែលឮថា សោភា ចេញបទថ្មី តែមិនមែននៅហង្សមាស ទេ គឺនៅផលិតកម្មផ្ទាល់ខ្លួនដែលគ្រប់គ្រងដោយប្ដីរបស់នាង លោកអ៊ឹត រ៉ាដា។

នេះក៍ជាសញ្ញាថ្មីមួយបញ្ជាក់ថា សោភា អាចនឹងច្រៀងនៅផលិតកម្មរបស់នាងមួយអន្លើសិន ប្រសិនបើការចរចាររវាងនាង និងហង្សមាស ប្រឈមការជាប់គាំងជាថ្មីម្ដងទៀត។

សោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា បើសិនជាចូលហង្សមាស ហើយថៅកែផលិតកម្មតម្រូវឲ្យចុះកុងត្រានោះ នាងនឹងមិនចូលផលិតកម្មនោះឡើយ ព្រោះនាងជាមនុស្សចូលចិត្តសេរីភាព ហើយសម័យនេះទៅហើយ ទោះជាមិនចូលផលិតកម្មធំ ក៏អាចធ្វើបទចម្រៀងដោយខ្លួនឯងចេញបានល្បីដែរ៕