Wednesday, July 2, 2025
Homeតារាខ្មែរអ្នកនាងប៉ែន សុផានី ជួបទុក្ខធំ ក្រោយប្រើពេល១០ឆ្នាំ មើលថែទាំម្តាយ

អ្នកនាងប៉ែន សុផានី ជួបទុក្ខធំ ក្រោយប្រើពេល១០ឆ្នាំ មើលថែទាំម្តាយ

តារាសម្ដែងជើងចាស់ អ្នកនាងប៉ែន សុផានី បានជួបទុក្ខធំដោយសារអ្នកម្ដាយជាទីស្រលាញ់របស់នាង ដែលមានជំងឺមហារីកស្បូន រយៈពេល១០ឆ្នាំមកហើយនោះ បានទទួលមរណភាពកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ទើបធ្វើឲ្យនាងមិនអាចទប់ទឹកភ្នែកជាប់បានឡើយ។

អ្នកនាងសុផានី បានប្រាប់អ្នកសិល្បៈរួមអាជីពថា នៅដំណាក់កាលចុងក្រោយនេះ ម្ដាយរបស់នាងត្រូវបានយកមកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ហើយត្រូវបញ្ចូលឈាម ១ថ្ងៃដល់ទៅ៤កំប្លោកឯណ្ណោះ ប៉ុន្តែលោកគ្រូពេទ្យបានប្រាប់ថា ម្ដាយនាងស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយអីចឹងមានតែយកគាត់ទៅស្រុកវិញ ហើយគង់ចង់ពិសារអីឲ្យគាត់ទទួលទានឲ្យហើយចុះ។

អ្នកនាងសុផានី ថា កន្លងមកនាងធ្លាប់យកម្ដាយទៅព្យាបាលនៅមន្ទីរពេទ្យថៃ និងវៀតណាម ដែរ តែមិនបានធូរស្រាលសោះ ទើបចុងក្រោយយកមកព្យាបាលនៅពេទ្យរុស្ស៊ី បាន៣ទៅ៤ថ្ងៃដែរ មុនពេលដែលគាត់បានលាចាកលោកនេះ។

មុនជួបទុក្ខធំនេះ អ្នកនាងប៉ែន សុផានី បានឡើងផ្ទះល្វែងតម្លៃ១៨ម៉ឺនដុល្លារ នៅបុរីពិភពថ្មី២ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២០ ហើយនាងក៏បង្ហាញគូស្នេហ៍ថ្មី ជាលោកដាប់ ជូន ដែលជាមន្រ្ដីប៉ូលិសផ្កាយ២ផងដែរ ដែលធ្វើឲ្យតារាជាច្រើនចូលរួមអបអរសាទរថា ពេលនេះ អ្នកនាងសុផានី លែងជួបទុក្ខត្រូវបង្ហូរទឹកភ្នែកទៀតហើយ ប៉ុន្តែដឹងអី‌! ស្រាប់តែពេលនេះនាងនៅតែជួបរឿងក្រៀមក្រំ ព្រោះអ្នកមានគុណលាចាកលោកទៅដោយគ្មានថ្ងៃត្រឡប់។

គេឃើញមានតារារួមអាជីពជាច្រើនបានចូលរួមមរណៈទុក្ខ អ្នកនាងសុផានី ខណៈដែលកាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ពោលគឺមុនម្ដាយទទួលមរភាព២ថ្ងៃ អ្នកនាងសុផានី បានឱបម្ដាយដែលនៅមានជីវិតតែស្ថិតក្នុងដំណាក់កាលចុងក្រោយនោះ ជាមួយសារបែបក្តុកក្ដួលថា ”ម៉ាក់អើយ កូនស្ទើរតែទប់ទឹកភ្នែកមិនបានទេ កូនខ្លោចចិត្តណាស់ ឲ្យកូនធ្វើយ៉ាងម៉េចទៅ នេះជាដំណាក់កាលចុងក្រោយហើយ ម៉ាក់ឈឺ កូនឈឺជាងម៉ាក់ទៀត”៕

RELATED ARTICLES