Saturday, April 27, 2024
Homeនយោបាយដើរចេញពីបន្ទាត់ក្រហម មេធាវីបំភ្លឺ អ្នកធ្វើពុតដេកលក់ ចោទលោកកឹម សុខា

ដើរចេញពីបន្ទាត់ក្រហម មេធាវីបំភ្លឺ អ្នកធ្វើពុតដេកលក់ ចោទលោកកឹម សុខា

ភ្នំពេញ ៖ ប្រតិកម្មឆ្លើយតបទៅក្រុមប្រឆាំងមួយចំនួនចោទប្រកាន់ថា លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ជាជនក្បត់ជាតិ តែអាចដើរចេញពីបន្ទាត់ក្រហមដែលកំណត់ដោយតុលាការ ដោយសារព្រមចុះញ៉មបក្សកាន់អំណាចនោះ សហមេធាវីលោកកឹម សុខា និងជំនួយការផ្ទាល់លោកកឹម សុខា បានចេញមុខបំភ្លឺថា ការធ្វើដំណើររបស់លោកកឹម សុខា ទៅកាន់ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នោះ គឺគោរពកាតព្វកិច្ចនៃសេចក្តីសម្រេចរបស់តុលាការ មិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីឡើយ។ ដូច្នេះសង្ឃឹមថា អ្នករិះគន់ទាំងនោះភ្ញាក់ពីដេកនិងមិនធ្វើពុតត្បុតជាដេកលក់តទៅទៀត។

លោកស្រីម៉េង សុភារី មេធាវីមួយរូបក្នុងចំណោមសហមេធាវី៤រូបរបស់លោកកឹម សុខា បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ថា “ដើម្បីចៀសវាងការយល់ខុស ឬយល់ច្រលំ ឬមានការចោទប្រកាន់ខុស ដោយសារមិនយល់ ឬមិនដឹងចំពោះការធ្វើដំណើរចេញពីលំនៅឋានរបស់ឯកឧត្តមកឹម សុខា ក្នុងនាមខ្ញុំជាមេធាវីរបស់ឯកឧត្តមកឹម សុខា ខ្ញុំសូមជម្រាបជូនសាធារណជនជ្រាបថា ៖

១-ឯកឧត្តមកឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សម្រេចកែប្រែកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួន កាលពីថ្ងៃទី១០ ១១ ២០១៩ ហើយសម្រេចឱ្យឯកឧត្តមកឹម សុខា ជាប់កាតព្វកិច្ច ៣ចំណុចដូចខាងក្រោម វិញ ៖

ក-មិនត្រូវចេញក្រៅព្រំប្រទល់ដែនរាជាណាចក្រកម្ពុជា។ មានន័យថា ឯកឧត្តមកឹម សុខា អាចធ្វើដំណើរបាននៅទូទាំងប្រទេស ម្ពុជា លើកលែងតែការធ្វើដំណើរទៅក្រៅប្រទេស។

ខ-មិនត្រូវធ្វើសកម្មភាពនយោបាយ។ មានន័យថា ទោះជាឯកឧត្តមកឹម សុខា មានសិទ្ធិធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជា ក៏ដោយ តែឯកឧត្តមកឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។

គ-ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

២.ចំណុចដែលហាមមិនឱ្យជួបជនបរទេសត្រូវបានលុបចោល ហេតុនេះហើយទើបកន្លងមកបណ្តាទូត បានអញ្ជើញមកជួបឯកឧត្តមកឹម សុខា ដល់គេហដ្ឋាន ចាប់តាំងពីមានសេចក្តីសម្រេចកែប្រែកាតព្វកិច្ច ចុះថ្ងៃទី១០ ១១ ២០១៩។

៣.ឯកឧត្តមកឹម សុខា មិនទាន់មានសាលក្រម ឬសាលក្រមស្ថាពរ សម្រេចផ្តន្ទាទោសពីបទក្បត់ជាតិទេ។ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនណាដែលមិនទាន់មានសាលក្រមផ្តន្ទាទោសជាស្ថាពរ ជននោះនៅតែចាត់ទុកជាជនគ្មានទោស។ ហេតុនេះរហូតមកដល់បច្ចុប្បន្ន ឯកឧត្តមកឹម សុខា មិនមែនជាជនក្បត់ជាតិឡើយ។

៤.សរុបមក ការធ្វើដំណើររបស់ឯកឧត្តមកឹម សុខា ដោយគោរពកាតព្វកិច្ចចំណុចខ នៃសេចក្តីសម្រេចរបស់តុលាការ មិនមែនជាការដើរចេញពីបន្ទាត់ក្រហមអ្វីឡើយ”។

ជាមួយគ្នានេះ លោកចាន់ ចេន មេធាវីមួយរូបទៀតរបស់លោកកឹម សុខា បានបញ្ជាក់នៅថ្ងៃដដែលនោះថា “ខ្ញុំសូមធ្វើការពន្យល់អំពីច្បាប់ដល់អស់លោកអ្នកដែលមិនដឹង ឬដឹង ហើយធ្វើជាមិនដឹង។ ឯកឧត្តមកឹម សុខា មិនមែនជាទណ្ឌិត ឬត្រូវបានតុលាការផ្តន្ទាទោសពីបទក្បត់ជាតិនោះទេ ហើយពេលនេះមិនមានច្បាប់ណា ដែលហាមឯកឧត្តមកឹម សុខា មិនឱ្យចេញក្រៅផ្ទះនោះទេ គឺគេហាមមិនឱ្យចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ។ ដូច្នេះការដើរហើរ ឬចេញទៅខាងក្រៅផ្ទះ គ្រប់ទីកន្លែង នៅក្នុងប្រទេស វាជាសេរីភាពរបស់ឯកឧត្តមកឹម សុខា”។

ចំណែកលោកផែង ហេង មេធាវីមួយរូបទៀត របស់លោកកឹម សុខា បានបញ្ជាក់នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នោះដែរថា “ឯកឧត្តមកឹម សុខា នៅតែជាជនគ្មានទោសតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បើគ្មានបម្រាមនយោបាយ​ ដោយសាលដីកា ១៦ វិច្ឆិកា ២០១៧ ម៉្លេះ ឯកឧត្តមកឹម សុខា មានសិទ្ធិដូចអ្នកនយោបាយផ្សេងៗទៀតដែរ។ សង្ឃឹមថា គ្រប់គ្នាភ្ញាក់ពីដំណេក មិនធ្វើពុត ត្បុតជាដេកលក់តទៅទៀត”។

គួរបញ្ជាក់ថា ប្រតិកម្មនិងការបំភ្លឺរបស់សហមេធាវីលោកកឹម សុខា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន (ភាគច្រើនជាក្រុមគាំទ្រលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ) បានចោទប្រកាន់ថា លោកកឹម សុខា ដើរចេញពីបន្ទាត់ក្រហមដែលកំណត់ដោយតុលាការ ក្រោយពេលគេឃើញលោកកឹម សុខា បានធ្វើដំណើរទៅចម្ការមួយ នៅក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ជាមួយនេះ ក្រុមប្រឆាំងទាំងនោះថែមទាំងចោទប្រកាន់ដោយសង្ស័យថា លោកកឹម សុខា ព្រមចុះញ៉មបក្សកាន់អំណាច ទើបមានសេរីភាពអាចដើរហើរចេញពីបន្ទាត់ក្រហមបែបនេះ។ 

ទោះជាយ៉ាងណា ក្រៅពីការបំភ្លឺតាមផ្លូវច្បាប់របស់សហមេធាវីលោកកឹម សុខា ខាងលើនេះជំនួយការផ្ទាល់លោកឹម សុខា បានបញ្ជាក់ថា លោកកឹម សុខា ប្រសូត្រចេញពីគ្រួសារកសិករ ហើយលោកតែងតែផ្សារភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោក ជាមួយប្រជាកសិករខ្មែរ និងស្វែងយល់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ពួកគាត់។

ចំពោះដំណើររបស់លោកកឹម សុខា ទៅកាន់ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នោះ តាមពិតមិនមែនជាដំណើរកម្សាន្តចុងសប្តាហ៍របស់លោកកឹម សុខា អ្វីនោះទេ ផ្ទុយទៅវិញ លោកស្វែងយល់ពីសុខទុក្ខនិងជីវភាពក្នុងមុខរបរស្រែចម្ការរបស់ពលរដ្ឋខ្មែរ ដែលតាមការប៉ាន់ប្រមាណ មានរហូតដល់៨៥%៕

RELATED ARTICLES