លាន អាហ្រ្វីលគីនីន លេចមុខធ្វើជំនួញធំ ជាមួយបងថ្លៃផ្កាយ៤

0
106

ថ្មីៗនេះ គេឃើញអតីតតារាសម្ដែងនិងពិធីករ ដែលឡើងងារជាឧកញ៉ា លោកលាន អាហ្រី្វលគីនីន បានចេញមុខធ្វើជំនួញក្នុងឋានៈជាប្រធានក្រុមហ៊ុនមួយ ក្នុងពិធី”ចុះអនុសារណៈយោគយល់គ្នា ស្តីពីកិច្ចព្រៀងសហការធ្វើអាជីវកម្ម រវាងភាគីក្រុមហ៊ុន CJCD ដែលដឹកនាំដោយឯកឧត្តម ពេជ្រ តុងឈិន និងក្រុមហ៊ុន Kinin Dragon Development ដឹកនាំដោយលោកឧកញ៉ាលាន អាហ្វ្រីគីនីន លើគម្រោងសាងសង់ដ៏ធំមួយក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកផ្កាយ៤ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ថែមទៀតផង។

តាមរយៈសកម្មភាពនេះ បញ្ជាក់ថា លាន អាហ្រ្វីលគីនីន កាន់តែលូកដៃចូលជ្រៅក្នុងមុខជំនួញមែនទែន ហើយដើម្បីឲ្យសមទៅនឹងឋានៈរបស់លោក គឺទោះជារដូវកូវីដ-១៩ នៅមិនទាន់ស្ងាត់មែន ប៉ុន្តែលោកឧកញ៉ាកូន៣រូបនេះ មិនខ្លាចក្នុងការដាក់ទុករកស៊ីធំនោះទេ។

គួររំលឹកថា ក្រោយពីបាត់មុខពីអាជីពសិល្បៈជាច្រើនឆ្នាំ លាន អាហ្រ្វីលគីនីន ស្រាប់តែលេចមុខមកវិញក្នុងឋានៈជាឧកញ៉ាតែម្ដង ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែអំឡុងពេលដែលអាហ្រ្វីលគីនីន លាក់ខ្លួនកន្លងមក មានពាក្យការលេចឮថា អតីតពិធីកររូបនេះបានធ្លាក់ខ្លួន តែដឹងអី‌! ការពិតលោកបែរជាមានទ្រព្យហូរហៀរស្ពាយលុយដុល្លារទាំងដុំៗធ្វើជំនួញ ផ្អើលអស់ទស្សនិកជន។

លាន អាហ្រ្វីលគីនីន បានភ្ជាប់ស្នេហ៍ជាមួយអតីតតារាសម្ដែង អ្នកនាងកែវ វរលក្ខណ៍ មានកូន៣នាក់ ហើយបងថ្លៃរបស់លោក អ្នកនាងកែវ ពិសី ត្រូវជាគូស្នេហ៍របស់លោកឈុំ សុជាតិ ផងដែរ ហេតុនេះហើយបានជាលោកឧកញ៉ា គីនីន ត្រូវគេចាត់ទុកថាជាប្អូនថ្លៃលោកផ្កាយ៤។

មុខជំនួញដែលលាន អាហ្រ្វីលគីនីន តែងតែធ្វើសកម្មភាពកន្លងមកនេះ គឺទាក់ទងនឹងការរកស៊ីផ្នែកអចលនទ្រព្យ ប៉ុន្តែតាមព័តមានថា លោកគីនីន នឹងត្រៀមពង្រីកមុខរបរជាច្រើនទៀត។

ទោះជាយ៉ាងណា ឧកញ៉ាដែលចូលចិត្តតែងខ្លួនបែបយុវវ័យរូបនេះ មិនទាន់ដឹកដៃភរិយាកូន៣របស់លោកចូលរោងការ ៕