Thursday, May 2, 2024
Homeព័ត៌មានជាតិចោទខុសភូមិសាស្ត្រ សមត្ថកិច្ចហៅធ្វើកិច្ចសន្យា ២លក្ខខណ្ឌ

ចោទខុសភូមិសាស្ត្រ សមត្ថកិច្ចហៅធ្វើកិច្ចសន្យា ២លក្ខខណ្ឌ

ខេត្តកំពត ៖  បុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងក្រុមមន្ត្រីដែលប្រដេញចាប់រថយន្តដឹកបង្គោលរបង កំណាត់អុស រួចបានឡាយហ្វេសប៊ុក និយាយថា ខ្លួនត្រូវបានសមត្ថកិច្ចដកកាំភ្លើងគំរាមនៅស្រុកជុំគិរី ខេត្តកំពត ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត កោះហៅឱ្យចូលបំភ្លឺ ទើបដឹងថា និយាយច្រឡំ តាមពិតហេតុការណ៍កើតឡើងនៅស្រុកត្រាំកក់ ខេត្តតាកែវ មិនមែននៅស្រុកជុំគិរី ខេត្តកំពត នោះទេ បន្ទាប់មកបុរសជាម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានធ្វើការសុំទោសដល់សមត្ថកិច្ចខេត្តកំពត ផងដែរ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា “សេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅគណនីហ្វេសប៊ុក សល់ វង ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ជាវីដេអូ និយាយថា សមត្ថកិច្ចឃាត់រថយន្តដឹកបង្គោលដំបង កំណាត់អុស និងដកកាំភ្លើងគំរាម នៅស្រុកជុំគិរី ខេត្តកំពត។

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមធ្វើការបំភ្លឺដូចខាងក្រោម ៖ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ស្នងការនគរបាលខេត្តកំពត បានដាក់បទបញ្ជាឱ្យលោកអធិការនគរបាលស្រុកជុំគិរី ធ្វើការស្រាវជ្រាវ និងស្វែងរកម្ចាស់គណនីហ្វេសប៊ុក សល់ វង។ បន្ទាប់ពីបានរកឃើញនិងសាកសួរម្ចាស់ហ្វេសប៊ុក រួចមក បានបញ្ជាក់និងសុំទោសចំពោះការផ្សព្វផ្សាយវីដេអូនោះ គឺមានការភ័ន្តច្រឡំភូមិសាស្ត្រ ហើយសកម្មភាពនោះ គឺមានមែន ប៉ុន្តែស្ថិតនៅចំណុចភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទេ។

បច្ចុប្បន្នម្ចាស់គណនីហ្វេសប៊ុកនេះ ក៏បានធ្វើកិច្ចសន្យាទទួលកំហុសខុសឆ្គងរបស់ខ្លួន ក្នុងការភ័ន្តច្រឡំអំពីភូមិសាស្ត្រ ថានៅស្រុកជុំគិរី ខេត្តកំពត។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន…”។

ក្នុងកិច្ចសន្យារបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះសល់ វង ខាងលើ មានខ្លឹមសារទាំងស្រុងថា “ខ្ញុំបាទឈ្មោះ វង កុសល ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្ននៅភូមិតាភុល ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត។

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២យប់ ខ្ញុំបាទបានផុសហ្វេសប៊ុក និយាយពីសកម្មភាពមន្ត្រីឈូងសមុទ្រ ប្រដេញចាប់ឈើ ដោយនិយាយខុសមូលដ្ឋាន។ តាមពិតសកម្មភាពខាងលើ គឺកើតហេតុនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មិនមែនមូលដ្ឋានស្រុកជុំគិរី ទេ។ ដូចនេះ ខ្ញុំបាទសុំធ្វើកិច្ចសន្យាដូចខាងក្រោម ៖

-ឈប់និយាយអីដោយគ្មានការពិតទៀតហើយ
-ឈប់និយាយ និងផុសហ្វេសប៊ុក ដែលប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋានទៀតហើយ…”៕

RELATED ARTICLES