ពេជ្រ សោភា មានរថយន្ត៤គ្រឿង ជិះគ្រប់គ្រាន់ហើយ គ្មានគម្រោងទិញឡានសេដ្ឋី

0
205

អ្នកមេម៉ាយទ្រព្យស្ដុក ពេជ្រ សោភា ជាអ្នកលេងម៉ូថរថយន្ដមិនធម្មតាឡើយ នៅឆ្នាំ២០២១នេះ គឺនាងជិះឡានដល់ទៅ៤គ្រឿងឆ្លាស់គ្នា ក្នុងនោះ មានដូចជា ម៉ាក Porsche, Audi, Mercedes និង Range Rover ដែលគ្រាន់តែការជះលុយលេងម៉ូដឡានមួយប្រាវនេះ សោភា ត្រូវចាយជាងកន្លះលានដុល្លារទៅហើយ។

ទោះជាយ៉ាងណា អតីតអ្នកលក់អំពៅសាងនៅម្ដុំបូឌីង រូបនេះ នៅតែមិនទាន់បង្ហាញរថយន្ដលំដាប់សេដ្ឋីម៉ាក Rolls Royce ដូចលោកខេមរៈ សិរីមន្ដ និងកញ្ញាទេព បូព្រឹក្ស ឡើយ ខណៈដែលគូស្នេហ៍របស់នាង លោកឆឹម សក្កដា ជិះត្រឹមរថយន្ដម៉ាក SENOVA X55 ។

ពេជ្រ សោភា ធ្លាប់ប្រាប់តាមទូរស័ព្ទថា នាងគ្មានគម្រោងទិញរថយន្ដម៉ាក Rolls Royce ក្នុងពេលឆាប់ៗនេះឡើយ ព្រោះពេលនេះនាងមានរថយន្ដសម្រាប់ជិះគ្រប់គ្រាន់តាមតម្រូវការទៅហើយ។ នាងថា ការជិះរថយន្ដដែលមានសព្វថ្ងៃ មិនមែនដើម្បីប្រជែងជាមួយអ្នកណាទេ ប៉ុន្ដែជាការបំពេញបំណងតាមអ្វីដែលខ្លួនស្រលាញ់។

ទោះជាយ៉ាងណា សោភា បញ្ជាក់ថា សម្រាប់រូបនាងនៅតែផ្ដោតលើផ្ទះសម្បែង សំខាន់ជាងជាងការទិញឡានថ្លៃៗ។

ថ្វីត្បិតតែពេជ្រ សោភា ថាមិនអន្ទះសាក្នុងការទិញរថយន្ដលំដាប់សេដ្ឋី​ ម៉ាក Rolls Royce មែន តែតាមព័ត៌មានថា ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ សោភា នឹងទិញរថយន្ដម៉ាកនេះជិះជាមិនខាន។ តែសោភា ថា នាងចង់ជិះរថយន្ដ១ដឹង១ មិនមែនជិះរថយន្ដម៉ាកនេះ តែម៉ាស៊ីនម៉ាកផ្សេងឡើយ។

មុនឈានដល់ការជិះរថយន្ដទំនើបទាំង៤គ្រឿង តម្លៃសរុបជាង៥០ម៉ឺនដុល្លារនេះ ពេជ្រ សោភា ធ្លាប់ជិះរយន្ដម៉ាក Lexus RX300, BMW និង Range Rover ស៊េរីទាប។ ប៉ុន្ដែពេលនេះ សោភា មានជីវភាពធូរធាហួសការរំពឹងទុកនៅរយៈពេលចុងក្រោយនេះ ទើបធ្វើឲ្យងាកមកលេងម៉ូដឡាន ខណៈដែលកាលនៅមានជីភាពលំបាក សោភា ធ្លាប់តាំងចិត្តថា នឹងជិះរថយន្ដ១គ្រឿង ទាល់តែដុះខ្ទឹមតែម្ដង ព្រោះថា ឡានមិនអាចដំបាយ ងូតទឹក ដាំស្លបានដូចមានផ្ទះទេ ដែលការនិយាយបែបនេះ សោភា ចង់សំដៅថាឲ្យតែមានផ្ទះផ្ទាល់ខ្លួន ទោះជាជិះរថយន្ដកញ្ចាស់យ៉ាងណា ក៏នាងមិនខ្វល់ឡើយ។

ប៉ុន្តែពេលនេះ សោភា បានផ្លាស់ប្ដូរចិត្ត៣៦០ដឺក្រេ ព្រោះតែនៅឆ្នាំ២០២១ នាងក្លាយទៅជាតារាចម្រៀងដែលលេងម៉ូដរថយន្ដវ៉ាដាច់គេតែម្ដង ស្របពេលដែលសោភា មានផ្ទះផ្ទាល់ខ្លួនយ៉ាងហោចណាស់ក៏២ផ្សេងគ្នាដែរ នៅកណ្ដាលរាជធានី និងនៅក្បែរគុកព្រៃស។

ទោះជាពេជ្រ សោភា ក្លាយជាមេម៉ាយឡើងថ្លៃមែន តែជាង១ឆ្នាំហើយ ដែលតារាចម្រៀងហង្សមាសរូបនេះ ស្ងប់ស្ងាត់ក្នុងអាជីពកាន់តែខ្លាំង ព្រោះគ្មានបទល្បីៗចេញទៀតឡើយ។

សោភា ថា តាមពិតបទចម្រៀងរបស់នាងបានធ្វើរួច និងមាននៅក្នុងដៃស្រាប់ គ្រាន់តែមិនហ៊ានបញ្ចេញ ព្រោះខ្លាចខុសពេលវេលាដោយសារតែពេលនេះ កូវីដ-១៩ នៅមិនទាន់ស្ងាត់ ហើយទោះជាមានបទល្បី ក៏មិនដឹងយកទៅច្រៀងនៅណាដែរ ដោយសារតែឆាកតន្ត្រីធំៗតាមបណ្ដាខេត្ត មិនទាន់បើកឡើងវិញ។

សោភា បន្ថែមថា ការមានបទផ្ទុះនៅពេលនេះ គឺអត់បានការទេ អីចឹងហើយអ្នកណាចេញបទអីតាមចិត្តគេចុះ តែរូបនាងមានគោលការណ៍ផ្ទាល់ខ្លួន ហើយនៅពេលដែលគិតថា អាចចេញបទថ្មីៗបានហើយ គឺនាងព្រលែងយកតែម្ដង៕