Friday, April 26, 2024
Homeព័ត៌មានជាតិធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន ស្រាប់តែរត់បាត់ ដោយសារខ្លាចគេដឹង

ធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន ស្រាប់តែរត់បាត់ ដោយសារខ្លាចគេដឹង

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងស្វែងរកបុរសម្នាក់ដែលជាពលករខ្មែរ ទើបវិលត្រឡប់ពីប្រទេសថៃ និងត្រូវបានកំណត់ឱ្យធ្វើចត្តាឡីស័ក បែរជាបានលួចរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក វិទ្យាល័យមង្គលបុរី កាលពីក្បាលព្រលប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដោយមូលហេតុជំពាក់បំណុលគេច្រើនពេក ខ្លាចម្ចាស់បំណុលដឹងនិងតាមទារលុយ។

ពលករដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបុរី នោះ មានឈ្មោះខា រិន អាយុ២៣ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបុរី។

លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ថា ពលកររូបនោះបានត្រឡប់ពីប្រទេសថៃ មកដល់ប្រទេសកម្ពុជា ហើយអាជ្ញាធរខេត្តបានបញ្ជូនឱ្យចូលមកក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបុរី បានចំនួន១យប់មកហើយ ដោយពុំមានសញ្ញាបង្ហាញថាមានជំងឺកូវីដ-១៩ នោះទេ។

លោកលី សារី បានបន្ថែមថា ស្រាប់តែចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ពលករឈ្មោះខា រិន បានរត់គេចដោយមិនបានធ្វើចត្តាឡីស័កបន្តទៀតឡើយ ដោយមូលហេតុខ្លាចម្ចាស់បំណុល មកទារបំណុលដែលជំពាក់គេ ហើយមិនអាចមានលទ្ធភាពសងម្ចាស់បំណុលវិញ។

អភិបាលរងខេត្ត រូបនេះ បានគូសបញ្ជាក់ថា មកទល់ពេលនេះ ក្រុមអាជ្ញាធរនិងសមត្ថកិច្ចកំពុងស្វែងរកបុគ្គលខាងលើ តែមិនទាន់រកឃើញនៅឡើយ អាជ្ញាធរបានទៅដល់ផ្ទះរបស់គេហើយ តែមិនឃើញនរណាម្នាក់នោះទេ ហើយឥឡូវនេះ អាជ្ញាធរកំពុងស្វែងរកបន្តនៅតាមផ្ទះសាច់ញាតិរបស់គេ។

ទន្ទឹមនឹងនេះដែរ លោកលី សារី បានឱ្យដឹងថា អាជ្ញាធរខេត្តមិនទាន់បានធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី២ និង៣ នៅឡើយ  បន្ទាប់ពីបានធ្វើតេស្តលើកទី១ អវិជ្ជមានរួចមក។

លោកថា នៅពេលដែលរកឃើញបុរសដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក ពេលណាមួយនោះ អាជ្ញាធរខេត្ត នឹងមិនដាក់ពិន័យណាមួយអំពីការល្មើសទៅនឹងវិធានចត្តាឡីស័កនោះឡើយ ព្រោះគាត់ជាជនរងគ្រោះដែលមានបន្ទុកលំបាកជំពាក់លុយគេនៅពេលនេះ បើដាក់ពិន័យទៀត មិនសមនោះទេ គ្រាន់តែសុំឲ្យបុរសនេះធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវឡើងវិញ​តាមការកំណត់របស់ក្រសួងសុខាភិបាល ដើម្បីការពារការរីរាលដាលជំងឺកូវីដ-១៩៕

RELATED ARTICLES