Saturday, April 27, 2024
Homeនយោបាយ៧មករា បក្សកាន់អំណាចថា ថ្ងៃកំណើតទី២ ប្រជាជនកម្ពុជា

៧មករា បក្សកាន់អំណាចថា ថ្ងៃកំណើតទី២ ប្រជាជនកម្ពុជា

ភ្នំពេញ ៖ ស្របពេលអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤២ (៧ មករា ១៩៧៩-៧ មករា ២០២១) នោះ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ថ្ងៃ ៧ មករា​ ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ហើយមាន ៧ មករា ១៩៧៩ ទើបមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មានសន្តិភាព និងមានអ្វីៗដូចសព្វថ្ងៃ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា”ស្តីពី «ពីនេះពីនោះពាក់ព័ន្ធកម្ពុជា» នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ថា ៖

១- ថ្ងៃ ៧ មករា ៧៩ = គឺជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រ។

២- ថ្ងៃ ៧ មករា ៧៩ = គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។

៣- មានថ្ងៃ ៧មករា ៧៩ = ទើបមាននយោបាយបង្រួបបង្រួមជាតិ ឈានដល់ចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ៩១ ។

៤- មានថ្ងៃ ២៣ តុលា​៩១ = ទើបមានការបោះឆ្នោតលើកទី១ នាឆ្នាំ៩៣  បើកទំព័រប្រវត្តិសាស្ត្រថ្មីដែលកម្ពុជា ប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

៥- មានថ្ងៃ ៧ មករា ៧៩ = ទើបមាននយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម ត្រូវរលំរលាយទាំងស្រុង នាំមកនូវសន្តិភាពពេញលេញនិងការឯកភាពជាតិនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា រាប់រយឆ្នាំហើយ។

៦- មានសន្តិភាពនៅកម្ពុជា និងការឯកភាពជាតិ = ទើបកម្ពុជា មានឱកាសដើម្បីកសាងនិងអភិវឌ្ឍន៍កម្ពុជា ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនិងទៅអនាគតទៀត។

៧- មានថ្ងៃ ៧ មករា ៧៩ = មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជា មានសន្តិភាព មានការអភិវឌ្ឍ មានការរីកចម្រើន។

៨- មានថ្ងៃ ៧ មករា ៧៩ = កម្ពុជា មានឱកាសធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍អន្តរជាតិ កិត្យានុភាពជាតិកម្ពុជា ត្រូវបានលើកកម្ពស់។

៩-  មានថ្ងៃ ៧ មករា ៧៩ = ទើបមានជីដូនជីតាយើង មានឪពុកម្តាយយើង មានបងប្អូនយើង និងមានយើងថ្ងៃនេះ។

១០- មានថ្ងៃ ៧ មករា = ទើបមានអ្វីៗទាំងអស់នៅថ្ងៃនេះ និងទៅអនាគតទៀត…។

ប៉ុន្តែផ្ទុយពីការលើកឡើងពីគុណសម្បត្តិថ្ងៃ ៧ មករា របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បែរចេញសេចក្ដីថ្លែងការណ៍ ស្នើថា ត្រូវលុបចោលទិវាបុណ្យជាតិ ៧មករា ហើយយកថ្ងៃ២៣ តុលា ជាទិវាបុណ្យជាតិ ជំនួសវិញ។

សេចក្ដីថ្លែងការណ៍ របស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ស្ដីពី «៧ មករា ជាថ្ងៃវៀតណាមឈ្លានពានកម្ពុជា ដែលត្រូវតែលុបចោល ពីទិវាបុណ្យជាតិ» ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយលោកទូច វិបុល ប្រធានប្រតិបត្តិ មានខ្លឹមសារថា “ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចាត់ទុកថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃដែលប្រទេសវៀតណាម លើកកងទ័ពប្រមាណ ២០ម៉ឺននាក់ ចូលឈ្លានពានប្រទេសកម្ពុជា ដោយរំលោភលើច្បាប់អន្តរជាតិ។ សមាគមប្រជាជាតិអាស៊ាន និងអង្គការសហប្រជាជាតិ បានរួមគ្នាថ្កោលទោសការឈ្លានពានរបស់ប្រទេសវៀតណាម ហើយប្រទេសសិង្ហបុរីទំនើបនៅតែបន្តរំឭករឿងនេះ។ 

វៀតណាម កាត់ឆ្វៀលយកកោះត្រល់ និងចង្កោមកោះក្រចកសេះ តាមរយៈកិច្ចព្រមព្រៀងខុសច្បាប់ ស្តីពីដែនទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២។ វៀតណាម រំលោភយកទឹកដីព្រំដែនគោកកម្ពុជា តាមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋខុសច្បាប់ ឆ្នាំ១៩៨៥។ វៀតណាម បញ្ជូននិគមជនរបស់ខ្លួនខុសច្បាប់ ចូលមករស់នៅកម្ពុជា តាមសន្ធិសញ្ញាមិត្តភាពសហប្រតិបត្តិការ ឆ្នាំ១៩៧៩ និងសារចរណែនាំ ឆ្នាំ១៩៨៦។ វៀតណាម ប្រមូលយកធានធានរបស់កម្ពុជា ទាំងធនធានធម្មជាតិ និងធនធានសល់ពីសម័យមុនៗ។ វៀតណាម គ្រប់គ្រងសន្តិសុខជាតិកម្ពុជា និងធ្វើឱ្យផ្ទៃក្នុងជាតិខ្មែរ បែកបាក់ធ្ងន់ធ្ងរ រហូតដល់សព្វថ្ងៃ និងអាចនាំគ្រោះអាសន្នដល់កម្ពុជា ទៅថ្ងៃអនាគត ជាពិសេស ទឹកដីនៃប្រទេសកម្ពុជា ទាំងមូល។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ពិនិត្យឃើញថា ការកំណត់យកថ្ងៃ ៧ មករា ជាថ្ងៃបុណ្យជាតិ គឺជាការសម្រេចឯកតោភាគី របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មិនឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីជាតិ និងឯកភាពជាតិ ពីខ្មែរគ្រប់ភាគីទ្បើយ ហើយគឺជាការលើកតម្កើងនយោបាយឈ្លានពានរបស់វៀតណាម ដែលបំផ្លាញប្រទេសកម្ពុជា»។

សេចក្តីថ្លែងការណ៍ដដែល បន្តថា «ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ថា យើងខ្មែរ ត្រូវតែបញ្ចប់ព្រឹត្តិការណ៍ ថ្ងៃ ៧ មករា ដោយឈរលើស្មារតីឯកភាពជាតិខ្មែរ ដើម្បីបញ្ចប់នូវការខ្វែងគំនិតគ្នាក្នុងចំណោមជាតិខ្មែរតែមួយ។ យើងខ្ញុំប្រកាន់ជំហរថា ថ្ងៃ ៧ មករា នេះ ត្រូវលុបចេញពីទិវាបុណ្យជាតិ ហើយយកថ្ងៃទី២៣ តុលា ជាទិវាបុណ្យជាតិជំនួសវិញ។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាឧបករណ៍ច្បាប់អន្តរជាតិជាធរមាន ដែលបានបញ្ចប់ការឈ្លានពានរបស់ប្រទេសវៀតណាម មកលើប្រទេសកម្ពុជា ហើយបង្រួបបង្រួមគ្រប់ភាគីជម្លោះខ្មែរ ឲ្យចូលរួមបោះឆ្នោតយុត្តិធម៌សកល ឆ្នាំ១៩៩៣ ដែលបង្កើតបានរដ្ឋធម្មនុញ្ញជាតិ តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសន្តិភាពថ្លៃថ្នូរ និងអំណាចសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ប្រទេស។   

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលកម្ពុជា និងសភាជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងតម្កល់តម្លៃជាតិខ្មែរ ជាធំ ដោយប្រកាសមោឃភាពនៃសន្ធិសញ្ញានានាដែលធ្វើទ្បើងអំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ និងសន្ធិសញ្ញាពាក់ព័ន្ធថ្មីៗបន្ថែមទៀត ព្រមទាំងត្រូវលុបចោលទិវាបុណ្យជាតិ ថ្ងៃ ៧ មករា ដោយដាក់ជំនួសមកវិញនូវថ្ងៃ ២៣ តុលា ជាទិវាបុណ្យជាតិ ទើបអាចផ្តល់សច្ចធម៌ប្រវត្តិសាស្ត្រជាតិខ្មែរ បាន“។

បន្ថែមលើសេចក្ដីថ្លែងការណ៍ខាងលើនេះ លោកទូច វិបុល ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ថា ៧ មករា ធ្វើឲ្យផ្ទៃក្នុងជាតិ មានការប្រេះឆាកាន់តែខ្លាំងឡើងៗ ទើបចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ស្នើសុំឲ្យលុបចោល ដើម្បីយកថ្ងៃ ២៣ តុលា ១៩៩១ ដែលជានិមិត្តរូបនៃការបញ្ចប់សង្រ្គាម ជម្លោះរវាងខ្មែរនិងខ្មែរ ជំនួសវិញ។

លោកទូច វិបុល បានមានប្រសាសន៍ថា “បាទ! ប្រាកដណាស់ គឺថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ជាថ្ងៃដែលសហគមន៍ជាតិ អន្តរជាតិ បានមកជួយកម្ពុជា ដើម្បីបញ្ចប់ជម្លោះ ទី១ ការឈ្លានពានពីប្រទេសវៀតណាម មកលើកម្ពុជា និងទី២ បញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ។ ដូច្នេះបើមិនលុបចោលតាមការស្នើសុំរបស់យើងទេ ៧ មករា វាក្លាយទៅជារឿងនយោបាយ ហើយប្រជាពលរដ្ឋខ្មែរ នឹងធ្វើការសម្រេចចិត្ត ប្រសិនបើយើងខ្ញុំជាគណបក្សនយោបាយមួយ ចូលរួមធ្វើកិច្ចការបោះឆ្នោត យើងខ្ញុំនឹងយកបញ្ហាហ្នឹង ដាក់ជូនទៅប្រជាពលរដ្ឋ ឲ្យធ្វើការសម្រេចចិត្តថា តើគួររក្សាទុកថ្ងៃ ៧ មករា ហ្នឹង ឬត្រូវលុបចោល? អ៊ីចឹងសុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ឆ្នោត បោះឆ្នោតគាំទ្រ ឬមិនគាំទ្

បានន័យថា វាជាសិទ្ធិសេរីភាពរបស់អ្នកដែលមាននិន្នាការគាំទ្រគណបក្សប្រជាជន ហើយវាជាការជ្រើសរើសរបស់ពួកគាត់ ជាជម្រើសរបស់ពួកគាត់ អ៊ីចឹងយើងទុកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើការសម្រេចចិត្ត ពីព្រោះថ្ងៃ ៧ មករា ហ្នឹង វាមានភាគីអ្នកដែលមាននិន្នាការគាំទ្រគណបក្សប្រជាជន ឲ្យតម្លៃថា ជាថ្ងៃដឹងគុណប្រទេសវៀតណាម ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមាននិន្នាការសេរីភាពនិយម យើងយល់ឃើញថា ថ្ងៃ៧ មករា គឺជាថ្ងៃដែលយួនចូលឈ្លានពានកម្ពុជា។ អ៊ីចឹងក្នុងសេចក្ដីថ្លែងការណ៍របស់យើង ក្នុងនាមជាអ្នកនយោបាយដើម្បីតម្កល់ស្មារតីជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិតែមួយ យើងយល់ឃើញថា ថ្ងៃ៧ មករា គួរតែលុបចេញពីថ្ងៃបុណ្យជាតិ។

ចំពោះគណបក្សប្រជាជន គាត់ចង់ធ្វើកម្មវិធីគម្រប់ខួប ៧ មករា ហ្នឹង ក៏ជាសិទ្ធិរបស់ពួកគាត់ យើងមិនអាចហាមឃាត់មិនឲ្យពួកគាត់គោរពនៅថ្ងៃ ៧ មករា ហ្នឹងបានទេ ជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្តែមិនត្រូវចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃបុណ្យជាតិឡើយ“។

លោកទូច វិបុល បន្តថា “វាជារឿងមិនគ្រាន់តែសោកស្ដាយនោះទេ តែជារឿងមួយ ដែលរដ្ឋាភិបាលកម្ពុជា និងសភាខ្មែរយើងសព្វថ្ងៃ ដែលដឹកនាំដោយគណបក្សប្រជាជន ហ្នឹង គឺរំលោភទៅលើកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩៣ ធ្ងន់ធ្ងរណាស់ ហើយខ្ញុំយល់ឃើញថា ខាងគណបក្សប្រជាជនកម្ពុជា ត្រូវតែទទួលខុសត្រូវចំពោះការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ហ្នឹង ហើយភារកិច្ចរបស់យើង ត្រូវពន្យល់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត ឲ្យយល់អំពីថ្ងៃ ៧ មករា និងតម្លៃនៃថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ អ៊ីចឹងលោកជាម្ចាស់ឆ្នោត ធ្វើការសម្រេចចិត្ត។

ក្នុងចំណុចនេះដែរ មានអត្ថន័យធំធេងណាស់ បើសិនជាថ្ងៃ ៧ មករា លុបចេញពីបុណ្យជាតិខ្មែរយើង ហើយខ្ញុំយល់ឃើញថា ជាស្មារតីនៃការផ្សះផ្សាជាតិ វានឹងចាប់ផ្ដើមឡើង ហើយភាគីខ្មែរគ្រប់ភាគី គ្រប់និន្នាការ នឹងចាប់ផ្ដើមយោគយល់គ្នា ហើយនិងធ្វើការសហការគ្នា ដើម្បីការពារកម្ពុជា ទៅថ្ងៃអនាគតរួមគ្នា។ ដូច្នេះមិនមានអ្វីទេ ដូចសេចក្ដីថ្លែងការណ៍យើងបានបញ្ជាក់ច្បាស់ហើយ គឺថាយើងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលកម្ពុជា ក៏ដូចជាសភាជាតិ ដែលដឹកនាំដោយគណបក្សប្រជាជន ហ្នឹង នឹងតម្កល់តម្លៃជាតិជាធំ ហើយតម្កល់នូវស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរនិងខ្មែរ ហើយម្យ៉ាងទៀត រឿង ៧ មករា នេះ ការខ្វែងគំនិតគ្នា គួរតែត្រូវបញ្ចប់ទៅ យើងសង្ឃឹមមុតមាំថា ថ្ងៃ៧ មករា នឹងលុបចេញ ហើយនឹងដាក់ចូលជំនួសមកវិញនូវថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ជាទិវាបុណ្យជាតិ“។

ទោះបីជាយ៉ាងណា ជុំវិញការស្នើរបស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឲ្យលុបថ្ងៃ ៧ មករា ពីថ្ងៃបុណ្យជាតិ ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានបញ្ជាក់ថា ថ្ងៃ៧ មករា មិនអាចលុបចេញពីថ្ងៃបុណ្យជាតិបានទេ ព្រោះប្រជារាស្រ្តខ្មែរ បានចងចាំទាំងអស់គ្នានូវថ្ងៃសច្ចធម៌ប្រវត្តិសាស្រ្តនេះហើយការចង់លុបបំបាត់ថ្ងៃ ៧ មករា គឺចង់ឲ្យបំភ្លេច ឬលុបបំបាត់ស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ព្រោះថ្ងៃ៧ មករា ជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ ”នគរធំ” នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ថា “ថ្ងៃ ៧ មករា នេះ វាកើតឡើងតាំងពី ៤២ឆ្នាំមកហើយ ដូច្នេះហើយនិន្នាការដែលចង់ឲ្យលុបចោលនេះ វាអត់អាចទៅរួចដាច់ខាត ព្រោះថ្ងៃ ៧ មករា វាបានដិតជាប់នៅក្នុងអារម្មណ៍និងបេះដូងរបស់ប្រជាជនកម្ពុជា ទូទាំងប្រទេសហើយ ហើយទាំងអ្នកមុន ទាំងអ្នកក្រោយ អ៊ីចឹងអ្នកដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនិងអ្នកដែលកើតជំនាន់ក្រោយថ្ងៃ ៧ មករា នេះ។ ដូច្នេះការដែលចលនានិស្សិតនោះថា ជាថ្ងៃវៀតណាមឈ្លានពានកម្ពុជា នោះ អាហ្នឹងវាគ្រាន់តែជាការស្រមើស្រមៃរបស់គាត់ ដែលតែងតែមានការប្រឆាំង តាំងពី ៧៩ មក“។

លោកសុខ ឥសាន មានប្រសាសន៍បន្តថា “ការកំណត់ថ្ងៃបុណ្យជាតិ បុណ្យអន្តរជាតិ ដែលមានចែងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលហ្នឹង ជាការសម្រេចរបស់រាជរដ្ឋាភិបាលគណបក្សឈ្នះឆ្នោត មិនមែនការសម្រេចរបស់អ្នកចាញ់ឆ្នោត រត់ចោលស្រុកទេ។ ដូច្នេះរឿងសំខាន់ឬមិនសំខាន់ វាអាស្រ័យទៅលើគណបក្សឈ្នះឆ្នោត ដូចខ្ញុំថាខាងដើមអ៊ីចឹង មានថ្ងៃ ៧ មករា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានរដ្ឋធម្មនុញ្ញ មានរបត់នយោបាយថ្មី គឺរបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយមានរបបប្រជាធិបតេយ្យសេរីពហុបក្ស មានការបោះឆ្នោតតាមអាណត្តិដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ហើយដែលកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិ តាមនយោបាយឈ្នះឈ្នះ ហើយការស្ដារនិងកសាងអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនដូចសព្វថ្ងៃ។

អាហ្នឹងមានតែប៉ុណ្ណឹងទេ ត្រង់អ្នកណាឲ្យសារសំខាន់យ៉ាងណា អាហ្នឹងជាការយល់ឃើញរបស់បុគ្គល ឬក្រុមរបស់គេតែប៉ុណ្ណោះ។ ប៉ុន្តែ ៧ មករា នេះជាដើមហេតុ ជាបុព្វបទនៃសច្ចធម៌ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ព្រោះ ៤២ឆ្នាំហើយ ប្រជាពលរដ្ឋ លោកចងចាំ លោកដឹងគុណជានិច្ចចំពោះថ្ងៃដែលជាកំណើតទី២ របស់ខ្លួន ដែលយើងកំណត់ថា ជាសច្ចធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា មិនអាចជនណា ឬក្រុមណា មកលុបបំបាត់បានជាដាច់ខាត។ បានន័យថា ការដែលចលនានិស្សិតនោះ ចង់លុបបំបាត់ គឺចង់បំភ្លេចនូវស្នាដៃគណបក្សប្រជាជន តែប៉ុណ្ណោះទេ គេចង់លុបបំបាត់ស្នាដៃរបស់គណបក្សប្រជាជន ព្រោះថ្ងៃ ៧ មករា ជាស្នាដៃរបស់គណបក្សប្រជាជន»៕ កុលបុត្រ

RELATED ARTICLES