ពេជ្រ សោភា បានត្រឹមជួបមុខសង្សារ តាម Online

0
98

ពេជ្រ សោភា និងសង្សារ លោកឆឹម សក្កដា បានបង្ហាញអារម្មណ៍ខកចិត្តខ្លាំង ដែលកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ទៅដល់ប្រាក់ចំណូលអាជីពសិល្បៈរៀងៗខ្លួននោះទេ ប៉ុន្ដែវាបានធ្វើឲ្យពួកគេមានគម្លាតពីគ្នា លែងហ៊ានកៀកកើយគ្នាដូចមុន បានត្រឹមតែទូរស័ព្ទជាវីដេអូឃើញរូបគ្នាពីចម្ងាយប៉ុណ្ណោះ។

ពេជ្រ សោភា គិតថា គូស្នេហ៍ដទៃទៀតក៏ធ្វើដូចនាងដែរ ព្រោះកាលៈទេសៈនេះ មិនអាចជួបគ្នាដោយសេរីដូចមុនបានឡើយ។ ប៉ុន្តែអ្វីដែលសោភា-សក្កដា ចង់បង្ហាញពេលនេះឲ្យគ្រប់គ្នាបានឃើញនោះថា ចំណងស្នេហារបស់ពួកគេគ្មានភាពប្រែប្រួលទេ មិនដូចពាក្យថា ”ឃ្លាតកាយ ណាយចិត្ត” នោះឡើយ ព្រោះថាពេលនេះចិត្តថ្លើមបេះដូងប្រមាត់របស់ពួកគេ គឺតែមួយ។

ពេជ្រ សោភា បានផ្សារភ្ជាប់ស្នេហ៍ជាមួយតារាសម្ដែងឆឹម សក្កដា កាលពីឆ្នាំ២០១៧ ក្រោយពីនាងបានលែងលះជាមួយអតីតស្វាមី លោកឡៅ ឆលី ដែលជាទាហានអាកាសអាមេរិក ឆ្នាំ២០១៦។

ចំណងស្នេហាថ្មីរបស់សោភា នេះ ធ្លាប់ត្រូវបានគេសង្ស័យថា ”ក្លែងក្លាយ” ដោយពួកគេបង្កើតរឿងនេះឡើង ដើម្បីទាមទារចំណាប់អារម្មណ៍ពីមហាជន។ ប៉ុន្តែទាំងសោភា និងសក្កដា បានប្រកែកដោយអះអាងថា ពេលនេះក្រុមគ្រួសារទាំងសងខាងបានដឹងឮអស់ទៅហើយនៅឡើយ តែពិធីរៀបអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។

អ្វីដែលចម្លែកនៅពេលដែលលោកសក្កដា សុំសោភា រៀបការនៅឆ្នាំ២០២២ ដើម្បីបញ្ចប់រឿងគេថា លោកលេងបិទពួនស្នេហ៍ជាមួយសោភា និងខ្លះសង្ស័យថា លោកស្រលាញ់ភេទដូចគ្នានោះ ស្រាប់តែតារាចម្រៀងហង្សមាស មិនបានផ្ដល់ចម្លើយតបឡើយ។

សោភា បាននិយាយខ្លីថា មូលហេតុដែលនាងមិនឆ្លើយចំពោះសំណើសុំរៀបការនោះ ដោយសារតែនាងខ្លាចខកចិត្តជាលើកទី២ ព្រោះនាងនិងសក្កដា ធ្លាប់ថតឈុតប្រពៃណីត្រៀមរៀបការម្ដងហើយ កាលពីឆ្នាំ២០១៩ តែពេលផ្ទុះកូវីដ-១៩ ក៏ខកខានវិញអីចឹង ម្ដងនេះរៀបការពេលណាពេលហ្នុងចុះ លែងប្រកាសដូចមុនទៀតហើយ៕