ស្រីស្អាតនែប ព្រំរិទ្ធិកា ថាខ្លាចប្រពន្ធខេមរៈ សិរីមន្ដ ប្រចណ្ឌ

0
1294

តារារូបស្រស់នែប ព្រំរិទ្ធិកា ដែលទើបថតMVបទរបស់លោកខេមរៈ សិរីមន្ដ “នឹកបងខ្លះទេ?”ជាការដឹកនាំសម្ដែងដោយអ្នកនាងគួយ ផល្លី ជាភរិយារបស់លោកសិរីមន្ដ ហើយមានឈុតស្វាមីនាងអោបថើបថ្ពាល់នាងរិទ្ធិកា កប់ៗច្រមុះនោះនាំឲ្យមានការលើកឡើងថាភរិយាតារាចម្រៀងល្បីរូបនេះពិតជាពូកែទប់អារម្មណ៍មែនព្រោះស្វាមីថើបស្រីស្អាតនៅចំពោះមុខតែនាងមិនចេះប្រចណ្ឌប្ដីឡើយ។ប៉ុន្ដែមានចម្ងល់ថាតើស្រីក្មេងនែប ព្រំរិទ្ធិកា មានការបារម្ភភ័យខ្លាចអ្នកនាងផល្លី ប្រចណ្ឌនាងដែរឬអត់បើស្រីក្មេងរូបនេះមើលទៅលេងដូចជាដល់ៗជាមួយលោកប៊ុនថៃ ខ្លាំងណាស់។

ក្នុងជំនួបតាមទូរស័ព្ទតារាវ័យក្មេងគូឲ្យក្នក់ក្នាញ់រូបនេះបាននិយាយត្រង់ៗថាការភ័យខ្លាចនោះចេះតែខ្លាចហើយ ហើយពេលថតឈុតនោះបងស្រី(អ្នកនាងផល្លី)ក៍នៅក្បែរនាងដែរតែនាងមិនគិតច្រើននោះទេព្រោះធ្លាប់បានរួមការងារជាមួយលោកខេមរៈ សិរីមន្ដ ច្រើនមកហើយ។រិទ្ធិកា បន្ថែមថាការសម្ដែងត្រូវតែលេងឲ្យដល់ទៅតាមអ្នកដឹកនាំចង់បានហើយនោះគ្រាន់តែជាការងារសិល្បៈគ្មានអ្វីផ្សេងឡើយ។

តារាកូនខ្មែរកាត់ថៃនាងនែប ព្រំរិទ្ធិកា ធ្លាប់បានថតMVបទល្បីៗរបស់លោកខេមរៈ សិរីមន្ដ មានដូចជាបទ”ពេលអូនមានលុយ អូនផ្ទុយគ្រប់យ៉ាង”និង” អយស្ទ័រ”ជាដើមដែលមើលទៅនាងរិទ្ធិកា ពិតជាមានរូបសម្រស់គូរឲ្យទាក់ទាញខ្លាំងណាស់ពិសេសគឺសម្រស់ដើមទ្រួងរហូតមានការសង្ស័យថានាងបានកែពង្រីកសុដន់ទៀតផង

តែស្រីស្រស់ថានោះជាបច្ចេកទេសនៃការស្លៀកពាក់របស់នាងប៉ុណ្ណោះការពិតនាងមិនបានកែច្នៃរផ្នែកណាមួយនៃរាងកាយនោះទេគឺនៅហ្សីនទាំងអស់។រិទ្ធិកា ប្រាប់ដែរថាក្រៅពីថតបទលោកខេមរៈ សិរីមន្ដ នៅហង្សមាសនាងធ្លាប់ថតMVបទលោកណុប បាយ៉ារិទ្ធ ,គង់ ចំរើន និងលោកសុវត្ថិ សិរីវិឌ្ឍ ផងដែរ។ប៉ុន្ដែនាងថាដោយសារតែពេលនេះកូវីដមិនទាន់ស្ងាត់ហេតុនេះហើយនាងមិនទាន់ទទួលការងារសិល្បៈពេញទំហ៊ឹងនោះទេគឺថតតែសកម្មភាពណាខ្លីៗនិងពេលខ្លះថតដោយខ្លួនឯងប៉ុណ្ណោះ។

នែប ព្រំរិទ្ធិកា ធ្លាប់បង្ហាញភាពស្អិតល្មូតជាមួយតារាចម្រៀងរ៉េបលោកផាន់ រ៉ុង រហូតត្រូវគេចាត់ទុកថាពួកគេគឺជាគូសង្សារទៀតផងក្រោយផាន់រ៉ុង ប្រកាសជាសាធារណៈថារិទ្ធិកា  ជាបណ្ដូលចិត្តរបស់លោក។តែភ្លាមៗនោះនាងរិទ្ធិកា បានច្រានចោលដោយថាពេលនេះនាងមិនទាន់មានកំណាន់ចិត្តទេហើយអ្នកណាដែលចង់ស្រលាញ់នាងអាចដាក់ពាក្យមកបាន៕