Thursday, May 2, 2024
Homeព័ត៌មានជាតិទាស់សម្តី ប្រុសចាប់ស្រីអាករ

ទាស់សម្តី ប្រុសចាប់ស្រីអាករ

ភ្នំពេញ ៖ យុវតីជាអ្នកជំងឺកូវីដ-១៩ម្នាក់ ដែលត្រូវជាប្អូនស្រីបង្កើតរបស់កីឡាករប្រដាល់ អ៊ូច ធារិទ្ធ ត្រូវជនដៃដល់ម្នាក់ ដែលជាអ្នក ជំងឺកូវីដ-១៩ដូចគ្នា និងសម្រាកព្យាបាលនៅមណ្ឌលជាមួយគ្នា បានរករឿងឈ្លោះប្រកែក រហូតឈានដល់ការស្ទុះទាញកាំបិត មកចាប់អារក នារីរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

យុវតីរងគ្រោះ ដែលត្រូវជនដៃដល់ចាប់អាករ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះអ៊ូច រាជនី អាយុ១៦ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ កីឡាករប្រដាល់ អ៊ូច ធារិទ្ធ។ ចំណែកជនដៃដល់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងយុវតីរងគ្រោះ និងជនដៃដល់ ស្នាក់នៅព្យាបាលជំងឺកូវីដ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកជាមួយគ្នា និងថែមទាំងស្នាក់នៅគ្រែក្បែរគ្នាទៀតផង។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ មិនដឹងថាមានរឿងអ្វី ស្រាប់តែ ជនដៃដល់ បានរករឿងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយយុវតីរងគ្រោះ បន្ទាប់មក ជនដៃដល់ ក៏ស្ទុះទាញកូនកាំបិត ចាប់យុវតីរងគ្រោះអាករ ទាំងកំរោល បណ្តាលឱ្យយុវតីរងគ្រោះរងរបួសដៃដេរ១០ថ្នេរ ត្រង់កដេរ៦ថ្នេរ តែសំណាងល្អដែលមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

បន្ទាប់ពីកើតមានហេតុការណ៍នេះភ្លាម កម្លាំងសមត្ថកិច្ចដែលយាមប្រចាំការនៅក្នុងមណ្ឌលស្រាប់ ក៏បានចូលមកជួយអន្តរាគមន៍ ដោយចាប់ វាយខ្នោះជនដៃដល់ជាប់។ ចំណែកយុវតីរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យជំនាញ បានធ្វើការព្យាបាល នៅនឹងកន្លែងភ្លាមៗដែរ។

ទទឹមនឹងនេះដែរកីឡាករ អ៊ូច ធារិទ្ធ ដែលត្រូវជាបងប្រុសបង្កើតរបស់យុវតីរងគ្រោះ បានសម្តែងនូវការខូចចិត្តអាណិតអាសូរប្អូនស្រី យ៉ាងក្រៃលែង និងសុំណូមពរដល់សមត្ថកិច្ចជួយរកយុត្តិធម៌ចាត់ការតាមផ្លូវច្បាប់ចំពោះជនដៃដល់ ដែលបានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មមកលើ ប្អូនស្រីរបស់ខ្លួនផង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនដៃដល់ខាងលើ សមត្ថកិច្ចមិនទាន់ហ៊ានឃាត់ខ្លួននៅឡើយ ខណៈដែលជននេះ កំពុងតែព្យាបាលជំងឺកូវីដ-១៩  ដោយត្រូវក្រុមគ្រូពេទ្យដែរប្រចាំកាលនៅក្នុងនោះឃាត់ខ្លួនទុកសិន រង់ចាំជាសះស្បើយពីជំងឺកូវីដ-១៩ ទើប ឃាត់ខ្លួន នាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES