Friday, April 26, 2024
Homeបរិយាយបំភ្លេចអ្នកណា នឹកអ្នកនោះ

បំភ្លេចអ្នកណា នឹកអ្នកនោះ

ដោយ អាចារ្យថាំ

សុភាសិតបារាំង ថា “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹកគិតដល់អ្នកនោះហើយ” (Vouloir oublier quelqu’un c’est y penser) មានខ្លឹមសារចង្អុលបង្ហាញពីការបែកបាក់ ឬសម្អប់ ទោះជានៅឆ្ងាយពីគ្នា ផ្តាច់ការទាក់ទងយ៉ាងណា ក៏នៅតែនឹក គ្នាមិនភ្លេច។ ករណីមន្ត្រី CPP លើកឡើងថា ឈប់នឹកនាដល់ខ្មោច CNRP ប៉ុន្តែថ្ងៃណាក៏ឃើញវ៉ៃបកម៉ាំងទៅម៉ាំងមក គ្មានថ្ងៃអវសាននោះ កំពុងដើរស្របសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងតាមបណ្តាញសង្គមថា “ដោយសារ និយាយមិនដែលត្រូវហ្នឹងហើយ បានជារាជរដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់ស្តាប់ និងឈឺក្បាលនោះ” ប៉ុន្តែតាមការ ឃ្លាំមើល បើពួកប្រឆាំង បង្ហោះសំណេរ ឬសំឡេងចេញ មិនទាន់បាន ៥នាទីផង ក៏មានមន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្រ វាយបក វិញ ឡើងរង្គើហ្វេសប៊ុក។

“បំភ្លេចអ្នកណា នឹកអ្នកនោះ” មិនខុសទេ ឧបមាដូចប្តីប្រពន្ធ ផ្តិតមេដៃលែងលះគ្នា រស់នៅឆ្ងាយពីគ្នា ក៏នៅតែមិន អាចបំភ្លេចគ្នាភ្លាមៗដែរ។ ជួនកាលប្រពន្ធយកប្តីថ្មី ធ្វើឱ្យប្តីដើមនោះ ខឹងសម្បាតាមរករឿង បង្កអំពើហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ដេកគុកក៏មាន។ ស្វាមីភរិយាខ្លះ ដែលលែងលះគ្នា ៥ឆ្នាំ ស្រាប់តែត្រជាក់ចិត្ត ចាប់ដៃគ្នាវិញក៏មាន ព្រោះតែមិនអាច បិទភ្នែកបំភ្លេច អតីតកាលធ្លាប់ល្អូកល្អិននឹងគ្នា កាលនៅជាគូសង្សារ។ ពួកគេស្វែងយល់ចិត្តគ្នា ១ឆ្នាំ ទើបរៀបការ លុះបាន កូន១ ក៏ជួបភាពរកាំរកូស ចែកផ្លូវគ្នាដើរ ប៉ុន្តែកូននោះ បានក្លាយជាស្ពាន ចម្លងឪពុកម្តាយឱ្យដើរឆ្លងទៅចាប់ដៃគ្នាវិញ។

ក្នុងយុទ្ធសាស្ត្រនយោបាយ ក៏ “បំភ្លេចអ្នកណា នឹកអ្នកនោះ” ពោលគឺអតីតគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវ រំលាយចោលទៅហើយ ប៉ុន្តែ “រលាយតែបក្ស ឯមនុស្សមានរលាយឯណា?” គេឃើញលោកសម រង្ស៊ី លោកកឹម សុខា នៅ រស់ជ្រងោ រីឯសហការីពួកគាត់ បែកឆ្វេងបង្កើតបក្សថ្មីនោះតិចតួចណាស់។ តាមការឃ្លាំមើល ឱ្យតែខាងលោកសម រង្ស៊ី បង្ហោះសំណេរ ឬសំឡេងចេញមិនបាន ៥នាទីផង ក៏មានមន្ត្រីរដ្ឋាភិបាល ក៏ដូចអ្នកគាំទ្របក្សកាន់អំណាច វាយបកវិញ ក្លាយជាទម្លាប់ទៅហើយ។ បើសិនជាគេមិននឹកនា តើខំវាយបកបានប្រយោជន៍អ្វី? បើមេប្រឆាំងធំជាងគេនោះ អស់តំណែង អស់ប្រាក់ខែរដ្ឋទៅហើយ?

បើពិចារណាឱ្យហ្មត់ចត់មែនទែនទៅ បក្សកាន់អំណាច អត់សូវខ្វល់ពីគណបក្សរាប់សិប ដែលមានឈ្មោះប្រកួតការ បោះឆ្នោតនោះទេ ជាពិសេស អ្នកនយោបាយបែកឆ្វេងចេញពីអតីត CNRP ទៅបង្កើតបក្សថ្មី ក្នុងនោះមានលោកប៉ុល ហ៊ំម, អ៊ូ ច័ន្ទរ័ត្ន, ជីវ កត្តា, គង់ គាំ, រៀល ខេមរិន្ទ្រ, មុត ចន្ថា, យ៉ែម បុញ្ញប្ញទ្ធិ… នោះទេ តែអ្វីដែលខ្វល់ និងបារម្ភនោះ គឺខ្មោច បក្ស CNRP ដែលមានលោកសម រង្ស៊ី និងលោកកឹម សុខា ជាមេខ្មោច មិនទាន់ចាប់ជាតិ។

រឿងកង្វល់ព្រួយបារម្ភនោះ ស្តែងចេញតាមរយៈការវាយបកហ្នឹងឯង តែបើមន្ត្រី CPP “កុំរវល់ឆ្លើយឆ្លង” ក៏អត់អីដែរ។ ជួនកាលពួកប្រឆាំងខ្លះ កាត់តរូបភាព ដាក់ក្តារមឈូស បំផុសព័ត៌មានបំផ្លើសថា មន្ត្រីនោះស្លាប់ដោយកូវីដ-១៩ ទៅ ហើយ។ ដឹងអី! ស្រាប់តែសាមីខ្លួនចេញមុខបដិសេធ ជេរប្រទេចពួកប្រឆាំង ម៉ាំទៅម៉ាំងមក ដែលចំណុចនេះហើយ វាដើរ ស្របសុភាសិត “បំភ្លេចអ្នកណា នឹកអ្នកនោះ”។

សម័យវិទ្យាសាស្ត្រនេះ គ្មានទេ បុគ្គលលះបង់កិលេសតណ្ហា ឈប់នឹកនាដល់វត្ថុកាម ដូចព្រះសម្មាសម្ពុទ្ធ។ ព្រះសមណ- គោតម បានលះបង់ព្រះអគ្គមហេសី បញ្ចពិធកល្យាណី (ស្រីមានលម្អ ៥យ៉ាង) និងរាជសម្បត្តិមហាសាល ចេញបួស រហូត បានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ ព្រះអង្គអត់ដែលនឹករលឹកអតីតកាលដ៏រុងរឿងនោះទេ។

ផ្ទុយទៅវិញ បុគ្គលបុថុជ្ជន បំភ្លេចអតីតកាល មិនបានជាដាច់ខាត បើគាត់ព្យាយាមបំភ្លេច អ្នកណា ក៏នឹកតែអ្នកនោះ។

ករណីលោកសម រង្ស៊ី ពន្លះ CPP អត់ឈប់ បើសិនជាមន្ត្រី CPP ឆ្លាត កុំរវល់តប ឬ “ថាអីថាទៅ!” អាចធ្វើឱ្យមេប្រឆាំង នោះទាល់ច្រក ព្រោះចាញ់ “ធម៌ខន្តី”។ ប៉ុន្តែបើដូចសព្វថ្ងៃ “ឈ្លោះជាមួយខ្មោច” បែបនេះ អត់បានចំណេញអ្វីទេ។ ស្ថាន-ការណ៍នៅកម្ពុជា មិនដុនដាបដេកដួលដូចអ្វីដែលមេប្រឆាំងលើកឡើងនោះទេ ប៉ុន្តែបើមិនប្រយ័ត្ន អាចដុនដាបមែន ខណៈ ដែលវិបត្តិកូវីដ-១៩ ពន្យារពេលយូរ។

គ្រាន់តែមេប្រឆាំង សម រង្ស៊ី បង្អើលពីរឿងបង្កើត “រដ្ឋាភិបាលបង្រួបបង្រួមជាតិ” ភ្លាម ក៏មានមន្ត្រី CPP ក៏ដូចអ្នក គាំទ្រ នាំគ្នាផ្អើល មិនខុសពី “ទន្សាយផ្អើលផ្លែព្នៅ” ខ្លាចមេឃបាក់សង្កត់។ បើកុំនាំគ្នាផ្អើលក៏អត់អីដែរ ភ្លេចគិតថា តើ មេប្រឆាំងនោះ មានអ្នកគាំទ្រប៉ុន្មាន ល្មមបង្កើតរដ្ឋាភិបាលបាន? ចង់បង្កើតរដ្ឋាភិបាល ត្រូវរកអ្នកនយោបាយកម្រិតបណ្ឌិត បញ្ញវន្តល្បីយ៉ាងតិច ២០ទៅ៣០នាក់ និងមានអ្នកគាំទ្រក្នុងប្រទេសរាប់លាននាក់ ទើបទៅរួច។

បើកុំរវល់ឈឺក្បាល កុំរវល់យកចិត្តទុកដាក់ស្តាប់ ក៏មិនធ្វើឱ្យអារម្មណ៍ច្របូកច្របល់នោះដែរ តែសព្វថ្ងៃ អ្នកឃ្លាំមើល យុទ្ធសាស្ត្រនយោបាយ មើលឃើញថា CPP “ខ្វល់ពីសម រង្ស៊ី ជាងខ្វល់ប៉ុល ហំម, អ៊ូ ច័ន្ទរ័ត្ន…” បក្សប្រជែងឆ្នោតរាប់សិប CPP អត់ខ្វល់ទេ ក៏អាចធ្វើឱ្យគេចាប់ចំណុចខ្សោយបានថា “យកគូប្រជែងខុសទម្ងន់ឱ្យឡើងសង្វៀនប្រដាល់” ដោយព្យាយាម រារាំងកីឡាករមានទម្ងន់ស្មើមិនឱ្យឡើងប្រកួត។

ដូច្នេះ “គេថាអីថាទៅ CPP ធ្វើតែល្អទៅ” កុំរវល់ឈ្លោះជាមួយខ្មោច ជាពិសេសគួរហាមឃាត់អ្នកគាំទ្រ CPP ឈប់ តតាំងច្បាំងពាក្យសម្តីជាមួយពួកប្រឆាំង ដែលប្រើគណនីហ្វេសប៊ុកក្លែងក្លាយ។ បើចេះតែបណ្តែតបណ្តោយឱ្យខ្មែរដូចគ្នា ឈ្លោះគ្នា អត់ឈប់ ផលវិបាកនឹងធ្លាក់ទៅលើបក្សកាន់អំណាច ដែលគ្រប់គ្រងប្រជាពលរដ្ឋជាង ១៦លាននាក់ តែគ្មានសមត្ថភាពរកឯកភាពជាតិ។

ផលវិបាកនៃការវាយបក ឬអាយ៉ៃឆ្លងឆ្លើយ ដូចសព្វថ្ងៃ បានត្រឹមប្រទេសជិតខាងមើលងាយតែប៉ុណ្ណោះ ជួនកាលគេ មើលឃើញចន្លោះប្រហោងនេះ ក៏ឆ្លៀតឱកាសយកចំណេញពីជម្លោះនយោបាយខ្មែរ។

សរុបទៅ “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹកដល់អ្នកនោះហើយ” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់អ្នកនយោបាយយក ទៅអនុវត្ត។ មានន័យថា “ចាស់កុំឈ្លោះនឹងក្មេង មនុស្សកុំឈ្លោះនឹងខ្មោច សង្ឃកុំឈ្លោះនឹងឧបាសក” ព្រោះបានត្រឹមបាត់បង់ កិត្តិយស។ ទោះយ៉ាងណា “នគរធំ” យល់ច្បាស់ណាស់ថា ការដែល CPP នៅតែបារម្ភចំពោះខ្មោច CNRP មកពីដឹងថា ឥទ្ធិពលលោកសម រង្ស៊ី និងលោកកឹម សុខា នៅខ្លាំងគួរសម បើមិនតតាំង ក្រែងលោមេប្រឆាំងនោះ បំផុសចលនាអ្វីមួយ អន្តរាយដល់សន្តិភាព….”៕

RELATED ARTICLES