Friday, April 26, 2024
Homeបរិយាយផែនដីនេះគឺផ្នូរខ្មោច

ផែនដីនេះគឺផ្នូរខ្មោច

ដោយ អាចារ្យថាំ

លោកវង់ ផឿង អ្នកនិពន្ធរឿងប្រលោមលោកផ្នែកស៊ើបអង្កេត ដ៏ល្បីល្បាញក្នុងសម័យសង្គមរាស្ត្រនិយម បានសរសេរ រឿងចារកម្មជាច្រើន ក្នុងនោះមានរឿង “ផែនដីនេះគឺផ្នូរខ្មោច” បោះពុម្ពផ្សាយនៅឆ្នាំ១៩៦៥ ល្បីរន្ទឺរហូតដល់បានទទួល ព្រះរាជរង្វាន់លើកទឹកចិត្តពីសម្តេចព្រះមហាក្សតិយានី ស៊ីសុវត្ថិ កុសុមៈនារីរតន៍ ដែលជាព្រះមាតាសម្តេចព្រះនរោត្តម សីហនុ។ រឿងនោះ អ្នកនិពន្ធចង្អុលបង្ហាញពីគ្រោះថ្នាក់នៃការយកគ្នាជាគូសត្រូវរវាងខ្មែរដូចគ្នា បានត្រឹមស្លាប់ដូចគ្នា។ ខណៈ ដែលអ្នកនយោបាយខ្មែរ ចោទគ្នាទៅវិញទៅមក ពីករណី “ក្បត់ជាតិ” បើគ្មានមធ្យោបាយឯកភាពគ្នាទេនោះ អាចដូចរឿង “ផែនដីនេះគឺផ្នូរខ្មោច” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ លោកសម រង្ស៊ី មេប្រឆាំងដ៏ស្វិតស្វាញ រស់នៅប្រទេសបារាំង បានបង្ហោះសំណេរតាមហ្វេសប៊ុក ថា “យើងត្រូវតែឆ្លៀតឱកាសស្ថានការណ៍អន្តរជាតិអំណោយផល ដើម្បីបង្កើតរដ្ឋាភិបាលរួបរួមជាតិនេះ ក្នុងគោលបំណង រំដោះប្រទេសកម្ពុជា ពីរបបផ្តាច់ការពុករលួយ និងក្បត់ជាតិ ដឹកនាំដោយហ៊ុន សែន សព្វថ្ងៃ” ជាងនេះទៀត លោកសម រង្ស៊ី ក៏បានលាបពណ៌ចោទប្រកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា (CPP) ថា ជាកូនចៅ “សឺង ង៉ុកមិញ ហៅអាចារ្យ មៀន” ជាជនក្បត់ជាតិបម្រើយួនកុម្មុយនីស្ត។

ជាការឆ្លើយតបវិញ និងតែងពន្លះជារឿយៗនោះ លោកសុខ ឥសាន អ្នកនាំពាក្យ CPP បានបង្ហោះសំណេរតាម បណ្តាញសង្គមថា “សម រង្ស៊ី វីរជនខាងក្បត់ជាតិ = បន្តវេនពីឪពុកក្បត់ជាតិរបស់ខ្លួន គឺ សម សារី”។ បន្ថែមពីលើនេះទៀត លោកសុខ ឥសាន បានប្រាប់ “នគរធំ” ថា “អាហ្នឹងវាជាការជាក់ស្តែង ខ្ញុំអត់និយាយបង្កាច់បង្ខូចទេ ហ្នឹងហើយត្រកូលរបស់ ទណ្ឌិតរត់ចោលស្រុកហ្នឹង គឺពីទសវត្សឆ្នាំ ៥០នោះ បានធ្វើសកម្មភាពបម្រើឱ្យបរទេស ក្បត់ជាតិ សាសនា ព្រះមហាក្សត្រ…”។

ក្តាប់បានពីការចោទប្រកាន់ឆ្លងឆ្លើយគ្នានេះ ទោះវាជារឿងដដែលៗ ក៏អាចយល់បានថា អ្នកនយោបាយខ្មែរ គ្រប់និន្នាការ កំពុងយកគ្នាជាខ្មាំងសត្រូវ ដោយមិនទាន់រកគន្លឹះឯកភាពជាតិ។ បើកាលណាខ្មែរយកគ្នាជាគូសត្រូវ អាចដូចវណ្ណកម្មលោក វង់ ផឿង “ផែនដីនេះគឺផ្នូរខ្មោច” បើយើងលើកយកប្រវត្តិសាស្ត្រ មកពិនិត្យឡើងវិញ។

កាលសង្គ្រាម ១៤ឆ្នាំ រវាងស្តេចកន និងព្រះច័ន្ទរាជា ពុះនគរជាពីរចែកគ្នាគ្រប់គ្រង មាន “ហ្លួងខាងលិច ហ្លួងខាងកើត” នោះ ទឹកដីខ្មែរ បានក្លាយជាផ្នូរខ្មោច សម្រាប់កប់ពលសេនាទាំងសងខាង ដែលកាប់ចាក់គ្នាស្លាប់លើសមរភូមិ។ ជាចុងក្រោយ ស្តេចកន ចាញ់សង្គ្រាម ក៏បានយកទឹកដីកម្ពុជា ធ្វើជាផ្នូរសពរបស់ព្រះអង្គគួរឱ្យសង្វេគ។

សង្គ្រាមរវាងរបបលន់ នល់ និងកងទ័ពរំដោះ ដែលក្លាយជាកងទ័ពខ្មែរក្រហម ពីឆ្នាំ១៩៧០-១៩៧៥ ភាគីទាំងសងខាង បានយកទឹកដីខ្មែរ ធ្វើជាផ្នូរខ្មោច ដែលអ្នកស្លាប់រាប់ម៉ឺននាក់ ដោយគ្មានបរទេសណា ឬព្រះឥន្ទ ទេវតាឯណាមកជួយប្រស់ឱ្យ រស់បានឡើយ។ កាលនោះ អង្គការសហប្រជាជាតិ ជួយឃាត់ដែរ កុំឱ្យខ្មែរឈ្លោះគ្នា តែខ្មែរមិនស្តាប់ បានត្រឹមដាក់វេនគ្នា ចូលផ្នូរ សម្រាប់អ្នកក្លាហានលើសមរភូមិ តែបើអ្នកខ្លាច រួចខ្លួន។

របបប៉ុល ពត គ្មានសង្គ្រាមស៊ីវិលទៀតទេ តែរបបព្រៃផ្សៃនេះ បានយកប្រជាពលរដ្ឋខ្មែរ ជាខ្មាំងសត្រូវ បានប្រែក្លាយ ទឹកដីខ្មែរ ជាផ្នូរខ្មោច គ្រប់ភូមិ-ឃុំ។ ផ្នូរសពទាំងនោះ ភាគច្រើនជា “រណ្តៅរួម” កាយលុបៗ គ្មានពូនជាផ្នូរអ្វីទេ ជួនកាល នៅតាមគល់ឈើ គល់ព្រេច របងវត្ត បានក្លាយជាផ្នូរខ្មោច។

ក្រឡេកមើលបច្ចុប្បន្ន ដោយសាររដ្ឋធម្មនុញ្ញ “លុបចោលទោសប្រហារជីវិត” ទើបគ្មានការកាប់សម្លាប់គ្នាផ្នែក នយោបាយ ដោយមិននិយាយពីឃាតកម្ម ឬចោរប្លន់សម្លាប់នោះទេ។ តាមពិត “ផែនដីនេះគឺផ្នូរខ្មោច” វាផ្តើមចេញពី “ជម្លោះនយោបាយ ក្លាយជាសង្គ្រាមឈាមដាបធរណី” មិនមែនរឿងសង្គមនោះទេ។ ចោរប្លន់ ឬឃាតកម្ម វាជារឿងសង្គម ប៉ុន្តែការប្រហារជីវិតអ្នកទោសនយោបាយ ដូចកាលពីជំនាន់សង្គមរាស្ត្រនិយម វាផ្តើមចេញពីនយោបាយ ចោទគ្នាថា “ក្បត់ជាតិ”។

ព្រាប អ៊ិន ជាក្មួយលោកអ៊ិន តាំ មន្ត្រីជាន់ខ្ពស់សម័យនោះ ត្រូវតុលាការសឹក កាត់ទោសបាញ់ចោលនៅភ្នំត្រពាំងក្រឡឹង ដែលឪពុកមាមិនអាចជួយបាន។ សៅ ង៉ុយ ជាអតីតប្រធាននិស្សិត ធ្លាប់ដឹកនាំបាតុកម្ម គាត់រត់ទៅចូលជាមួយសឺង ង៉ុកថាញ់ ក៏ត្រូវតុលាការសឹក ជំនាន់នោះ កាត់ទោសប្រហារជីវិតដែរ។

ពួកតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន កាលនៅកាន់អំណាច ធ្លាប់បានបាញ់កម្ទេចព្រះពុទ្ធប្បដិមាឆ្លាក់ជាប់ជញ្ជាំងភ្នំ មានអាយុជាង ១០០០ឆ្នាំ បានត្រឹមអស់លក្ខណ៍ ចាញ់ពួកបះបោរ។ ឥឡូវអាមេរិក ដកទ័ពចេញពីអាហ្វហ្គានីស្ថាន ស្រាប់តែ កងកម្លាំងតាលីបង់ វាយដណ្តើមអំណាចវិញ ចេះតែរុលចូលមិនប្រយ័ត្ន ចាញ់ល្បិចអាមេរិក បញ្ជូនយន្តហោះមកទម្លាក់ គ្រាប់បែកជួយសម្ព័ន្ធមិត្តរបស់ខ្លួន ដែលធ្វើឱ្យទឹកដីអាហ្វហ្គានីស្ថាន (អតីតរដ្ឋគន្ធារៈ នៃជម្ពូទ្វីប) ក្លាយទៅជាផ្នូរខ្មោចដ៏ អសោចអប្រិយ។

ដូចគ្នានេះដែរ នៅសុខៗ ពួកឧត្តមសេនីយ៍យោធាភូមា ដឹកនាំដោយមិន អុងហ្លាំង បានធ្វើរដ្ឋប្រហារ “ប្តូរសន្តិភាព យក សង្គ្រាម”។ ពួកមេរដ្ឋប្រហារ នាំគ្នា “យកជ័រព្នៅត្បៀតក្លៀក” អង្គការសហប្រជាជាតិ ឃាត់មិនស្តាប់ បណ្តាលឱ្យទឹកដី មីយ៉ាន់ម៉ារ “ក្លាយទៅជាផ្នូរខ្មោច”។

ដូច្នេះយើងឃើញថា ជាតិសាសន៍ខ្មែរ កុំចង់យកគ្នាជាគូសត្រូវ អត់បានចំណេញអ្វីទេ បានត្រឹមយកផែនដី ធ្វើផ្នូរខ្មោច។ ករណីលោកសម រង្ស៊ី មេប្រឆាំងដ៏ស្រួចស្រាល់ ប្រកូកប្រកាសបង្កើត “រដ្ឋាភិបាលរួបរួមជាតិ” ដោយអំពាវនាវពួកប្រឆាំង ក៏ដូចមន្ត្រីបែកឆ្វេង ឱ្យចូលរួមជាមួយគាត់នោះ លុះត្រាតែ CPP ប្រើយុទ្ធសាស្ត្រល្អិតណាស់ ទើបអាចបញ្ចៀស “ផែនដីនេះ គឺផ្នូរខ្មោចបាន”។ មេប្រឆាំង បានប្រាប់ហើយថា “ឆ្លៀតឱកាសស្ថានការណ៍អន្តរជាតិអំណោយផល” គឺគាត់ចង់បំភ័យថា បើចិន និងវៀតណាម មិនជួយធ្វើអន្តរាគមន៍ ដោយសារវិបត្តិកូវីដ-១៩ និងឱនភាពសេដ្ឋកិច្ច ច្បាស់ជា CPP ពិបាកទប់ ចំពោះរដ្ឋាភិបាលឧទ្ទាមរបស់គាត់។

ករណីនេះ បើពិចារណាឱ្យស៊ីជម្រៅមែនទែនទៅ រដ្ឋាភិបាលលោកសម រង្ស៊ី “មានមនុស្សតិចតួចណាស់ ដែលចូលរួម” ខណៈដែលមនុស្សភាគច្រើន ខ្លាចសង្គ្រាម។ ទោះយ៉ាងណា “ភ្លើងកន្ទុយបារី ដែលបោះចោលក្នុងគុម្ពស្បូវស្ងួត” អាចរាលឆេះ ព្រៃទាំងមូល រាប់ពាន់ហិកតារបាន។ មេប្រឆាំងនោះ មិនហ៊ានអើតក្បាលចូលស្រុក ក៏ពិតមែន ប៉ុន្តែសម័យនេះ គេប្រើ ទូរស័ព្ទ និងបណ្តាញសង្គម អាចចេញបញ្ជាពីក្រៅប្រទេសបានយ៉ាងងាយ។ ជាទូទៅ សង្គ្រាមមានច្រើនយ៉ាង ដូចជា “សង្គ្រាម ចិត្តសាស្ត្រ, សង្គ្រាមឈ្លប, សង្គ្រាមផ្ការីក” ជាដើម វាជាហេតុនាំឱ្យមានវិនាសកម្ម ប្រែក្លាយផែនដី ជាផ្នូរខ្មោច។ អ្នកឈ្នះក៏ មានស្លាប់ អ្នកចាញ់ក៏មានស្លាប់ បើបណ្តោយឱ្យមានសង្គ្រាម និងត្រូវចងចាំថា សង្គ្រាមផ្ទុះចេញពីចលនាបះបោរ ពុំមែន រដ្ឋាភិបាលស្របច្បាប់បំផ្ទុះនោះទេ។ ចង់គេចពីសង្គ្រាម លុះត្រាតែបញ្ចប់ជម្លោះនយោបាយ ស្វែងរករូបមន្តឯកភាពជាតិ ទើបធានាថា “ផែនដីនេះ មិនក្លាយជាផ្នូរខ្មោច”។

សរុបទៅ ការរំព្ញកស្នាដៃអ្នកនិពន្ធ វង់ ផឿង នៃរឿងប្រលោមលោកផ្នែកស៊ើបអង្កេត “ផែនដីនេះ គឺផ្នូរខ្មោច” គ្រាន់តែ ចង់បង្ហាញថា បើកាលណាខ្មែរទុកគ្នាជាខ្មាំងសត្រូវ ទឹកដីខ្មែរ នឹងក្លាយជាផ្នូរខ្មោច សម្រាប់កប់អ្នកក្លាហាន តែអ្នកកំសាក រួចខ្លួន ស្របតាមសុភាសិត “ហ៊ានស្បែកដាច ខ្លាចស្បែកជា”។ ហេតុនេះ ជាសំណូមពរ “នគរធំ” សូមស្នើអ្នកនយោបាយ គ្រប់រូប ទាំងស្រប ទាំងប្រឆាំង កុំចូលចិត្ត “លេងល្បែងមរណៈ” ពេក ព្រោះល្បែងនេះ ខ្មែរ ខាតឡុងចុង ទៅចំណេញប្រទេស ជិតខាងឯណោះ….”៕

RELATED ARTICLES