ឥទ្ធិពលមហាអំណាច

0
83

ដោយ អាចារ្យថាំ

សហការីលោកសម រង្ស៊ី បានបង្ហើបថា ករណីលោកសម រង្ស៊ី ចេញទៅ សហរដ្ឋអាមេរិក ញឹក ដើម្បីសុំមន្ត្រីនៃប្រទេសមហាអំណាចនេះ ជួយធ្វើអន្ត-រាគមន៍ឱ្យគាត់ចូលស្រុក មុនការបោះឆ្នោតមកដល់។

ព័ត៌មាននេះ ធ្វើឱ្យប្រជាពលរដ្ឋចង់ដឹងមែនទែន ខណៈដែលពួកប្រឆាំង ចង់ ឱ្យលោកសម រង្ស៊ី បានធ្វើមាតុភូមិនីវត្តន៍ឆាប់ៗ ផ្ទុយពីអ្នកគាំទ្របក្សកាន់អំណាច (CPP) “មិនចង់ឱ្យមករញ៉េរញ៉ៃ របូតកៅអី” ដូចមុន។

ទោះយ៉ាងណា បើសិនជាមហាអំណាច ព្រមព្រៀងគ្នាដោះស្រាយបញ្ហា នយោបាយកម្ពុជា ទោះបីជា “សិទ្ធិកិច្ចការផ្ទៃក្នុង” ក៏យើងពិបាកទប់ទល់ដែរ សម្រាប់អ្នកយល់ដឹងពី “ឥទ្ធិពលមហាអំណាច”។

សព្វថ្ងៃ ករណីលោកសម រង្ស៊ី ព្យាយាមចូលស្រុក និងលោកកឹម សុខា ចង់ រួចពី “នីតិវិធីពន្យារពេលរបស់តុលាការ” ឮតែមន្ត្រី CPP និយាយស្របគ្នាថា “បរទេសគ្មានសិទ្ធិលូកដៃ” អ្វីៗជា “អំណាចតុលាការ” ប៉ុន្តែសម្រាប់អ្នកចេះច្បាប់ ដឹងយ៉ាងប្រាកដនិយមថា តុលាការ នៅក្រោមព្រះរាជសិទ្ធិនៃព្រះមហាក្សត្រ ឬ សិទ្ធិប្រធានាធិបតី សិទ្ធិប្រមុខរដ្ឋ។

សូមរំព្ញកថា កាលពីឆ្នាំ១៩៧០ តុលាការនៃរបប លន់ នល់ បានឃាត់ព្រះកាយ សម្តេចព្រះមហាក្សត្រិយានី សុសុវត្ថិ កុសុមៈនារីរតន៍ និងព្រះរាជវង្សានុវង្ស ឱ្យគង់នៅតែក្នុងវាំង និងមានរាជវង្សខ្លះ ដូចជាព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ ព្រះអង្គម្ចាស់ នរោត្តម នរទីបោ (ណារ៉ាឌីប៉ូ) ត្រូវតុលាការលន់ នល់ កាត់ទោស។

កាលនោះ សម្តេចឪ ព្រះបរមរតនកោដ្ឋ គង់នៅនិរទេសឯទីក្រុងប៉េកាំង ប្រទេសចិន ទ្រង់បានយាងទៅជួបលោកប្រធានម៉ៅ សេទុង និងលោកនាយក-រដ្ឋមន្ត្រី ជូ អេនឡាយ ស្នើសុំឱ្យជួយធ្វើអន្តរាគមន៍ដោះលែងព្រះវររាជមាតា និងព្រះរាជបុត្រ។ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែរបបលន់ នល់ ដោះលែងព្រះ- មហាក្សត្រិយានី និងរាជវង្ស បានឡើងយន្តហោះទៅគង់នៅប្រទេសចិន ដូច បំណង ដែលករណីនេះ សម្តេចឪ ទ្រង់ព្រះលិខិត (សរសេរ) ថា ដោយសារ លោកជូ អេនឡាយ ចរចាជាមួយលោករីឆាដ និកសុន ប្រធានាធិបតីអាមេរិក ទើបអាមេរិក ប្រើ “ឥទ្ធិពលមហាអំណាច” គាបលោកលន់ នល់ ឱ្យដោះលែង រាជវង្ស។

ឥទ្ធិពលមហាអំណាច ដើររំលងពីលើ “សិទ្ធិកិច្ចការផ្ទៃក្នុង” គឺគេមិនជ្រៀត ជ្រែកឱ្យដឹងជាទូទៅនោះទេ តែគេ “ខ្សឹបខ្សុល” ដាក់ត្រចៀក ឱ្យដឹងតែគ្នាពីរបី នាក់។ យើងអត់ដឹងថា នាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ និងប្រធានាធិបតីអាមេរិក រីឆាដ និកសុន និយាយគ្នាថាម៉េចទេ? ស្រាប់តែរបបលន់ នល់ “ត្រង់កន្ទុយ” ធីបសាលក្រមតុលាការ ទុកកៀនជញ្ជាំង។

ដូច្នេះទោះបីបច្ចុប្បន្ន កម្ពុជា ជារដ្ឋអធិបតេយ្យ ដែលអន្តរជាតិ មិនអាច លូកដៃចូលកិច្ចការផ្ទៃក្នុងក៏ដោយ បើសិនជាអាមេរិក និងចិន ស្រុះស្រួលគ្នាលើ បញ្ហាកម្ពុជា គេធ្វើស្ងាត់ៗ មិនឱ្យប៉ះពាល់ដល់ច្បាប់នោះទេ ស្រាប់តែចេញផ្លែផ្កា តែម្តង។

ករណីលោកសម រង្ស៊ី និងលោកកឹម សុខា CPP ប្រកាសរួចហើយថា គ្មាន ការចរចា សម្របសម្រួលជាដាច់ខាត ពីរនាក់ហ្នឹងកុំសង្ឃឹមបានចាប់ដៃគ្នាដឹកនាំ អតីតបក្សប្រឆាំង (CNRP) ឡើងវិញឱ្យសោះ។ ជម្លោះពាក្យសម្តី ជេរគ្នារង្គើ ហ្វេសប៊ុក ចែកនិន្នាការគ្នា ប៉ុន្តែបើសិនជាមហាអំណាច ប្រើឥទ្ធិពលរបស់ខ្លួន ពិត ណាស់ថា “អ្នកនយោបាយជល់កែវគ្នាទៀតហើយ”

ផ្ទុយទៅវិញ ឪក្មេកកាប់កូនប្រសា ម្នាក់ចូលគុក ម្នាក់ចូលពេទ្យ ព្រោះតែ ឪក្មេកបម្រើនយោបាយ CNRP ឯកូនប្រសា បម្រើនយោបាយ CPP។ ដល់អ្នកនយោបាយថ្នាក់លើជល់កែវគ្នា បែកកៅអីចែកកូតា កូនប្រសា និងឪក្មេកនោះ “ចង គំនុំគ្នាមួយជីវិត” ព្រោះតែបត់បែនមិនទាន់របត់នយោបាយ។ រឿងសេះដុះស្នែង រឿងដាំចេក រឿង CPP ចំអកឱ្យមេប្រឆាំងនោះ អ្នកបម្រើនយោបាយប្រឆាំង ជាប់គុកច្រើនណាស់ ចំណែកអ្នកចាប់គេដាក់ខ្នោះ ក៏រងការគុំកួន។ ចុះបើសិនជា មហាអំណាចប្រើឥទ្ធិពល ដូចករណីរបប លន់ នល់ ដោះលែងព្រះវររាជមាតា តើអ្នកឈ្លោះគ្នានោះ ដោះស្រាយយ៉ាងណា?…៕