Friday, April 26, 2024
Homeសេដ្ឋកិច្ចជាតិក្រដាសប្រាក់ ១៥០០០រៀល កម្ពុជា ស្ថាប័នអន្តរជាតិជ្រើសជាធនបត្រថ្មីឆ្នើម

ក្រដាសប្រាក់ ១៥០០០រៀល កម្ពុជា ស្ថាប័នអន្តរជាតិជ្រើសជាធនបត្រថ្មីឆ្នើម

ភ្នំពេញ ៖ ធនបត្រអនុស្សាវរីយ៍ ប្រភេទ ១៥០០០រៀល (មួយម៉ឺនប្រាំពាន់រៀល)  ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យធនាគារជាតិនៃកម្ពុជា បោះពុម្ភ ដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍គម្រប់ ១៥ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance  ជ្រើសរើសជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។

យោងតាមបញ្ជាក់របស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ គោរពរាយការណ៍ជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការសម្រេចផ្តល់ពានរង្វាន់ធនបត្រថ្មីឆ្នើមនេះ គឺដោយសារបច្ចេកទេសនៃការផលិតក្នុងស្រុករបស់ធនាគារជាតិនៃកម្ពុជា មានលក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព ដោយមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យាដែលបានឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនារំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ពិសេសមានបច្ចេកវិទ្យាខ្ពស់ក្នុងការកាពារការក្លែងបន្លំ។

ពានរង្វាន់ប្រភេទនេះ មិនត្រូវបានធ្វើជារៀងរាល់ឆ្នាំទេ គឺធ្វើឡើងនៅពេលដែលមានវត្តមានធនបត្រដែលមានលក្ខណសម្បត្តិស័ក្តិសម ប្រកបដោយគុណភាពនិងបច្ចេកទេសតែប៉ុណ្ណោះ។

ស្ថាប័នអន្តរជាតិ Reconnaisance បង្កើតឡើងតាំងពីឆ្នាំ១៩៨៨ និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរូបិយប័ណ្ណដ៏មានឥទ្ធិពលនៅក្នុងឧស្សាហកម្មធនបត្រសកល ហើយក៏ជាប្រភពនៃព័ត៌មានអន្តរជាតិឈានមុខអំពីបច្ចេកវិទ្យាថ្មីៗនៃការផលិតធនបត្រ សុវត្ថិភាពបែបអុបទិក និងឌីជីថល និងប្រព័ន្ធផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអត្តសញ្ញាណធនបត្រនីមួយៗផងដែរ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានឱ្យដឹងផងដែរថា បន្ទាប់ពីមានការបើកប្រទេស និងការសម្រួលលក្ខខណ្ឌការធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក Antonio Cesario Ricdo  អនុប្រធានក្រុមហ៊ុន Landqart AG នៃប្រទេសស្វីស បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានប្រគល់ពានរង្វាន់ធនបត្រឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ មកធនាគារជាតិនៃកម្ពុជា ក្នុងនាមស្ថាប័នអន្តរជាតិ  Reconnaisance ផងដែរ។

គួរបញ្ជាក់ថា ក្រដាសប្រាក់​ ១៥០០០​រៀល​ (មួយម៉ឺនប្រាំពាន់រៀល) ត្រូវ​បាន​បោះផ្សាយ​ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ១៥​ ព្រះ​វស្សា​ នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរីរាជ្យសម្បត្តិ​នៃ​ព្រះករុណាជា​អ​ម្ចាស់ជីវិត​លើ​ត្បូង​ ព្រះបាទសម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​រូបភាព​វិមាន​ឈ្នះ​-​ឈ្នះ​ ត្រូវ​បាន​រំលេច​ឡើង​នៅ​លើ​ក្រដាសប្រាក់​ប្រភេទ​ ១៥០០០រៀល​ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​សារសំខាន់​និង​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​ខ្មែរ ​និង​ប្រទេស​ជាតិ​ទាំងមូល​ ដែល​កម្ពុជា ​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ​របស់​សម្តេចហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ លើស​ពី​នេះ​ ក្រដាសប្រាក់​ប្រភេទ​ ១៥០០០រៀល​ ក៏​រំលេច​នូវ​រូបចម្លាក់​ដំរី​ក្បាល​បី ​មាន​ស្លាប​-​គ្រុឌ​-​ហង្ស​ ដែល​មាននៅ​ជ្រុង​ទាំង​បួន​នៃ​ខឿន​វិមាន​ឈ្នះ​-​ឈ្នះ​ ដែល​ជា​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ និង​បង្ហាញ​ពី​អានុភាព​របស់​កម្ពុជា​ផងដែរ៕ ខៀវទុំ

RELATED ARTICLES